សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​សៅរ៍ ​ទី ១៦ ខែធ្នូ​ បានចេញ​មុខ​ព្រមាន​កូរ៉េខាងជើង​ជាថ្មី​ថា ​ការវាយប្រហារ​នុយក្លេអ៊ែរ​ណាមួយ​លើ​អាមេរិក​នឹងធ្វើ​ឱ្យ​របប​គ្រប់គ្រង​ត្រកូល ​គីម​ ត្រូវ​បញ្ចប់។ ការលើកឡើង​នេះ​ធ្វើឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​ដោយ​ក្រុមប្រឹក្សា​នុយក្លេអ៊ែរ​អាមេរិក-កូរ៉េខាងត្បូង។

ខ្លឹមសារ​នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ​បាន​អះអាង​ម្តងទៀត​ដែរ​ថា​រាល់​ការវាយប្រហារ​នុយក្លេអ៊ែរ​ដោយ​ទីក្រុង​ព្យុងយ៉ាង​ទៅលើ​កូរ៉េខាងត្បូង​នឹងត្រូវ​ឆ្លើយតប​វិញ​យ៉ាង​ឆាប់រហ័ស ក្នុង​ចំនួន​លើសលប់ និង​ប្រកបដោយ​សេចក្តីសម្រេចចិត្ត​ខ្ពស់។

សេចក្តីថ្លែងការណ៍​ចេញ​ដោយ​សេត​វិមាន បាន​លើក​ឡើងថា៖ «សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​ឥត​ងាករេ​របស់ខ្លួន​ក្នុង​កិច្ចការពារ​កូរ៉េខាងត្បូង ដែល​ត្រូវ​ទទួល​ការគាំទ្រ​ពេញលេញ​ពី​សហរដ្ឋអាមេរិក រួមទាំង​អាវុធ​នុយក្លេអ៊ែរ​ផង»។


ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន​ធ្លាប់​បានចេញ​សារ​ព្រមាន​ដោយ​ប្រើ​ពាក្យសម្តីធ្ងន់ៗប្រហាក់ប្រហែលគ្នា​នេះ​ម្តង​រួចមកហើយ​កាលពី​ខែមេសា ដោយ​និយាយថា​ការវាយប្រហារ​នុយក្លេអ៊ែរ​ណាមួយ​ដោយ​កូរ៉េខាងជើង​ជា​លទ្ធផល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​គឺ​ត្រូវ​បញ្ចប់។

កាលពី ៥ខែ​មុន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ឡយ​ដ៍ អូ​ស្ទី​ន​ក៏​បានចេញ​មុន​ព្រមាន​ដែរ​ថា​ការវាយប្រហារ​នុយក្លេអ៊ែរ​ណាមួយ​ដោយ​កូរ៉េខាងជើង​ប្រឆាំងនឹង​សហរដ្ឋអាមេរិក ឬ​សម្ព័ន្ធមិត្ត​អាមេរិក​នឹង​មានន័យថា​វា​ជាទី​បញ្ចប់​នៃ​របប​គ្រប់គ្រង​កុម្មុយនីស្ត​ព្យុងយ៉ាង។


កាលពី​ឆ្នាំមុន​ប្រទេស​កូរ៉េខាងជើង​បានប្រកាស​ខ្លួនឯង​ថា​ជា​មហាអំណាច​នុយក្លេអ៊ែរ និង​បានបញ្ជាក់​ជាថ្មី​ទៀតថា​នឹងមិន​បោះបង់ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ដែលជា​កត្តាចាំបាច់​សម្រាប់​ការរស់រានមានជីវិត​របស់​របប​ព្យុងយ៉ាង​ឡើយ។

ក្រៅពីនេះ កាលពី​ខែវិច្ឆិកា ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​នូវ​ផ្កាយរណប​យោធា​ចារកិច្ច​ទៅក្នុង​គន្លង​តារាវិថី។ ចាប់តាំងពី​ពេលនោះ​មក កូរ៉េខាងជើង​បាន​អះអាងថា​ផ្កាយរណប​នៅលើ​មេឃ បាន​ផ្តល់នូវ​រូបភាព​នៃ​ទីតាំង​យោធាសំខាន់ៗរបស់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ដល់​ខ្លួន​រួចហើយ៕