ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ម៉ាឡេស៊ី​ Bernama បាន​រាយការណ៍កាល​ពី​យប់​ថ្ងៃ​ពុធ​​ថា​ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាប់​ខ្លួន​មនុស្ស​ ៣១ ​នាក់​ រួម​ទាំង​ជន​បរទេស​ ២១ ​នាក់​ ពី​បទ​សង្ស័យ​​ពាក់​ព័ន្ធ​នឹង​​ការ​ជីក​យក​រ៉ែ​កម្រ​ខុស​ច្បាប់​នៅ​រដ្ឋ​Perak ​ភាគ​ខាង​លិច​។​​

មេ​ប៉ូលិស​រដ្ឋ​ Perak ​លោក ​Mohd Yusri Hassan Basri ​បាន​និយាយ​ថា​ ការ​ចាប់​ខ្លួន​នេះ​ ​​ធ្វើ​ឡើង​នៅ​ក្នុង​ការ​វាយ​ឆ្មក់​ចំនួន​​២​ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​០៨​ ខែ​ធ្នូ។ ក្រៅ​ពី​ជន​ជាតិ​ម៉ាឡេស៊ី​​ អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​រួម​មាន​​ជន​ជាតិ​ចិន​ចំនួន​១៦​ នាក់​​ពលរដ្ឋ​​មីយ៉ាន់ម៉ា​​៤​​ នាក់​​ និង​ស្ត្រី​វៀតណាម​ម្នាក់​។​

គ្រប់​អ្នក​ចាប់​ខ្លួន​ រង​​​ការ​​ចោទ​ប្រកាន់​ពី​បទ​ជីក​យក​រ៉ែ​​ដ៏​កម្រ​ដែល​គ្មាន​ផ្ទុក​ធាតុ​វិទ្យុសកម្ម​​​ (NR-REE) ​នៅ​ឯ​ព្រៃ​អភិរក្ស​ Bintang Hijau ​នៃ​រដ្ឋ​Perak ​ហើយ​​​រំពឹង​ថា​នឹង​ត្រូវ​​កាត់​ទោស​​ក្រោម​ច្បាប់​ព្រៃ​ឈើ​របស់​ប្រទេស​ម៉ាឡេស៊ី​។​


​សារព័ត៌មាន ​Bernama បាន​ស្រង់​សម្ដី​លោក​ Mohd Yusri ដែល​និយាយ​បន្ត​ថា​ ​​ជន​បរទេស​ដែល​ពាក់​ព័ន្ធមិន​មាន​កាន់​កាប់​ឯកសារ​ធ្វើ​ដំណើរ​ត្រឹម​ត្រូវ​ទេ​ ហើយ​ការ​ស៊ើប​អង្កេត​ក៏​​នឹង​បើក​នៅ​ក្រោម​ច្បាប់​អន្តោប្រវេសន៍​ផង​ដែរ​។​

ទិន្នន័យ​ពី​ការ​ស្ទាប​ស្ទង់​ភូមិសាស្ត្រ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៩​​បាន​បង្ហាញ​ថា​​​ម៉ាឡេស៊ី ​​​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​​រ៉ែ​ដ៏​កម្រ​ក្រោម​ស្រទាប់​ផែនដី​។   ​​


ការ​ចាប់​ខ្លួន​នា​ពេល​នេះ​​ ធ្វើ​ឡើង​ខណៈ​​ម៉ាឡេស៊ី​​ចង់​​ហាម​ឃាត់​ការ​នាំ​ចេញ​រ៉ែ​​កម្រ​ ដែល​គេ​យក​ទៅ​​ប្រើ​ប្រាស់​​​ក្នុង​បន្ទះ​ឈីប បច្ចេកវិទ្យាទំនើប​​ ​​រថយន្ត​អគ្គិសនី ​​និង​ឧបករណ៍​យោធា​ផ្សេងៗ​​ ដើម្បី​ចៀស​វាង​ការ​កេង​ប្រវ័ញ្ច​ និង​ការ​បាត់​បង់​ធន​ធាន​៕