រដ្ឋមន្ត្រី​កូរ៉េខាងជើង​មួយរូប​ បាន​ជួប​ជាមួយ​អភិបាល​តំបន់​មួយ​របស់​រុស្ស៊ី​ដែល​ស្ថិត​នៅជាប់​ព្រំដែន​ប្រទេស​ទាំងពីរ​ដើម្បី​ពិភាក្សា​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​តំបន់។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​ឈ្មោះថា​ KCNA បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ។

កិច្ចពិភាក្សា​រវាង​រដ្ឋ​មន្ត្រី​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្រៅប្រទេស​របស់​កូរ៉េខាងជើង​លោក​យុន ចុង​ហូ (Yun Jong Ho)និង​ លោក អូ​ឡេ​ក កូ​ហ្សេ​មី​យ៉ា​កូ (Oleg Kozhemyako) អភិបាល​តំបន់​ព្រី​ម៉ូ​ស្គី (Primorsky) ភាគ​ខាងកើត​រុស្ស៊ី​បាន​ផ្តោតលើ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ទៀត។

យោងតាម​ការរាយការណ៍​របស់ KCNA បានលើកឡើង​ថា​ភាគី​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ​ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​ជាក់លាក់​អំពី​កិច្ចព្រមព្រៀង និង​ខ្លឹមសារ​ទាំងស្រុង​នៃ​ជំនួប​ប្រជុំ​នោះទេ។យ៉ាងណាក៏ដោយ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់ (Yonhap) របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា ទីភ្នាក់ងារ​ចារកម្ម​របស់​កូរ៉េខាងត្បូង​បាន​រកឃើញថា​កូរ៉េខាងជើង​អាច​នឹង​បញ្ជូន​កម្មករ​ទៅ​ប្រទេស​រុស្ស៊ី​មួយចំនួន។


ប្រទេស​ណាក៏ដោយឱ្យតែ​ជួល​កម្មករ​កូរ៉េខាងជើង​ហើយ​បើកប្រាក់​ឈ្នួល​ឱ្យ​ពួកគេ​នោះ​គឺជា​ការបំពាន​ការដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។ ការដាក់ទណ្ឌកម្ម​ទាំងនេះ មាន​គោលបំណង​បញ្ឈប់​ទីក្រុង​ព្យុងយ៉ាង​ពី​ការផ្ដល់​មូលនិធិ​គាំទ្រ​ដល់​គម្រោង​ផលិត​អាវុធ​ដែល​ត្រូវបាន​ហាមឃាត់ ដោយ​ប្រើប្រាស់​ប្រាក់ចំណូល​របស់​កម្មក​រ។

លោក កូ​ហ្សេ​មី​យ៉ា​កូ បានលើកឡើង​នៅលើ​ប៉ុស្តិ៍​តេ​ឡេ​ក្រាម(Telegram)របស់លោក​ថា ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​បន្ទាប់ពី​ការផ្អាក​ទំនាក់ទំនង​ដ៏​យូរ​ដោយសារតែ​ជំងឺ​រាតត្បាត​កូ​វីដ១៩ ដូច្នេះ​ផែនការ​បន្ទាប់​គឺ​ផ្តោតលើ​វប្បធម៌​ទេសចរណ៍​កីឡា​និង​ការសិក្សា​មើលថា​តើ​អាច​អនុញ្ញាតឱ្យ​កសិករ​កូរ៉េខាងជើង​ប្រើប្រាស់​ដី​មួយចំនួន​នៅ​តំបន់ ព្រី​ម៉ូ​ស្គី​សម្រាប់ធ្វើ​កសិកម្ម​ឬក៏​យ៉ាងណា។


ដំណើរ​ទស្សនកិច្ច​រប​ស់លោ​កកូ​ហ្សេ​មី​យ៉ា​កូ លើក​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​មួយ​ក្នុងចំណោម​ជំនួប​រវាង​កូរ៉េខាងជើង​និង​រុស្ស៊ី​ជាច្រើនលើក​មកហើយ​នាពេលថ្មីៗនេះ។ដំណើរ​ទស្សនកិច្ច​នេះ ក៏បាន​ធ្វើឡើង​ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក គីម ជុង​អ៊ុន(Kim Jong Un)ទៅកាន់​ប្រទេស​រុស្ស៊ី​កាលពី​ខែកញ្ញា​កន្លងទៅ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោក​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ពូ​ទីន​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា ខណៈដែល​សហរដ្ឋអាមេរិក​បាន​អះអាងថា​មានការ​ជួញដូរ​អាវុធ​រវាង​កូរ៉េខាងជើង​និង​រុស្ស៊ី ដើម្បី​ប្រើប្រាស់​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន។

កូរ៉េខាងជើង​បានចាប់ផ្តើម​បើក​ច្រកព្រំដែន​ប្រទេស​ជាបណ្តើរៗ បន្ទាប់ពី​ស្ថានភាព​ជំងឺ​រាតត្បាត​កូ​វីដ១៩ បាន​ស្រាកស្រាន្ដ។ពួកគេ​បាន​អនុញ្ញាតឱ្យ​មន្ត្រី​ចិន​និង​រុស្ស៊ី​ធ្វើ​ទស្សនកិច្ច​និង​ចាប់ផ្តើម​ជើងហោះហើរ​ឡើងវិញ​រវាង​ទីក្រុង​ព្យុងយ៉ាង​និង​ទីក្រុង​ប៉េកាំងថ្មីៗនេះ​ក្រុមហ៊ុន​អាកាសចរណ៍​ឈ្មោះថា​Air Koryo បាន​បើក​ជើងហោះហើរ​ទៅកាន់​ទីក្រុង ហ្សិ​ន​យ៉ាង (Shenyang) ប្រទេស​ចិន​បន្ទាប់ពីរ​បិទ​យៈ​ពេល​ជិត៤ឆ្នាំនេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់។

លោក កូ​ហ្សេ​មី​យ៉ា​កូ បាន​លើកឡើងថា គណៈប្រតិភូ​កូរ៉េខាងជើង​នឹងធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ព្រី​ម៉ូ​ស្គី​នៅ​រុស្ស៊ី​ក្នុង​ខែធ្នូ​នេះ។ គួរ​បញ្ជាក់ថា រុស្ស៊ី​កំពុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​ខណៈ​ភាព​ឯកោ​របស់ខ្លួន​ជុំវិញ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កាន់តែ​កើនឡើង។ ដោយឡែក មេដឹកនាំ​កូរ៉េខាងជើង​និង​រដ្ឋមន្ត្រី​ធនធានធម្មជាតិ​របស់​រុស្ស៊ី​បាន​ជួបគ្នា​កាលពី​ខែ​មុន ក្នុងន័យ​បង្កើន​មិត្តភាព​របស់​ពួកគេ​ផងដែរ។

ប្រទេស​កូរ៉េខាងជើង​ក៏បាន​បញ្ជូន​គណៈប្រតិភូ​មួយក្រុម​ទៅកាន់​ទីក្រុង​សេន ផេ​ថឺ​ស្បឺ​ក (Saint Petersburg)ក្នុង​ខែវិច្ឆិកា​ដើម្បី​ចូលរួម​ក្នុង​វេទិកា​វប្បធម៌​មួយ។កាលពីដើម​ខែតុលា​ពួកគេ​បាន​បញ្ជូន​គណៈប្រតិភូ​មួយ​ផ្សេងទៀត ទៅ​ចូលរួម​វេទិកា​កីឡា​នៅ​ទីក្រុង ផឺ​ម(Perm) ប្រទេស​រុស្ស៊ី៕