ប្រធានាធិបតី​ចិន​លោក ស៊ី​ ជីន​ពីង (Xi Jinping) បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​នៅក្បែរ​ខាង​ខ្លួន​ដ៏​កម្រ​កាលពី​ថ្ងៃទី​ ១២ ​ខែធ្នូ​ឆ្នាំ​ ២០២៣ បាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​ផ្នែក​សន្តិសុខ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​វៀតណាម ខណៈពេលដែល​វៀតណាម​បាន​ខិត​ទៅជិត​មហាអំណាច​អាមេរិក​កាន់តែខ្លាំង​។​

​វៀតណាម​ដែលជា​ភាគី​ជម្លោះ​ជាមួយ​ចិន​លើ​ការដណ្តើម​កាន់​កាប់​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយជា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​ពិភពលោក​ដ៏​សំខាន់​សម្រាប់​បណ្ដា​ក្រុមហ៊ុន​ធំៗ​របស់លោក​ខាងលិច​ដែល​ស្វែងរក​ទីតាំង​ថ្មី​ជំនួស​ឱ្យ​សង្វាក់​ផលិតកម្ម​ដែល​ពឹង​ផ្អែកលើ​ប្រទេស​ចិន​។​

​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី៣​ របស់​ប្រធានាធិបតី​ចិន​ចាប់តាំងពី​លោក​ចូលកាន់​​តំណែង​ជាង ​១០ ​ឆ្នាំ​មកនេះ​។ ដំណើរ​ទស្សនកិច្ច​នេះ​ហាក់ដូចជា​មានបំណង​ចង់​បំបែក​ភាពស្និទ្ធស្នាល​កាន់តែខ្លាំង​ឡើង​រវាង​អាមេរិក​និង​វៀតណាម ជាពិសេស​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន​ (Joe Biden)​ នៅ​វៀតណាម​កាលពី​ខែកញ្ញា​។​


​លោក ស៊ី បានលើកឡើង​នៅក្នុង​អត្ថបទ​បោះពុម្ពផ្សាយ​មួយ​ថា​៖ «​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​វៀតណាម​ជា​យូរ​មកហើយ រីឯ​វៀតណាម​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ចិន​នៅក្នុង​អាស៊ាន​»​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ (Xinhua)​។​

​បើទោះបីជា​ចិន​ធ្លាប់មាន​ជម្លោះ​ជាមួយ​វៀតណាម​កន្លងមក​ក៏ដោយ ប៉ុន្តែ​លោក ស៊ី បាន​លើកឡើងថា​៖ «​មានតែ​ប្រទេស​ទាំងអស់​យល់ព្រម​អភិវឌ្ឍ​ទៅមុខ​ជាមួយគ្នា ទើប​យើង​អាច​រួមគ្នា​កសាង​មាតុភូមិ​អាស៊ី​ដែល​ឱ្យមាន​សន្តិភាព ភាព​ស្ងប់ស្ងាត់ វិបុលភាព ភាព​​ស្រស់ស្អាត និង​ការរួមរស់​ជាមួយគ្នា​ប្រកបដោយ​មិត្តភាព​»​។​


​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ចំពេល​មានការ​ខ្វែងគំនិត​គ្នា​ជាពិសេស​ទាក់ទង​នឹង​ការ​ទាម​​ទារ​ចង់​គ្រប់គ្រង​តំបន់​ដែន​​សមុទ្រ​ចិន​ខាងត្បូង​។​

​ពាណិជ្ជកម្ម​របស់​មហា​យក្ស​ចិន​ជាមួយ​អាស៊ាន ដូចជា ឥណ្ឌូនេស៊ី សិង្ហ​បុរី និង​ថៃ​ជាដើម បាន​វ៉ា​ដាច់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដែល​ធ្វើឱ្យ​អាស៊ាន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន​។​

​កាលពី​ខែកញ្ញា លោក បៃ​ដិ​ន​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​វៀតណាម ដែលជា​កិច្ចព្រមព្រៀង​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ ធ្លាប់​ចង់​ធ្វើជា​មួយ​តែ​ប្រទេស​ចិន រុស្ស៊ី ឥណ្ឌា និង​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​។​

​លោកស្រី ហួង ឡឺ​ធូ (Huong Le Thu)​ នាយករង​កម្មវិធី​អាស៊ី​សម្រាប់​ក្រុម​វិបត្តិ​អន្តរជាតិ (AICG) បាន​សរសើរ​ភាពជា​ដៃគូ​កម្រិត​ខ្ពស់​របស់​វៀតណាម​ជាមួយ​អាមេរិក​និង​ចិន បើទោះបីជា​ពួកគេ​ធ្លាប់មាន​ជម្លោះ​កន្លងមក​ក៏ដោយ​។​

​លោកស្រី​បាន​ហៅ​ស្ថានភាព​បែបនេះ​ថា​ជា​សមិទ្ធផល​ការទូត​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​វៀត​ណា​ម​បាន​រាយការណ៍​ថា ចិន​និង​វៀតណាម​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាច្រើន​ដែល​រួមមាន​វិស័យ​ការពារជាតិ សន្តិសុខ កិច្ច​សហប្រតិបត្តិការ​លើ​ដែនសមុទ្រ ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម និង​វិស័យ​ជាច្រើន​ទៀត​។​

​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​លោក ស៊ី ក៏បាន​លើកឡើង​អំពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ក្នុង​វិស័យ​ផ្សេងៗ​រួមមាន​វិស័យ​ដឹកជញ្ជូន ថាមពល ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបង្ហាញ​គម្រោង​មួយចំនួន​ដូចជា ផ្លូវ​រថភ្លើង​ធុន​ស្រាល​ហាណូយ ២ ​ព្រមទាំង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ​ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក ស៊ី នៅ​ប្រទេស​វៀតណាម គឺ​ដើម្បី​ទទួលបាន​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​ជាស​កល​របស់​ប្រទេស​ចិន នោះ​គឺ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​ដែលជា​ការប្រកួត​ប្រ​ជែង​ជាមួយ​សហរដ្ឋអាមេរិក ក្នុងការ​បង្កើត​ពិភពលោក​មួយ​ដែលមាន​ប្រព័ន្ធ​ដឹកនាំ​ពហុ​ប៉ូល​។​

​ទន្ទឹមនេះ ចិន​កំពុង​ព្យាយាម​កែលម្អ​ទំនាក់ទំនង​ជាមួយ​ហ្វី​លី​ពី​ន ដើម្បី​ធ្វើឱ្យ​តំបន់​អាស៊ី​អាគ្នេយ៍​មើលទៅ​មាន​សាមគ្គីភាព​ជាង​មុន​។ ប្រទេស​អាស៊ាន​៥​ធ្លាប់​ប្រតិកម្ម​នឹង​ចិន ក្រោយ​បញ្ចេញ​ផែនទី​ថ្មី​មួយ​ដែល​ក្រសោប​តំបន់​ជម្លោះ​៕