នាថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមអាជ្ញាធរ​ហុងកុង​ បានប្រកាស​ថា ​នឹងផ្តល់​ប្រាក់​រង្វាន់​ដល់​បុគ្គលណា ដែលអាច​ផ្ដល់​ព័ត៌មាន ឈានទៅ​ដល់ការចាប់​ខ្លួន​សកម្មជន​ចំនួន ៥ នាក់ ដែលត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សន្តិសុខ​ជាតិ។ បច្ចុប្បន្ន សកម្មជន​ទាំង ៥ នាក់​នេះ​កំពុង​រស់នៅ​បរទេស ហើយអាជ្ញាធរ​ហុងកុង​បានប្រកាស​ថា​នឹងផ្តល់​ប្រាក់​រង្វាន់​ចំនួន ១២៨.០០០ ដុល្លារ​អាមេរិក សម្រាប់​អ្នក​ដែលបាន​ជួយ​ផ្ដល់​ព័ត៌មាន។ 
 
គួររំឭក​ថា សំឡេង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ជាច្រើននៅ​ក្នុងទីក្រុង​ហុងកុង ត្រូវបាន​គាបសង្កត់​ខ្លាំង បន្ទាប់ពី​ច្បាប់ស្ដី​ពីសន្តិសុខ​ត្រូវបាន​ដាក់ចេញ​ក្នុង​ឆ្នាំ២០២០។ ការណ៍នេះ​បានធ្វើ​ឱ្យសិទ្ធិ​សេរីភាព​បានធ្លាក់ចុះ បើទោះបីជា​ចិន​ធ្លាប់បាន​សន្យា​ជាមួយ​អង់គ្លេស​ដែលធ្លាប់​ដាក់​អាណានិគម ថា​នឹងគោរព​សិទ្ធិសេរីភាព​ប្រជាជន​ហុងកុង​ក៏ដោយ។ ចិន​តែងតែ​អះអាង​ថា ច្បាប់នេះ​គឺត្រូវបាន​ដាក់ចេញ​ដើម្បី​ស្ដារស្ថិរភាព​នៅហុងកុង​ឡើងវិញ។ 
 
តុលាការ​ហុងកុង​បានចេញ​ដីកា​ចាប់ខ្លួន​សកម្មជន​មួយចំនួន រួមមាន លោក ចននី ហ្វក (Johnny Fok) លោក តូនី ឆយ (Tony Choi) លោក ស៊ីម៉ុន ឆឹង (Simon Cheng) កញ្ញា ហួយ វិងធិង (Hui Wing-ting) និង កញ្ញា ចូយ សៀវ (Joey Siu)។ ក្រុមប៉ូលិស​មិនបាន​បញ្ជាក់​ថា​តើពួកគេ​នៅទីណា​នោះទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមមួយចំនួន​បានបង្ហាញ​ថា ពួកគេ​ប្រហែលជា​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក និងចក្រភព​អង់គ្លេស។ 
 
គួររំឭក​ថា កាលពី​ខែកក្កដា ទីក្រុង​ហុងកុង​បានព្រមាន​ដល់​សកម្មជន​ចំនួន ៨ នាក់​ដែលរស់នៅ​បរទេស​ថា ពួកគេ​នឹងត្រូវបាន​គេតាម​ចាប់ខ្លួន​ អស់មួយជីវិត ដោយអះអាង​ថា ​នឹងមាន​ការផ្តល់​ប្រាក់​រង្វាន់​ ដល់អ្នក​ជួយ​ផ្ដល់​ព័ត៌មាន ​ពីពួក​គេ​​​ផងដែរ។ នេះជាលើកទីមួយ​ហើយ​ដែលច្បាប់​សន្តិសុខ​ត្រូវបានគេ​ប្រើប្រាស់​ក្នុងវិធី​នេះ ដែលធ្វើ​ឱ្យ​រដ្ឋាភិបាល​លោកខាង​លិច​បានរិះគន់​យ៉ាងខ្លាំង។ ជាក់ស្ដែង សហរដ្ឋ​អាមេរិក​បានថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការអនុវត្ត​ច្បាប់នេះ ហើយ​ចក្រភព​អង់គ្លេស​បានហៅ​សកម្មភាពនេះ​ថា​ជាការគំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​ជាមូលដ្ឋាន។ 
 
លោក ដេវីដ ខាមឺរូន (David Cameron) រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស បានសម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ប្រទេស​ចិន​ដែលអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​របស់ខ្លួន​ចំពោះ​ប្រជាជន​ហុងកុង​នៅសហរដ្ឋ​អាមេរិក។ បន្ថែមលើនេះ សហរដ្ឋ​អាមេរិក​ក៏បាន​បដិសេធ​រាល់ការប៉ុនប៉ង​របស់​ចិន​ក្នុងការពង្រីក​ដែនវិសាលភាព​អនុវត្ត​ច្បាប់​របស់​ខ្លួន និង​បានធានា​ដល់​សិទ្ធិពលរដ្ឋ​ហុងកុង​ដែលកំពុង​រស់នៅ​អាមេរិក។ 


លោក ដេវីដ ខាមឺរូន (David Cameron) រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស។AFP


 
លោក ស្ទីវ លី (Steve Li) អគ្គនាយក​នៃនាយកដ្ឋាន​សន្តិសុខ​ជាតិ​ហុងកុង​ បានឱ្យដឹង​ថា ប៉ូលិស​ហុងកុង​បានទទួល​បញ្ជី​ឈ្មោះ​សកម្មជន​ចំនួន ៥០០ នាក់​រួមទាំង​សកម្មជន ៨ នាក់​ ដែលប៉ូលិស​ធ្លាប់បាន​តាមចាប់ខ្លួន ប៉ុន្តែ​អាជ្ញាធរ​នៅមិនទាន់​ចាប់ខ្លួន​នៅឡើយទេ។ សកម្មជន​ថ្មី​ចំនួន ៥ នាក់​ត្រូវបាន​ដាក់​បញ្ចូល​បន្ថែម​ទៅក្នុង​បញ្ជី ដោយចោទ​ប្រកាន់ពី​បទឃុបឃិត​ជាមួយ​បរទេស និងការញុះញង់​ឱ្យ​ធ្វើ​អបគមន៍។ 

លោក លី បានលើកឡើង​បន្ថែម​ដោយចោទ​ប្រកាន់​សកម្មជន ៨ នាក់​ដែលបាន​ភៀសខ្លួន​ទៅបរទេស​ថា បានធ្វើ​សកម្មភា​ពប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ លោកបន្ត​ថា សព្វថ្ងៃ​នេះ ក្រុម​ប៉ូលិស​ចង់ធ្វើ​យ៉ាងណា​កាត់ផ្ដាច់​មូលនិធិ​ដែលពួកគេ​បានជួយ​មកសកម្មជន​ក្នុង​ប្រទេស និងបានចាប់ខ្លួន​មនុស្ស ៤ នាក់​ដែលសង្ស័យ​ថា​បានផ្តល់​មូលនិធិ​ដល់​អតីត​សមាជិក​សភា​ដែលគាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ 
 
អ្នក​ទាំង ៤ នាក់​នោះត្រូវបាន​ចោទប្រកាន់​ថា​បានផ្តល់​មូលនិធិ​ដល់សកម្មភាព​គាំទ្រ​ឯករាជ្យ​ចំនួន​ចាប់ពី ១២៨០ ដុល្លារ ដល់ ១៥៤០០ ដុល្លារ​សហរដ្ឋ​អាមេរិក។ រីឯលោក ឆឹង ដែលកំពុង​រស់នៅ​បរទេស​បានលើកឡើង​នៅលើបណ្ដាញ​សង្គម X របស់លោក​ថា គាត់​មានមោទនភាព​ដែលត្រូវបាន​ប៉ូលីស​ចិន​តាមប្រមាញ់​ដោយសារតែ​ជំនឿ​របស់​គាត់។ ដោយឡែក កញ្ញា សៀវ វិញ​បានប្តេជ្ញា​បន្តសកម្មភាព​របស់​នាង បើទោះបីជា​មានការចោទប្រកាន់​ក៏ដោយ។ 
 
លោកស្រី សារ៉ា ប៊្រូកស៍ (Sarah Brooks) នាយករង​ប្រចាំ​តំបន់​របស់​អង្គការ​លើកលែង​ទោសអន្តរ​ជាតិ ​សម្រាប់ប្រទេស​ចិន​ទាំងមូល បានមានប្រសាសន៍​ថា ការប្រើប្រាស់​ប្រាក់​រង្វាន់​ដើម្បី​ទទួលបាន​ព័ត៌មាន​តាមចាប់​សកម្មជន ហាក់ដូចជា​វិធីសាស្ត្រ​ដែលកំពុង​ពេញនិយម​ក្នុងការបំបិទ​សំឡេង​ប្រឆាំង។ លោកស្រី​បានជំរុញ​ឱ្យ​អាជ្ញាធរ​លុបចោល​ប្រាក់​រង្វាន់​ទាំងនេះ​ចេញ ដោយបញ្ជាក់​ថា ការផ្តល់​ប្រាក់​រង្វាន់​គឺជាយុទ្ធសាស្ត្រ​គំរាមកំហែង​ដែលហួស​ព្រំដែន៕