ក្រុម​​ប្រយុទ្ធ​តំណាង​ជនជាតិភាគតិច​មី​យ៉ាន់​ម៉ា​បាន​និយាយ​កាលពី​ថ្ងៃទី ១៣ ខែធ្នូ​ថា​  ​ពួក​គេ​​នឹង​ប្រយុទ្ធ​តតាំង​​ជាមួយ​របបយោធា​ដើម្បី​បញ្ចប់ របប​ផ្តាច់ការ​នៅក្នុង​ប្រទេស។ ការលើកឡើង​របស់​ក្រុម​ជនជាតិភាគតិច​បែបនេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ ​បន្ទាប់ពី​របប​យោធា​ជួបពិភាក្សា​ជាមួយ​ពួកគេ​ក្រោម​ការសម្របសម្រួល​ពី​ប្រទេស​ចិន។

យ៉ាងណាមិញ​ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​ពាសពេញ​រដ្ឋ Shan ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ បន្ទាប់ពី​កងទ័ព​ Arakan កងទ័ព​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​ជាតិ​មី​យ៉ាន់​ម៉ា​ និង​កងទ័ព​រំដោះជាតិ ​Ta'ang បាន​បើក​ការវាយលុក​កាលពី​ចុងខែ​តុលា។

ក្រុម​ទាំងនេះ​បាន​ដណ្តើមយក​ទីតាំង​យោធា​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្មសំខាន់ៗជាមួយ​ប្រទេស​ចិន​ដែល​អ្នកវិភាគ​និយាយថា​ នេះ​គឺជា​ការរើបំរាស​ដ៏​ធំ​បំផុត​ចំពោះ​របប​យោធា​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ២០២១មក​នោះ។


តាមរយៈ​សកម្មភាព​ប្រឆាំង​ជា​បន្តបន្ទាប់​នេះ ​ក្រុម​សម្ព័ន្ធ​ជនជាតិភាគតិច​បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​បញ្ចប់​ភាព​ផ្តាច់ការ​ដោយ​ថា៖«ដើម្បី​អាច​សម្រេចបាន​នូវ​គោលដៅ​របស់​យើង​ដោយ​ពេញលេញ​គឺ​ត្រូវការ​ពេលវេលា​និង​កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​ហើយ​ការលះបង់​របស់​យើង​នៅតែ​រឹងមាំ​ដើម្បី​ប្រជាជន​មី​យ៉ាន់​ម៉ា​ទាំងមូល»។ 

បើទោះជា​យ៉ាងនេះ​ក្ដី​អ្នកនាំពាក្យ​នៃ​របប​យោធា​គឺ​លោក​Zaw Min Tun បាន​និយាយ​កាលពី​ថ្ងៃទី ១១ ខែធ្នូ​ដែរ​ថា​មេដឹកនាំ​នៃ​របប​យោធា​បាន​ស្វះស្វែង​ជួបពិភាក្សា​ជាមួយ​ក្រុម​ទាំងបី​ក្នុង​គោលបំណង​ស្វែងរក​ដំណោះស្រាយ​សមស្រប​មួយ​ចំពោះ​ជម្លោះ​ខាងលើ។


អ្នកនាំពាក្យ​រូបនេះ​បាន​និយាយទៀតថា​កិច្ចពិភាក្សា​ទាំងនោះ​ត្រូវបាន​ធ្វើឡើង​ដោយមាន​ជំនួយ​ពី​ប្រទេស​ចិន​ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​នៅពេលណា​ឬ​នៅទីណា​នោះទេ។

ទាក់ទង​នឹង​រឿងនេះ​ក្រសួងការបរទេស​ចិន​ក៏បាន​បញ្ជាក់​អំពី​ការសម្របសម្រួល​កិច្ចចរចា​រវាង​ក្រុម​យោធា​និង​ក្រុម​ជនជាតិភាគតិច​ផងដែរ។ ជា​លទ្ធផល​ការចរចា​នាពេលនោះ​ប្រព្រឹត្ត​ទៅដោយ​រលូន​មាន​ផល​វិជ្ជមាន​ប៉ុន្តែ​ក្រសួងការបរទេស​មិនបាន​បញ្ជាក់​លម្អិត​ថា​យ៉ាងណា​នោះទេ។

បើ​យោងតាម​អង្គការសហប្រជាជាតិ​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​យោធា​និង​ក្រុម​ជនជាតិភាគតិច​បាន​រីក​រាលដាល​ដល់​ភាគ​ខាងកើត​និង​ខាងលិច​នៃ​ប្រទេស​ហើយ​បាន​បង្ខំ​ឱ្យ​មនុស្ស​ជាងកន្លះ​លាន​នាក់​ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ៕