អង្គការ​សហប្រជាជាតិ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​ ១២​ ខែ​ធ្នូ​ ថា​ មនុស្ស​ចំនួន​ ៤៩,៥ លាន​នាក់នៅ​អាហ្វ្រិក​ខាង​លិច​ និង​​អាហ្វ្រិក​កណ្ដាល​​ នឹង​ប្រឈម​​ភាព​អត់​ឃ្លាន​​នា​​ឆ្នាំ​ក្រោយ​ ដោយ​សារ​តែ​កត្តា​រួម​​បញ្ចូ​ល​គ្នា​​ជាច្រើន​ រួម​មាន ​ជម្លោះ ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ និង​តម្លៃ​អាហារ​ខ្ពស់​​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​។

​​​របាយការណ៍​វិភាគ​សន្តិសុខ​ស្បៀងរបស់​​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​របស់​អង្គការសហ​ប្រជាជាតិ​ (WFP) ​រួម​គ្នា​ជា​​មួយ​ភ្នាក់ងារ​មនុស្ស​ធម៌​ផ្សេងៗ​​ទៀត បាន​បង្ហាញ​ថា​ តួ​លេ​ខ​នេះ​ មាន​ការ​កើន​ឡើង​ខ្ពស់​ជាងតួលេខ​​​ឆ្នាំ​ ២០២៣ រហូត​ដល់​ ៤ភាគ​រយ​។  

នៅ​ក្នុង​បណ្ដា​ប្រទេស​​អាហ្វ្រិក​ខាង​លិច​ មាន​មនុស្ស​ប្រមាណ​ ៦,២ លាន​នាក់​ រំពឹង​នឹង​ប្រឈម​នឹង​ភាព​អត់​ឃ្លាន​ធ្ងន់​ធ្ងរ​នៅ​ឆ្នាំ​​២០២៤ ដែល​ជា​ការ​កើន​ឡើង​ ១៦​ភាគ​រយ​ធៀប​​នឹង​ឆ្នាំ​ ២០២៣។  


លោក​ស្រី​ ​Margot Vandervelden ​នាយិកា​ប្រចាំ​តំបន់​របស់​ WFP ​នៅ​​អាហ្វ្រិក​ខាង​លិច​ បាន​និយាយ​ថា​​៖«​ភាព​អត់​ឃ្លាន​ធ្ងន់​ធ្ងរ​នៅ​​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​​​ក្នុង​តំបន់​នៅ​ឡើយ ​ប៉ុន្តែ​ការ​ផ្តល់​មូលនិធិ​ដែល​ត្រូវ​ការ​ដើម្បី​ឆ្លើយ​តប​ គឺ​មិន​​គ្រប់​គ្រាន់​នោះ​ទេ​»។ ​

លោក​​ស្រី​ បាន​និយាយ​ថា​​៖«​ការ​ផ្តល់​មូលនិធិ​មិន​គ្រប់​គ្រាន់​ មាន​ន័យ​ថា​ អ្នក​ស្រេក​ឃ្លាន​កម្រិត​មធ្យម​​​នឹង​​បង្ខំ​ចិត្ត​មិន​បរិភោគ​​​អាហារ​ ហើយ​ទទួល​ទាន​អាហារ​ដែល​មិន​សូវ​មាន​ជីវជាតិ​ ដែល​ធ្វើ​ឱ្យ​​ពួក​គេ​ប្រឈម​នឹ​ង​ហានិភ័យ​នៃ​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​​ដំណាក់​កាល​វិបត្តិ​ ឬ​ដំណាក់កាល​សង្គ្រោះ​បន្ទាន់​ ​ហើយ​ធ្វើ​ឱ្យ​​វដ្ត​នៃ​ភា​ព​អត់​ឃ្លាន​ និង​កង្វះ​អាហា​រូបត្ថម្ភចេះ​តែ​បន្ត​ទៅ​មុខ​ទៀត​​»​។ 


របាយការណ៍​វិភាគ​បាន​រក​ឃើញ​ថា​ ​២ក្នុង​ចំណោម​ ៣គ្រួសារ​​​នៅ​​​អាហ្វ្រិក​​ខាង​​លិច​ និង​​កណ្តាល​​ មិន​​អាច​​មាន​​លទ្ធភាព​​ទទួល​​បាន​​របប​​អាហារ​ ​ដែល​​​ល្អ​សម្រាប់​​​សុខភាព​នោះ​ទេ​។ 

​របាយការណ៍​បន្ត​ថា​ ​របប​អាហារប្រចាំ​ថ្ងៃ​​ដែល​មាន​ជីវជាតិ​ នៅ​ក្នុង​បណ្តា​ប្រទេស​នៃ​តំបន់​សាហែល​​ភាគ​កណ្ដាល​ រួម​មាន​ ប្រទេស​ បួរគីណាហ្វាសូ​ ម៉ាលី​ និង​នីហ្សេ​  មាន​តម្លៃ​ខ្ពស់ជាង​​ប្រាក់​ឈ្នួល​​អប្បបរមា​ប្រចាំ​ថ្ងៃ​របស់​តំបន់​រហូត​ដល់​ទៅ​ ១១០ភាគរយ​។ ​

បច្ចុប្បន្ន​​ បណ្ដា​ប្រទេស​តំបន់​សាហែល​អាហ្វ្រិក​​ ​កំពុង​ប្រឈម​មុខ​នឹង​ការ​បះ​បោរ​របស់​រដ្ឋ​អ៊ិស្លាម​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​​ប្រហែល​ ៤លាន​នាក់​ជម្លៀស​ចេញ​ពី​ផ្ទះ​​​ និង​​កសិដ្ឋាន​របស់​ពួក​គេ​។

សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​​កុងហ្គោ​ឯណោះ​វិញ​ ​​ក៏​​មាន​​ជម្លោះ​​ជា​​បន្ត​បន្ទាប់​​ជា​ច្រើន​​ ដែល​​ធ្វើ​ឱ្យ​មនុស្ស​ ៧ លាន​នាក់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​​ខ្លួន​ផង​ដែរ​។ ​

​វិបត្តិ​នៅ​តំបន់​ហាហែល​ បាន​​រុញ​ច្រាន​ប្រជាជន​ឱ្យ​ស្វែង​រក​ការ​ជ្រក​កោន​នៅ​ប្រទេស​ជិត​ខាង​តាម​តំបន់​ឆ្នេរ​​នៃ​អាហ្វ្រិក​ខាង​លិច​ ដូច​ជា​ប្រទេស​កូដឌីវ័រ​ តូហ្គូ​ និង​​ហ្គាណា​ ដែល​កំពុង​តែ​​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សេ​ដ្ឋកិ​ច្ច​ដ៏​អាក្រក់​បំផុត​រួច​ទៅ​ហើយ​។

​ទីប្រឹក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​របស់​ WFP​ ​លោក ​Ollo Sib ​បាន​និយាយ​ថា​​៖«​ស្ទើរ​តែ​៨០ ​ភាគ​រយ​នៃ​ប្រជាជន​ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​​ផ្នែក​ស្បៀង​ ​​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជម្លោះ​»​។

លោកបាន​​ព្រមាន​ថា​ ​​បើ​​គ្មាន​​កា​រ​​អន្តរាគមន៍​​​ទេ​ ស្ថានការណ៍​​អាច​​នឹង​​កាន់​តែ​​យ៉ាប់​យ៉ឺន​​បន្ថែម​​ទៀត​​ក្នុង​​តំបន់​​មួយ​​ចំនួន​ ដោយ​សារ​​មនុស្ស​​ជាង​ ២,៦ ​លាន​​នា​ក់​រួច​ទៅ​ហើយ​ ​កំពុង​​ប្រឈម​​មុខ​នឹង​​គ្រោះ​​ទុរ្ភិក្ស​ស្រាប់ទៅហើយ​៕