​ខណៈ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន រំកិល​ទៅរក​រយៈពេល ​២ ​ឆ្នាំ​ក្នុង​ ២ ​ខែ​ខាងមុខ សហរដ្ឋអាមេរិក​ដែលជា​អ្នក​នៅ​ពីក្រោយ​អ៊ុយ​ក្រែ​ន​បាន​បញ្ចេញ​របាយការណ៍​ស៊ើប​ការណ៍​សម្ងាត់​មួយ​ដែល​មិនបាន​ចាត់ថ្នាក់ ដោយបាន​វាយ​​តម្លៃ​ថា សង្គ្រាម​អ៊ុយ​ក្រែ​ន​បានធ្វើឱ្យ​ទាហាន​រុស្ស៊ី​ស្លាប់ និង​របួស​ចំនួន​ ៣១៥០០០​ នាក់ ឬ​ជិត​ ៩០ ​ភាគរយ​នៃ​ចំនួន​កង​​ទ័ព​ដែល​រុស្ស៊ី​មាននៅ​ពេល​ជម្លោះ​បានចាប់ផ្តើម​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​ដកស្រង់​ការអះអាង​របស់​ប្រភព​ដែល​ដឹង​ពី​កិច្ចការ​ចារកម្ម​បាន​និយាយ​នៅ​ថ្ងៃទី​ ១២ ​ខែធ្នូ ដោយ​អះអាងថា​របាយការណ៍​ក៏បាន​វាយតម្លៃ​ផងដែរ​ថា ការ​​ខាតបង់​របស់​ទីក្រុង​ម៉ូស្គូ​ក្នុង​ផ្នែក​កងកម្លាំង​ប្រយុទ្ធ​និង​រថ​​ពាស​ដែក​ដល់​យោធា​អ៊ុយ​ក្រែ​ន​ដោយ​ធ្វើឱ្យ​ធ្លាក់​ថយក្រោយ​នូវ​សមត្ថភាព​យោធា​របស់​រុស្ស៊ី​ក្នុង​រយៈពេល ​១៨​ ឆ្នាំ​។​

​រ៉​យ​ទ័​រ​ក៏បាន​សាកសួរ​ការ​​អត្ថាធិប្បាយ​ពី​ស្ថានទូត​រុស្ស៊ី​ដែល​បង្វែរ​សំណើសុំ​ការ​អត្ថា​​ធិ​ប្បាយ​ទៅកាន់​ក្រសួង​ការពារ​​ជាតិ​រុស្ស៊ី​នៅ​ទីក្រុង​ម៉ូស្គូ​វិញ ហើយក៏​គ្មាន​ការឆ្លើយតប​ពី​ក្រ​សួង​ការពារជាតិ​រុស្ស៊ី​ឡើយ​។​


​មន្ត្រី​រុស្ស៊ី​បាន​និយាយថា ការ​ប៉ាន់ប្រមាណ​លោកខាងលិច​នៃ​ចំនួន​អ្នកស្លាប់​របស់​រុស្ស៊ី​នៅក្នុង​សង្គ្រាម​គឺជា​ការ​បំផ្លើស​យ៉ាង​ធំធេង ហើយ​ស្ទើរតែ​មើលរំលង​ការខាតបង់​របស់​ភាគី​អ៊ុយ​ក្រែ​ន ដែល​មន្ត្រី​រុស្ស៊ី​និយាយថា​មាន​ចំនួន​ច្រើន​។​

​ប្រភព​ទម្លាយ​ព័ត៌មាន​នេះ​គឺ​នៅពេល​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelensky) បានធ្វើការ​អង្វរក​ចុងក្រោយ​សម្រាប់​ជំនួយ​យោធា​បន្ថែមទៀត​ដល់​ប្រមុខ​ស្ថាប័ន​អាមេរិក ដូចជា រដ្ឋសភា ព្រឹទ្ធសភា និង​ប្រធានាធិបតី​នៅក្នុង​សប្តាហ៍​នេះ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការទទួល​បានការ​គាំទ្រ​កញ្ចប់​ជំនួយ​យោធា​ដ៏​ក្រាស់ក្រែល​រហូត​ជាង​ ៦០​ ពាន់​លាន​ដុល្លារ​ដែល​រដ្ឋបាល​លោក ចូ បៃ​ដិ​ន ធ្លាប់​ស្នើ​ទៅកាន់​រដ្ឋសភា​កាលពី​ខែវិច្ឆិកា ប៉ុន្តែ​សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ​មិន​គាំទ្រ​ឡើយ​។​


​ប្រភព​បាន​និយាយថា របាយ​ការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិ​ក​ដែល​ទើបតែ​បាន​បំបែក​ចំណាត់​ថា្ន​​ក់បាន​វាយតម្លៃថា រុស្ស៊ី​បានចាប់ផ្តើម​ការ​លុកលុយ​ពេញលេញ​របស់ខ្លួន​លើ​អ៊ុយ​​ក្រែ​ន​ក្នុង​ខែកុម្ភៈ​ឆ្នាំ ​២០២២ ​ដោយមាន​កងកម្លាំង​សរុប ៣៦ ​ម៉ឺន​នាក់​។​

​ប្រភព​ដដែល​បាន​និយាយថា ចាប់តាំងពី​ពេលនោះ​មក របាយ​ការណ៍​បាន​រកឃើញថា ទាហាន​រុស្ស៊ី​ ៣១៥ ០០០​ នាក់ ឬ​ប្រហែល​ ៨៧​ ភាគរយ​នៃ​ចំនួន​សរុប​ដែល​រុស្ស៊ី​បានចាប់ផ្តើម​សង្គ្រាម​ត្រូវបាន​សម្លាប់ ឬ​រងរបួស​។​

​ប្រភព​បាន​បន្ថែមថា ការ​ខាត​បង់​ទាំងនោះ​គឺជា​ហេតុផល​ដែល​រុស្ស៊ី​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ជ្រើសរើស​កងកម្លាំង​សម្រាប់​ការដាក់​ពង្រាយ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ក្រោយ​សង្គ្រាម​កន្លះ​ឆ្នាំ រុស្ស៊ី​បានដាក់​ចេញ​ផែនការ​កែន​ទ័ព​បម្រុង​ ៣០ ​ម៉ឺន​នាក់​៕