តុលាការ​ក្រុង​ហូជីមិញ​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​កាត់​ទោស​ប្រហារ​ជីវិត​បុរស​​៣​នាក់​ ពី​បទ​រត់​ពន្ធ​ហេរ៉ូអ៊ីន​ និង​មេតំហ្វេតាមីន​ចំនួន​ ១០០ គីឡូក្រាម ​​​ក្នុង​អំឡុង​វិបត្តិ​កូវីដ​១៩​ ដោយ​​ក្លែង​បន្លំ​វា​ថា​ជា​ទំនិញ​សប្បុរសធម៌​។​ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress នៅ​ថ្ងៃ​ពុធ​។ 

ម្នាក់​ក្នុង​ចំណោម​នោះ​ គឺ​លោក​ ​Nguyen Thanh Hung ​អាយុ​ ៣១ ​ឆ្នាំ​ត្រូវ​បាន​តុលាការ​​រក​ឃើញ​ថា​មាន​តួនាទី​សំខាន់​​ក្នុង​ករណី​នេះ​​ដោយ​លោក​ទទួល​បញ្ជា​ដោយ​ផ្ទាល់​ពី​បុរស​ម្នាក់​ ដែល​គេ​មិន​ដឹងអត្តសញ្ញាណ​​លម្អិត​ ហើយ​ស្គាល់​​តែ​ឈ្មោះ​ថា​ Jimmy ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ 

ពិរុទ្ធ​ជន​ម្នាក់​ទៀត​ ឈ្មោះ​ ​Huynh Van Thong អាយុ​ ៤៨​ ឆ្នាំ​ ដែល​សកម្ម​នឹង​​ការងារ​សប្បុរស​ធម៌ ​បាន​ធ្វើ​ការ​ឱ្យ​ លោក​Jimmy ​ដោយ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ពី​​កម្ពុជា​ចូល​ទៅ​​វៀតណាម​ ដោយ​ក្លែង​បន្លំវា​ដាក់​​នៅ​ក្នុង​កន្ត្រក​ត្រីងៀត​ និង​ផ្អក​ដើម្បី​​យក​ទៅ​បរិច្ចាគ​ដល់​ប្រជាជន​ក្រី​ក្រ​ ឬ​ជាប់​ក្នុង​ការ​បិទ​ខ្ទប់​​ ​អំឡុង​វិបត្តិ​កូវីដ​នៅ​វៀតណាម។


 បុរស​ម្នាក់​ទៀត​ ឈ្មោះ​ Ho Hoang Nam ​អាយុ ​៣១​ ឆ្នាំ​ បាន​​រួម​ដៃ​គ្នា​ ដោយ​យក​ផ្ទះ​របស់​​លោក​នៅ​សង្កាត់​១២​ នៃ​ក្រុង​ហូជីមិញ​ ធ្វើ​ជា​កន្លែង​រក្សា​ទុក​គ្រឿង​ញៀន​។

យោង​តាម​ការ​ចោទ​ប្រកាន់​​ក្រុម​​អ្នក​ស៊ើប​អង្កេត​​នៃ​ប៉ូលិស​ក្រុង​ហូជីមិញ​​បាន​រក​ឃើញ​ប្រតិបត្តិការ​ដែល​ដឹក​នាំ​ដោយ​លោក​Hung ​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០២១​។ ពួក​គេ​​បាន​​រក​​ឃើញ​​ថា​ លោក​Hung ​រស់​នៅ​​ក្នុង​​ទីក្រុង​ហូជីមិញ​ ហើយ​​ពេល​​ខ្លះ​​បាន​​ធ្វើ​​ដំណើរ​​ទៅ​​ជាយ​ក្រុង​ ​ដើម្បី​​ទទួល​បាន​កញ្ចប់​ស្បៀង​អាហារ​ពី​លោក​ Thong។ 


លោក​ Thong​ រស់​នៅ​ក្នុង​ខេត្ត​តៃនិញ​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​​កម្ពុជា​ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ចូល​ចិត្ត​ការងារ​សប្បុរស​ធម៌​។​លោក​​សកម្ម​ក្នុង​ការ​ស្វែង​រក​អំណោយ​ស្បៀង​អាហារ​ ដើម្បី​ជួយ​ដល់​ប្រជាជន​រង​ផល​ប៉ះ​ពាល់​ដោយ​កូវីដ​នៅ​ក្រុង​ហូជីមិញ​។ ​

ដោយ​សារ​តែ​ជាប់​ឈ្មោះ​ថា​ជា​​សប្បុរស​ជន​លោក​ Thong​បាន​ដឹក​ជញ្ជូន​ទំនិញតាម​ឡាន​​ពី​កម្ពុជា​ដោយ​ផ្ទាល់​តាម​ព្រំដែន​ក្នុង​ខេត្ត​ដុងថាប​​ ​ទៅ​កាន់​ទីក្រុង​ហូជីមិញ​​ដោយ​រួច​ផុត​ពី​​រនាំង​​រឹត​បណ្ដឹង​កូវីដ​។ រាល់​ការ​ធ្វើ​ដំណើរ​ម្ដង​ៗ​ លោក​ដឹក​មេតំហ្វេតាមីន​ពី​ ៣០-៤០ គីឡូក្រាម​ និង​ហេរ៉ូអ៊ីនពី​​ ១៦-២០ គីឡូក្រាម​។ ​

ប៉ូលិស​​បាន​​រ​ក​​ឃើញ​​ថ្នាំ​​ញៀន​ ​បន្ទាប់​​ពី​​បាន​​បញ្ឈប់​ឡាន​របស់​លោក​​Thong ម្ដង​​ហើយ​ធ្វើ​ការ​វាយ​ឆ្មក់​​ចូល​​កន្លែង​​ស្តុក​ ​ក្នុង​​ខែ​​សីហា ​ឆ្នាំ ​២០២១ ដោយ​រឹប​អូស​បាន​ថ្នាំ​ញៀន​ជិត​១០០​គីឡូក្រាម​​។ 

បើ​តាម​ VnExpress​ លោក ​Hung ​បាន​និយាយ​ថា​លោក​បាន​ស្គាល់​បុរស​ឈ្មោះ​ Jimmy ​ក្នុង​ខែ​កក្កដា​ ឆ្នាំ​ ២០២១​​ហើយ​បាន​ធ្វើ​ការ​ជា​មេ​គ្រឿង​ញៀន​ឱ្យ​លោកJimmy​ចំនួន​​៣​ដង​ហើយ​ថែម​ទាំង​ទិញ​ថ្នាំ​ញៀន​ពី​មនុស្ស​ដដែល​ ដើម្បី​យក​ទៅ​លក់​បន្ត​៕