ទីក្រុង​ប៉េកាំង​បាន​និយាយ​នៅ​ថ្ងៃទី ១៣​ ខែធ្នូ​ថា​ គណៈកម្មាធិការ​មក​ពីគណបក្ស​ទាំងពីររបស់​សហរដ្ឋអាមេរិក​ដែល​បានផ្តល់​អនុសាសន៍​វិធីសាស្ត្រ​កាន់តែ​​គឃ្លើន​​ក្នុងការ​ដោះស្រាយ​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន​គឺ «ពោរពេញ​ទៅដោយ​ការរើសអើង​និង​អរិភាព» ដោយ​ចោទប្រកាន់​គណៈកម្មាធិការ​នោះ​ពី​ការ​លាប​ពណ៌​និង​ការវាយប្រហារ។

គណៈកម្មាធិការ​តែងតាំង​ដោយ​សភា​​លើ​បក្សកុម្មុយនិស្ត​ចិន (CCP) កាលពី​ថ្ងៃទី១២​ខែធ្នូ បាន​អំពាវនាវ​ឱ្យ«កំណត់​ឡើងវិញ» នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​ទីក្រុង​ប៉េកាំង រួមទាំង​ការផ្លាស់ប្តូរ​ប្រទេស​ចិន​ពី​ចំណាត់ថ្នាក់​ពន្ធ​បច្ចុប្បន្ន​របស់ខ្លួន ដើម្បី​ធានាថា​ប្រទេស​នេះ​គោរព​តាម​ការប្តេជ្ញា​ពាណិជ្ជកម្ម​របស់ខ្លួន។

ខណៈពេលដែល​អនុសាសន៍​ជាច្រើន​អាច​នឹង​មិនត្រូវ​បានអនុម័តភ្លាមៗដោយ​សមាជិកសភា សំណើ​ទាំង​អស់​នោះ​​អាច​នាំឱ្យ​មានច្បាប់​​ចេញ​ពី​​សមាជិក​សភា​មក​ពី​គណបក្ស​ទាំងពីរ​​នាពេល​អនាគត។


ប្រទេស​ចិន​បាន​ថ្កោលទោស​គណៈកម្មាធិការ​កា​លពី​ថ្ងៃទី១៣ខែធ្នូ​ថា «ឧទ្ទិស​ដល់​ការវាយប្រហារ​និង​លាប​ពណ៌​ចិន»។

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Mao Ning បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖​«វា​ពោរពេញ​ទៅដោយ​ការរើសអើង និង​អរិភាព ហើយ​អាច​និយាយបានថា​មិន​សម​ហេតុផល​ទាល់​តែ​សោះ»។


«សហរដ្ឋអាមេរិក​គួរតែ​គោរព​ដោយស្មោះ​អស់ពី​ចិត្ត​នូវ​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ និង​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន-អាមេរិក ជាជាង​​ធ្វើ​រឿង​ផ្ទុយ​ពីនេះ»។

របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​នេះ​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ខែវិច្ឆិកា​រវាង​ប្រធានាធិបតី​អាមេរិក ចូ បៃដិន (Joe Biden) និង​សម​ភាគី​ចិន​លោក ស៊ី ជីន​ភីង (Xi Jinping) ដែល​​មើល​ឃើញ​​ភាគី​ទាំងពីរ​ស្តារ​ទំនាក់ទំនង​យោធា​ឡើងវិញ និង​យល់ព្រម​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ។

ប៉ុន្តែ​គណៈកម្មាធិការ​បានស្នើ​ឱ្យ​មានការ​សាកល្បង​តឹងរ៉ឹង​​នៃ​ធនាគារ​អាមេរិក​ដើម្បី​កំណត់ «សមត្ថភាព​របស់​ពួកគេ​ក្នុងការ​ទប់ទល់​នឹង​ការបាត់បង់​ទីផ្សារភ្លាមៗដែល​អាចមាន» ទៅកាន់​ប្រទេស​ចិន ក្នុងករណី​មាន​ជម្លោះ​ដែល​អាច​កើតមាន​ពាក់ព័ន្ធ​នឹង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​របស់​ពិភពលោក៕