ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla កំពុង​ប្រមូល​រថយន្ត​ជាង ២លាន​គ្រឿង​នៅក្នុង​សហរដ្ឋអាមេរិក​ដើម្បី​ដំឡើង​ប្រព័ន្ធ​ការពារ​ថ្មី​ជំនួយ​អ្នកបើកបរ​នៅក្នុង​ប្រព័ន្ធ Autopilot (បើកបរ​ដោយ​ស្វ័យប្រវត្តិ) បន្ទាប់ពី​និយតករ​សុវត្ថិភាព​សហព័ន្ធ​បានលើកឡើង​ពី​កង្វល់​អំពី​សុវត្ថិភាព​នៃ​ប្រព័ន្ធ​នេះ។

នេះ​គឺជា​ការប្រមូល​រថយន្ត Tesla ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​ដែល​ហាក់ដូចជា​គ្របដណ្តប់​យានយន្ត Tesla ស្ទើរតែ​ទាំងអស់​នៅលើ​ផ្លូវ​ក្នុង​សហរដ្ឋអាមេរិក​ដើម្បី​ដំឡើង​ប្រព័ន្ធ​ជំនួយ​ថ្មី​ក្នុង​គោលដៅ​ធានាថា​អ្នកបើកបរ​យកចិត្តទុកដាក់​កាន់តែ​ប្រសើរឡើង​នៅពេល​ប្រើប្រាស់​ប្រព័ន្ធ​នោះ។

បើតាម​ឯកសារ របស់​ក្រុមហ៊ុន Tesla បានឱ្យដឹងថា​ការគ្រប់គ្រង​ប្រព័ន្ធ​សូ​ហ្វ​វែ​រ​របស់ Autopilot ប្រហែលជា​មិន​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​អ្នកបើកបរ​ប្រើ​ខុស​នោះ​ហើយ​កំហុស​នោះ​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​គាំង។


រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ហាយ​វេ​ជាតិ​អាមេរិក (NHTSA) បាន​ចំណាយពេល​ជាង ២ ឆ្នាំ​ដើម្បី​ស៊ើបអង្កេត​ថា តើ​រថយន្ត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​ដឹកនាំ​ដោយ​មហាសេដ្ឋី Elon Musk អាច​ធានា​ឱ្យ​អ្នកបើកបរ​យកចិត្តទុកដាក់​បាន​គ្រប់គ្រាន់​នៅពេល​ប្រើ​ប្រព័ន្ធ Autopilot ទេ។

អ្នកគ្រប់គ្រង​ស្តីទី NHTSA អ្នកស្រី Ann Carlson បាន​សរសើរ​ក្រុមហ៊ុន Tesla ចំពោះ​ការយល់ព្រម​ប្រមូល​រថយន្ត​របស់ខ្លួន​ត្រឡប់មកវិញ។ ចំពោះ​បញ្ហា​នៃ​ប្រព័ន្ធ​នេះ​វិញ​អ្នកស្រី​បាន​និយាយ​នៅក្នុង​សវនាការ​របស់​សភា​អាមេរិក​ថា «រឿង​មួយ​ដែល​យើង​កំណត់​បាន​គឺថា​អ្នកបើកបរ​មិន​យកចិត្តទុកដាក់​សោះ នៅពេលដែល​ប្រើ​ប្រព័ន្ធ​នោះ»។


អ្នកស្រី Carlson បានឱ្យដឹង​ដែរ​ថា ទីភ្នាក់ងារ​របស់ខ្លួន​បាន​បើក​ការស៊ើបអង្កេត​សុវត្ថិភាព​តាំងតែ​ពី​ខែសីហា ឆ្នាំ ២០២១ នៅពេលដែល​បន្ត​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ប្រព័ន្ធ Autopilot។ 

យ៉ាងណា​សម្រាប់ ក្រុមហ៊ុន Tesla បាន​និយាយថា​ខ្លួន​មិន​យល់ស្រប​នឹង​ការវិភាគ​របស់ NHTSA ទេ ប៉ុន្តែ​ការប្រមូល​រថយន្ត​ត្រលប់​ទៅវិញ​គឺ​ដើម្បី​អាប់​ដេ​ត​កម្មវិធី​ពីលើ​អាកាស​ដែល​នឹង​រួមបញ្ចូល​ការត្រួតពិនិត្យ​បន្ថែម និង​ការ​ដាស់តឿន​បន្ថែម​ដល់​អ្នកបើកបរ​ដែល​កំ​ពុង​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ស្រាប់ ដើម្បី​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ប្រកាន់ខ្ជាប់​នូវ​ទំនួល​ខុសត្រូវ​ក្នុងការ​បើកបរ។

ដោយឡែក​នៅ​កាណាដា​ឯណោះ​វិញ​នាយកដ្ឋាន​ដឹកជញ្ជូន​បាន​និយាយថា​ក្រុមហ៊ុន Tesla នឹង​ប្រមូល​រថយន្ត​ចំនួន ១៩៣,០០០ គ្រឿង​ដើម្បី​ដោះស្រាយ​បញ្ហា Autopilot។ ចំណែក​ក្រុមហ៊ុន​រថយន្ត​ចិន​នាយកដ្ឋាន​មិន​ច្បាស់​ទេ​ថា​តើ​ចិន​នឹង​ទាមទារ​ប្រមូល​រថយន្ត​ខ្លួន​ទៅ​កែសម្រួល ឬ​យ៉ាងណា៕