ការបោះឆ្នោត​ក្រុមប្រឹក្សា​ស្រុក​នៅ​ទីក្រុង​ហុងកុង ​កាលពី​ថ្ងៃទី ​១១ ​ខែធ្នូ ឆ្នាំ​ ២០២៣ មាន​អត្រា​អ្នក​ទៅ​ចូលរួម​បោះឆ្នោត​ទាប​បំផុត ពោលគឺ​ត្រឹមតែ ២៧,៥% ប៉ុណ្ណោះ​។

អត្រា​អ្នក​ទៅ​បោះ​​ឆ្នោត​ដ៏​ទាប​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​គេ​មើលឃើញថា​ដោយសារ​ការរារាំង​ក្រុម​អ្នកប្រជាធិបតេយ្យ​របស់​គណបក្សប្រឆាំង មិនឱ្យ​ឈរឈ្មោះ​បោះឆ្នោត ក្រោម​ហេតុផល​ព្រួយបារម្ភ​អំពី​បញ្ហា​សន្តិសុខ​ជាតិ​។​

​ការថយចុះ​នៃ​ការចូលរួម​របស់​អ្នក​បោះឆ្នោត​នេះ បានកើត​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានដាក់​ចេញ​ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​ដ៏​តឹងរ៉ឹង និង​បាន​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ដើម្បី​រារាំង​អ្នកប្រជាធិបតេយ្យ និង​បុគ្គល​សេរីនិយម​ផ្សេងទៀត​មិនឱ្យ​ចូលរួម​។ ការណ៍​នេះ​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​មិនសូវមាន​ឆន្ទៈ​ក្នុង​ការចូលរួម​បោះ​ឆ្នោត​ឡើយ​។​


​លោក ឡេ​ម៉ុ​ន វ៉ុ​ង (Lemon Wong)​ ដែលជា​អ្នកប្រជាធិបតេយ្យ និង​ដែល​នៅ​បន្ត​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ក្នុងស្រុក​បានលើកឡើង​ថា​៖«​ប្រជាជន​កំពុងមាន​អារម្មណ៍​ថា​ការបោះឆ្នោត​នេះ​គឺ​គ្មាន​ន័យ​និង​គ្មាន​សារៈសំខាន់​អ្វី​ទាំងអស់​។ សូម្បីតែ​អ្នកគាំទ្រ​គណបក្សកាន់អំណាច ក៏បាន​ចោទសួរ​ដែរ​ថា តើ​ហេតុអ្វី​ពួកគេ​ចាំបាច់​ទៅ​បោះឆ្នោត ព្រោះ​នៅ​ទីបំផុត លទ្ធផល​នៃ​ការបោះឆ្នោត​មិនមាន​ការ​​ប្រែប្រួល​អ្វី​សោះឡើយ​»​។​

​នៅ​ឆ្នាំ​ ១៩៩៩ អ្នក​ទៅ​បោះឆ្នោត​នៅ​ហុងកុង​មាន​ចំនួន ៣៥,៨% ដែលជា​កម្រិត​ទាប​បំផុត​ដែល​បាន​កត់ត្រា​នៅពេលនោះ​។ យ៉ាងណាក៏ដោយ ក្នុងអំឡុងពេល​បោះឆ្នោត​ចុងក្រោយ​កាលពី ៤​ ឆ្នាំមុន ដែល​បាន​ប្រព្រឹត្តទៅ​ក្នុងអំឡុងពេល​នៃ​បាតុកម្ម​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ មាន​អ្នក​ទៅ​ចូលរួម​យ៉ាងច្រើន​រហូត​ដល់​ទៅ ៧១% ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បានឈ្នះ​ការបោះឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី​។


​ការបោះឆ្នោត​នៅ​ឆ្នាំនេះ ចំនួន​អាសនៈ​ជាប់ឆ្នោត​ដោយផ្ទាល់​ត្រូវបាន​កាត់​​បន្ថយ​រហូតដល់​ទៅជិត​ ៨០%​។ បេ​ក្ខ​ជន​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​ប្រវត្តិ​ផ្នែក​សន្តិសុខ​ជាតិ និង​ត្រូវ​ទទួលបាន​ការតែងតាំង​ពី​គណៈកម្មាធិការ​ចំនួន​ ២ ​ដែលមាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​។

ការណ៍​នេះ បានធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​ក្រុម​មិន​ចំណុះ​គណបក្ស​រួមទាំង​ក្រុម​អព្យាក្រឹត ហើយ​សូម្បីតែ​បុគ្គល​មួយចំនួន​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏​ពិបាក​ក្នុង​ការដែល​អាច​ឈរឈ្មោះ​បោះឆ្នោត​ដែរ​។​

​ក្នុងអំឡុងពេល​ដំណើរការ​បោះឆ្នោត បញ្ហា​បច្ចេកទេស​បានកើត​ឡើង បណ្ដាលឱ្យមាន​ការផ្លាស់​ប្តូរ​ទៅរក​ការបោះឆ្នោត​ដោយ​ដៃ​និង​ពន្យារពេល​បោះឆ្នោត​៕​