សម្រាប់​ប្រជាជន​ឥណ្ឌូនេស៊ី​ម្ទេស​គឺជា​គ្រឿងផ្សំ​ដ៏​សំខាន់​មួយ​នៅក្នុង​មុខម្ហូប​របស់​ពួកគេ។ជាក់ស្ដែង​សាច់គោ​ម្ទេស (Chili Beef) ដែលជា​ម្ហូប​ប្រចាំ​តំបន់ dendeng balado (កោះ​ស៊ូ​ម៉ា​ត្រា​ខាងលិច) និង​ស៊ុប​មាន់​ហឹរ​ដែលជា​ម្ហូប​ប្រចាំ​តំបន់ Sulawesi គឺ​មិនអាច​មានឱជារស​ឆ្ងាញ់​នោះទេ​បើសិនជា​គ្មាន​ម្ទេស។

មិន​ត្រឹមតែ​បែបនេះ​ទេ​សូម្បីតែ​ហាង​អាហារ (Fast food) ដូចជា McDonald's និង KFC ក៏​កំពុងតែ​តម្លើងថ្លៃ​នៅក្នុង​បញ្ជី​មុខម្ហូប​របស់​ពួកគេ​ព្រមទាំង​បាន​ដកចេញ​នូវ​មុខម្ហូប​មាន់​បំពង​ប្រឡាក់​គ្រឿង​សាំ​បាល់ (Sambal) ទៀតផង។


យ៉ាងណាមិញ​ការឡើង​ថ្លៃ​នៃ​ម្ហូបអាហារ​ដែលមាន​គ្រឿងផ្សំ​ពី​ម្ទេស​នេះ​គឺ​ដោយសារតែ​ការផ្គត់ផ្គង់​ម្ទេស​បាន​ធ្លាក់ចុះ​យ៉ាងគំហុក។រីឯ​ការផ្គត់ផ្គង់​ធ្លាក់ចុះ​នេះ​ទៀតសោត​គឺ​បណ្ដាលមកពី​គ្រោះរាំងស្ងួត​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

ក្រោម​ហេតុផល​នេះ​តម្លៃ​ម្ទេស​បាន​កើនឡើង​លើសពី​បី​ដង​ពី​តម្លៃ​ធម្មតា​ពោលគឺ​ដល់​ជាង១០០,០០០រូពី (ជាង៦ដុល្លារ) ក្នុង​មួយ​គីឡូក្រាម​ដែល​ជំ​រុញឱ្យ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​លោក Amran Sulaiman កាលពី​ចុងខែ​តុលា​កន្លង​ទៅបាន​ជំ​រុញឱ្យ​ប្រជាជន​ដាំ​ដំណាំ​ម្ទេស​នៅ​ជុំវិញ​ទីធ្លា​ផ្ទះ​របស់​ពួកគេ។


តាមរយៈ​ការជំរុញ​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បែបនេះ​ប្រជាជន​ឥណ្ឌូនេស៊ី​នាំគ្នា​យក​គ្រាប់​ម្ទេស​ទៅ​ដាំ​ក្នុង​ធុង​ស្នោរ​ឬ​បាវចាស់ៗនៅលើ​ដំបូលផ្ទះ​និង​សំ​យ៉ាប​ផ្ទះរៀងៗខ្លួន។ដោយសារតែ​ដំណាំ​ម្ទេស​ជា​ប្រភេទ​ដំណាំ​ដែល​ងាយស្រួល​ដាំ​ផង​នោះ​ផ្ទះ​របស់​ប្រជាជន​ឥណ្ឌូនេស៊ី​នាពេលនេះ​ពោរពេញ​ទៅដោយ​ដំណាំ​ម្ទេស​តែម្ដង។

ឥណ្ឌូនេស៊ី​ជាធម្មតា​មានលទ្ធភាព​ផលិត​ទិន្នផល​ម្ទេស​បាន​ប្រហែល​ពីរលាន​តោន​ក្នុង​មួយឆ្នាំ​ដោយ​ភាគច្រើន​ដាំ​នៅ​កោះ​ជ្វា​និង​ស៊ូ​ម៉ា​ត្រា។ការដាំ​របស់​ឥណ្ឌូនេស៊ី​នេះដែរ​មិន​ត្រឹមតែ​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ​តែ​ក៏​សម្រាប់​នាំចេញ​ផងដែរ​ប៉ុន្តែ​ក្នុង​រយៈពេល៩ខែ​ដំបូង​នៃ​ឆ្នាំ២០២៣នេះ​ឥណ្ឌូនេស៊ី​បាន​ប្រឈម​នឹង​បញ្ហា​អាកាសធាតុ​រាំងស្ងួត​ខុសពី​ធម្មតា​ដែល​បណ្តាលមកពី​បាតុភូត El Nino។

ដោយឡែក​សិង្ហ​បុរី​ក៏​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​នាំចូល​ម្ទេស​ឥណ្ឌូនេស៊ី​ផងដែរ​ក្រៅពីនោះ​ក៏មាន​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ម៉ាឡេស៊ី​និង​នី​ហ្សេ​រី​យ៉ា។

យោងតាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា​ការនាំចេញ​ម្ទេស​របស់​ឥណ្ឌូនេស៊ី​ទៅកាន់​ប្រទេស​សិង្ហ​បុរី​បាន​ធ្លាក់ចុះ​ជិត១៥ភាគរយ​គិត​ជា​ទឹកប្រាក់​ប្រមាណ១៨០,០០០ដុល្លារ​ចាប់តាំងពី​ខែមករា​ដល់​ខែតុលា​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

គិត​ជា​បរិមាណ​ការនាំចេញ​ម្ទេស​ទៅកាន់​ប្រទេស​សិង្ហ​បុរី​មានការ​ថយចុះ១១ភាគរយ​មក​នៅត្រឹម២៣៨,៥៣តោន​ក្នុង​រយៈពេល​ប្រៀបធៀប​ដូចគ្នា៕