​អ្នក​នាំ​ពាក្យ​ស្ថានទូតចិន​ប្រចាំ​កាណាដា​ បាន​​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​ ​ប្រទេស​ចិន​បាន​ថ្កោល​ទោសកាណាដា​​ ​ចំពោះ​ការ​គាំទ្រ​​​ហ្វីលីពីន​ជុំ​វិញ​ការ​ប៉ះ​ទង្គិច​គ្នាថ្មី​ៗ​នេះ​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

​សេចក្តី​ថ្លែងការណ៍​​លើក​ឡើង​ថា​៖«​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​ជា​ផ្ទះ​រួម​របស់​ប្រទេស​ក្នុង​តំបន់​ ហើយ​មិន​គួរ​ក្លាយ​ជា​កន្លែងដែល​ផ្ដល់​​ឱ្យ​​កាណាដា ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃ​ទៀត​ ​ទាញ​យក​​ផល​ប្រយោជន៍​ភូមិ​សាស្ត្រ​ន​យោបាយ​របស់​ពួក​គេ​នោះ​ទេ​»​។

​អ្នក​​​នាំ​ពាក្យ​​របស់​ស្ថាន​ទូត​ចិន​ ​​​​បាន​​និយាយ​​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​​​ថា​​​៖​«​​ក្នុង​​នាម​​ជា​​ប្រទេស​​នៅ​​ក្រៅ​​តំបន់​ កាណាដា​​​បា​​ន​​​ពង្រឹង​​​ការ​​រំលោភ​​បំពាន​​របស់​​ហ្វីលីពីន​ ​លើ​​អធិបតេយ្យភាព​​របស់​​ប្រទេស​​ចិន​ រំលោភ​លើ​គោលបំណង​ និង​​គោលការណ៍​​នៃ​​ធម្មនុញ្ញ​​របស់​​អង្គការ​​សហប្រជាជាតិ ​ហើយ​​បង្ក​​គ្រោះ​ថ្នាក់​​ដល់​​សន្តិភាព​ និង​​ស្ថិរភាព​​ក្នុង​​តំបន់​»​។​


ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​ ចិន ​និង​ហ្វីលីពីន​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​ច្រើន​ ដែល​ផ្តោត​លើ​​ឆ្នេរ​ប៉ប្រះ​ទឹក​នៃ​តំបន់​កោះ​ជម្លោះ​ស្រ្ពាតលី​ ក្នុង​​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ចិន​ទាមទារ​ថា​ជា​ទឹក​ដី​របស់​ខ្លួន​ស្ទើរ​ទាំង​ស្រុង​ ទោះ​បី​សហគមន៍​ក្នុង​តំបន់​ និង​អន្តរជាតិ​ច្រាន​ចោល​ក៏​ដោយ​។​

​ទីក្រុង​ម៉ានីល​បាន​ចោទ​ប្រកាន់​ឆ្មាំ​ឆ្នេរ​សមុទ្រ​ និង​នាវា​កង​ជីវពល​ដែន​សមុទ្រ​ចិន​ ​ថា​បាន​​បាញ់​កាណុង​បាញ់​ទឹក​ម្តង​ហើយ​ម្តង​ទៀត​ទៅ​កាន់​នាវា​ដឹក​គ្រឿង​ផ្គត់​ផ្គង់​របស់​ខ្លួន ​ហើយ​បាន​រារាំង​​ដោយ​ចេតនា​លើ​​ទូក​​ហ្វីលីពីន​​ជិត​ដែន​ទឹក​ដែល​មាន​ជម្លោះ​។​ ចិន​ច្រាន​ចោល​ការណ៍​នេះ​ ដោយ​និយាយ​ថា​ នាវា​ហ្វីលីពីន​ចូល​ដែន​ទឹក​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​។


​​​សហរដ្ឋ​​អាមេរិក​ កាណាដា​ និង​ប្រទេស​ផ្សេង​ទៀត​ ​បាន​​បញ្ចេញ​​សំឡេង​​ប្រឆាំង​​នឹង​​ចិន​ ហើយ​ស្រុះ​ស្រួល​គ្នា​បង្ហាញ​ការ​គាំទ្រ​សម្រាប់​ហ្វីលីពីន​។ ​​​ការ​ប្រឈម​មុខដាក់​គ្នា​ថ្មី​នេះ​រវាង​ចិន​ និង​ហ្វីលីពីន​ ​​​​ក្នុង​ដែន​ទឹក​ជម្លោះ​ បាន​ទាក់​ទាញ​ការ​ថ្កោល​ទោស​ពី​ប្រទេស​កាណាដា​ ដែល​និយាយ​ថា​ ​​ចិន​បាន​ធ្វើ​សកម្មភាព​​ប្រឆាំង​នឹង​នាវា​ស៊ីវិល​ និង​រដ្ឋាភិបាល​ហ្វីលីពីន​ ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​​៕​