អាជ្ញាធរ​ថៃ​បាន​និយាយថា ខ្លួន​បាន​រឹបអូស​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​ ៥០​ លាន​គ្រាប់​នៅ​ជិត​ព្រំដែន​ជាប់​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​អង្គារ​ ដែលជា​កំណត់​​ត្រា​រឹបអូស​គ្រឿងញៀន​ដ៏​ធំ​បំផុត​នៅ​ថៃ​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។​

​ប៉ូលិស​ថៃ​និយាយថា គ្រាប់​ថ្នាំ​ទាំងអស់​ត្រូវបាន​គេ​ច្រក​បាវ​ដឹក​ឡាន មុនពេល​មន្ត្រីប៉ូលិស និង​ទាហាន​ថៃ​ស្ទាក់ចាប់​កាលពី​ថ្ងៃ​អង្គារ នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​ក្នុង​ខេត្ត​ភាគ​ខាងលិច​ Kanchanaburi​។ ប៉ូលិស​បន្ថែមថា បុរស​និង​ស្ត្រី​ដែល​បើកឡាន​នោះ ត្រូវបាន​ចាប់ខ្លួន​។​

​ជុំវិញ​បញ្ហា​នេះ អ្នកតំណាង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ពី​កា​រិ​យា​ល័យ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម លោក Jeremy Douglas បាន​និយាយប្រាប់​រ៉​យ​ទ័​រថា ការ​រឹបអូស​មេ​តំ​ហ្វេ​តា​មីន របស់​អាជ្ញាធរ​ថៃ​នាពេលនេះ ជាប់​ក្នុង​កំណត់ត្រា​រឹបអូស​គ្រឿងញៀន​ដ៏​ធំ​បំផុត​ទី​ ២​ នៅ​អាស៊ី ពោលគឺ​ធំ​បំផុត​បន្ទាប់ពី​ការ​រឹបអូស​គ្រឿងញៀន​ប្រភេទ​ដូចគ្នា ៥៥ ​លាន​គ្រាប់​នៅក្នុង​ប្រទេស​ឡាវ នៅ​ជិត​តំបន់ត្រីកោណមាស​។​


​លោក Douglas អះអាងថា ក្រុម​ឧក្រិដ្ឋកម្ម​អាស៊ី ធ្វើការ​ជាមួយ​កងជីវពល​ប្រដាប់អាវុធ​ជនជាតិភាគតិច​មី​យ៉ាន់​ម៉ា ដើម្បី​រត់ពន្ធ​មេ​តំ​ហ្វេ​តា​មីន​ដែល​ផលិត​នៅ​រដ្ឋ Shan មី​យ៉ាន់​ម៉ា ឆ្ពោះទៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នេះ​។ លោក​បន្ថែមថា បណ្តាញ​ចែកចាយ បាន​ទៅដល់​រហូតដល់​ប្រទេស​ជប៉ុន និង​នូ​វែ​ល​សេ​ឡង់​។​

​មន្ត្រី UN ដដែល​បន្តទៀតថា ភាពចលាចល​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​រដ្ឋប្រហារ​ខែកុម្ភៈ ឆ្នាំ​ ២០២១ ​មក ក៏បាន​អនុញ្ញាត​ឱ្យមាន​ការកើនឡើង​នៃ​ការដឹកជញ្ជូន ចែកចាយ និង​ពង្រីក​ផ្លូវ និង​ប្រតិបត្តិការ​របស់​ពួកគេ​ផងដែរ​៕​