ទាហាន​អ៊ីស្រាអែល បាន​បាញ់សម្លាប់​ចំណាប់ខ្មាំង​ចំនួន ៣ នាក់​នៅ​តំបន់​ហ្គាហ្សា​ដោយ​ច្រឡំ។ កងទ័ព​អ៊ីស្រាអែល​នៅ​ថ្ងៃ​សៅរ៍ ទី ១៦ ធ្នូ បានប្រកាស​ឱ្យដឹងថា​ ចំណាប់ខ្មាំង​ទាំងអស់​កំពុងតែ​កាន់​ទង់​ក្រណាត់​ពណ៌​ស នៅពេលដែល​ពួកគេ​បាញ់សម្លាប់​ចំណាប់ខ្មាំង​ទាំងនោះ​ដោយ​ភ័ន្តច្រឡំ​ថា​ជាការ​គំរាមកំហែង។

កងទ័ព​អ៊ីស្រាអែល​បានលើកឡើង​ទៀតថា​កាលពី​ថ្ងៃ​សុក្រ​មាន​ទាហាន​ម្នា​ក់បាន​មើលឃើញ​ចំណាប់ខ្មាំង​ស្ថិតនៅ​ចម្ងាយ​ខ្ទង់​រាប់សិប​ម៉ែត្រ​ពី​កងកម្លាំង​អ៊ីស្រាអែល​ដែល​ឈរជើង​នៅ​Shejaiyaដែលជា​តំបន់​ប្រយុទ្ធ​ដ៏​ក្តៅគគុក​មួយ​នៅ​ភាគ​ខាងជើង​ហ្កា​ហ្សា និង​ក៏​ជា​កន្លែង​ដែល​ពួក​សកម្មប្រយុទ្ធ​ហា​ម៉ាស់​ធ្វើ​ប្រតិបត្តិការ​ក្នុង​សម្លៀកបំពាក់​ស៊ីវិល និង​ប្រើ​ល្បិចកល់​បោកប្រាស់​ជាច្រើន។

​មន្ត្រី​អ៊ី​ស្រាអែល ​បញ្ជាក់ប្រាប់​ទៅកាន់​អ្នកយកព័ត៌មាន​តាម​ទូរ​ស័ព្ទថា៖​«ពួកគេ​ទាំងអស់​អត់​មាន​ពាក់អាវ​ទេ ហើយ​ពួកគេ​មាន​កាន់​ឈើ​ចង​ជាមួយនឹង​ក្រណាត់​ពណ៌​ស។ ទាហាន​អ៊ីស្រាអែល​មាន​អារម្មណ៍​ថា​កំពុង​រង​ការគំរាមកំហែង ហើយក៏​បើក​ការបាញ់ប្រហារ​តែម្តង។ ទាហាន​ម្នាក់​ប្រកាសថា ​ពួកគេ​ជា​ភេរ​វករ។ ចំណាប់ខ្មាំង​ពីរ​នាក់​បាន​ស្លាប់ភ្លាម»។


ចំណែកឯ​ ចំណាប់ខ្មាំង​ទី៣វិញ​បាន​រងរបួស ហើយ​បាន​ថយ​ទៅ​លាក់ខ្លួន​នៅ​អគារ​ក្បែរ​នោះ​និង​បាន​ស្រែក​អំពាវនាវ​សុំ​ជំនួយ​ជា​ភាសា​ហេ​ប្រ៊ូ (Hebrew)។ បើតាម​កងទ័ព​អ៊ីស្រាអែល ភ្លាមៗនោះ​ មេបញ្ជាការ​កងវរសេនាតូច​អ៊ីស្រាអែល​ បានចេញ​បញ្ជា​ឱ្យ​ឈប់​បាញ់​ដែរ ប៉ុន្តែ​ជា​អកុសល​ចំណាប់ខ្មាំង​ទី៣ បាន​រង​គ្រាប់កាំភ្លើង​ទៀត ហើយ​ក៏បាន​ស្លាប់​ដែរ។

កាលពី​ថ្ងៃ​សុក្រ កងទ័ព​អ៊ីស្រាអែល​បានកំណត់​អត្តសញ្ញាណ​ចំណាប់ខ្មាំង​ទាំង ៣នាក់​ថា​សុទ្ធតែ​ប្រុស ទាំងអស់​ដោយ​អ្នក​ទី១ឈ្មោះ YotamHaim មាន​អាយុ ២៨ ឆ្នាំ ទី២ឈ្មោះ AlonShamriz អាយុ២៦ ឆ្នាំ និង ចុងក្រោយ​គេ​ឈ្មោះ Samer Al-Talalka មាន​អាយុ ២៥ឆ្នាំ។


ដំណឹង​នៃ​ការស្លាប់​របស់​ចំណាប់ខ្មាំង​ខាងលើ​បាន​រុញច្រាន​ឱ្យមាន​ការតវ៉ា​ទាំងយប់​ពី​សំណាក់​ក្រុមគ្រួសារ​ចំណាប់ខ្មាំង និង​ប្រជាជន​អ៊ីស្រាអែល​ជាច្រើន​រយ​នាក់​នៅ​ខាងក្រៅ​ទីស្នាក់ការ​ការពារជាតិ​អ៊ីស្រាអែល​ក្នុង​ទីក្រុង​តែ​ល​អា​វីវ។

ឪពុក​របស់​ចំណាប់ខ្មាំង​ម្នាក់​បាន​និយាយថា ជា​រៀងរាល់ថ្ងៃ​ក្រុមគ្រួសារ​ចំណាប់ខ្មាំង​ចេះតែ​គិតស្មាន​ក្នុង​ចិត្ត​ថា​តើ​ពួកគេ​នឹងត្រូវ​ក្លាយជា​អ្នក​បន្ទាប់​ឬ​ដែល​នឹង​ទទួលដំណឹង​អាក្រក់​បែបនេះ?