សន្និបាត​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេចចិត្ត​ថ្មី​មួយ​ទាមទារ​ឱ្យមាន​បទ​ឈប់​បាញ់​មនុស្សធម៌​ជាបន្ទាន់​នៅ​តំបន់​ហ្គា​ហ្សា ចំពេល​ដែលមាន​របាយ​ការណ៍​ដែលថា អ៊ីស្រាអែល​បានចាប់ផ្តើម​បូមទឹក​ព​ន្លិ​ក​រូង​ក្រោម​ដី​ដែល​ប្រើប្រាស់​ដោយ​ក្រោម​ហា​ម៉ាស់​ក្នុង​សង្គ្រាម​លើក​នេះ។

បន្ទាប់ពី​ការព្រមាន​យ៉ាង​ខ្លាំង​ពី​សំណាក់​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​អំពី​វិបត្តិ​មនុស្សធម៌​កាន់តែ​ស៊ី​ជម្រៅ​នៅ​ហ្គា​ហ្សា មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែលមាន​សមាជិក​ចំនួន ១៩៣ កាលពី​ថ្ងៃទី ១២ ខែធ្នូ បានអនុម័ត​ដំណោះស្រាយ​មួយ​ដោយ​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់។

សមាជិក​អង្គការ​សហប្រជាជាតិ បី​ភាគ​បួន​នៃ​រដ្ឋ​ជា​សមាជិក​ទាំង​អស់​១៩៣​ប្រទេស​​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​នោះ។​


យោងតាម​ទីភ្នាក់​ងារ​ព័ត៌មាន​រ៉យទ័រ ​ប្រទេស​អ៊ីស្រាអែល​ប្រឈមមុខ​នឹង​ភាព​ឯកោ​ខាង​ការទូត​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម​ហា​ម៉ាស់ ដែល​បាន​ផ្តើម​សង្គ្រាម​ដំបូង​កាល​ពីថ្ងៃទី​៧ខែ​តុលា​ ដោយ​បាន​សម្លាប់​មនុស្ស​​១២០០​នាក់​ និង​ចាប់ចំណាប់ខ្មាំង ​២៤០​ នាក់។ 

ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិន (Joe Biden) ក៏បាន​ប្រាប់​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ស្អិត​រមួត​របស់ខ្លួន​ថា ការទម្លាក់​គ្រាប់បែក «មិន​បែង​ចែក»​លើ​ជន​ស៊ីវិល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការគាំទ្រ​អន្តរជាតិ។


យោង​តាមការ​ដក់​ស្រង់​របស់​រ៉យទ័រ មេដឹកនាំ​នៃ​ប្រទេស​កាណាដា អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​បាន​និយាយ​ដោយឡែក​ពីគ្នា​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួមមួយ​ដោយ​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​គ្នា​ថា "តម្លៃ​នៃ​ការ​កម្ចាត់​ក្រុម​ហា​ម៉ាស់​មិនអាច​ជាការ​ឈឺចាប់​បន្ត​របស់​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ទាំងអស់​នោះទេ»។

សារព័តមាន​អាមេរិក The Wall Street Journal បាន​រាយការណ៍​ថា យោធា​អ៊ីស្រាអែល​​បានចាប់​ផ្តើម​បូម​ទឹក​សមុទ្រ​ចូល​ទៅ​ក្នុងរូង​ក្រោម​ដី​ដែល​ប្រើប្រាស់​ដោយ​ក្រុម​ហាម៉ាស់។ រូង​ក្រោម​ដី​នោះ​ហើយ ដែល​ត្រូវបាន​គេ​ជឿ​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ប្រើប្រាស់​ដើម្បី​លាក់​ទុក​ចំណាប់ខ្មាំង​ដែលខ្លួន​ចាប់​យក​ទៅ​កាល​ពីថ្ងៃទី​៧ខែ​តុលា។​

ក្រោម​កិច្ច​ព្រម​ព្រៀង​ដោះដូរ​អ្នក​ទោស​និង​ចំណាប់ខ្មាំង​កាល​ពីចុង​ខែ​វិច្ឆិកា​ ចំណាប់ខ្មាំង​ប្រមាណ​១០០​នាក់​​ត្រូវ​បាន​ដោះលែង​ក្រោម​បទឈប់បាញ់​ចំនួន​ ៤ ថ្ងៃ​ និង​ពង្រីក​២ថ្ងៃ បន្ថែម​ សរុប​ ៦ ថ្ងៃ ដែល​បញ្ចប់​កាល​ពីថ្ងៃទី​១ខែធ្នូ​៕​

តំណាង​អចិន្ត្រៃយ៍​​​នៃ​ប្រទេសអ៊ីស្រាអែល ប្រចាំ​អង្គការសហប្រជាជាតិ​ លោក Gilad Erdan លើក​បង្ហាញ​​​ព័ត៌មាន​អំឡុង​ពេល​និយាយ​ក្នុង​សន្និបាត​អង្គការ​សហប្រជាជាតិ​ថ្ងៃទី​១២ធ្នូ។AFP