ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ ទី​ ១៨​ ខែធ្នូ​នេះ​ថា​ ​​បាឡុង​​​ធាតុ​អាកាស​​ចំនួន​២​ដែល​សង្ស័យ​ថា​ជា​របស់​ចិន​ បាន​បណ្ដែត​ខ្លួន​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​​កាល​​ពី​ថ្ងៃ​អាទិត្យ​ ដោយ​​នេះ​ជា​លើក​ទី​២ ​ហើយ​គិត​តែក្នុង​ខែ​ធ្នូ​ ដែល​​ការណ៍​បែប​នេះ​កើត​ឡើង​​។ នេះ​​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ថា​ ខ្លួន​​បានប្រទះ​​ឃើញ​បាឡុងទាំង​​នេះ​ បន្ទាប់​​ពី​វា​​​ឆ្លង​កាត់​​បន្ទាត់​កណ្ដាល​នៃ​ច្រ​ក​​សមុទ្រ​តៃវ៉ាន់​​ប្រហែល​ ២០០ គីឡូម៉ែត្រ​ ​​ភាគ​ពាយព្យ​នៃ​ទីក្រុង​កំពង់ផែ​ Keelung ​ដែល​ស្ថិត​នៅ​ភាគ​ខា​ង​ជើង​នៃ​កោះ​។ ​ក្រសួង​បាន​បន្ថែម​ថា​ បាឡុង​ដដល​​បាន​​​បណ្ដែត​ខ្លួន​នៅ​រយៈ​កម្ពស់​ជាង ៣ ២០០ ម៉ែត្រ​ឆ្ពោះ​ទៅ​ភាគ​ខាង​កើត​ មុន​ពេល​បាត់​ខ្លួន​ទៅ​វិញ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​​តៃវ៉ាន់​ លោក​​ Sun Li-fang ​បាន​និយាយ​ថា​ ការ​សន្និដ្ឋាន​​ដំបូង​របស់​ក្រ​សួ​ង​គឺ​ថា​ បាឡុង​ទាំង​នោះ​ គឺ​ជា​បាឡុង​ធាតុ​អាកាស​។


​គេ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​ចិន​ចេញ​ប្រតិកម្ម​យ៉ាង​ណា​នោះ​ទេ​។ 

នេះ​មិន​មែន​ជា​លើក​ទី​១​ទេគិត​តែ​ក្នុង​ខែ​ធ្នូ​ ​ដែល​តៃវ៉ាន់​ប្រទះ​ឃើញ​បាឡុងធាតុ​អាកាស​​ចិន​​។ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ កន្លង​ទៅ​ ក្រសួង​​ការ​ពារ​ជាតិ​តៃវ៉ាន់​​បាន​អះ​អាង​ម្ដង​រួច​ហើយ​ថា​ ​ការណ៍​បែប​នេះ​បាន​កើ​ត​ឡើង​​ ដែល​កាល​​នោះ​ តៃវ៉ាន់​សន្និដ្ឋាន​ដូច​គ្នា​ថា ​ជា​បាឡុង​ធាតុ​អាកាស​​។


យ៉ាង​ណា​មិញ​ លទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​បាឡុង​ស៊ីវិល​​ដើម្បី​ធ្វើ​ចារកម្ម​របស់​ចិន​ បាន​ក្លាយ​ជា​ក​ង្វល់​សកល​ ​​ក្រោយ​​សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់​បាឡុង​ចិន​​ដែល​អណ្ដែត​លើ​ទឹក​ដី​របស់​ខ្លួន​កាល​ពី​ខែ​​កុម្ភៈ​ដើម​ឆ្នាំ​នេះ​។

កាល​នោះ​ អាមេរិក​ចោទ​​ថា​ វា​​ថា​ជា​បាឡុង​ស៊ើបការណ៍របស់​ចិន​ ប៉ុន្តែ​ចិន​ថ្កោល​ទោ​ស​​ដោយ​និយាយ​ថា​ វា​គ្រាន់​តែ​ជា​បាឡុង​ស៊ីវិល​បម្រើ​​​ឱ្យ​កិច្ច​ការ​ស្រាវជ្រាវ​ស៊ីវិល​ ដែល​រសាត់​ទៅ​អាមេរិក​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​។ ​

ភ្ជាប់​មក​បញ្ហា​តៃវ៉ាន់​វិញ​ កោះ​នេះ​​​​កំពុង​​ប្រុង​​ប្រយ័ត្ន​​ខ្ពស់​​ចំពោះ​​សកម្មភាព​​របស់​​ចិន​ ទាំង​ផ្នែក​​យោធា ​និង​​នយោបាយ ​នៅ​​មុន​​ការ​​បោះ​ឆ្នោត​​ជ្រើស​រើស​​ប្រធានាធិបតី​ និង​​សភា​​នៅ​​ថ្ងៃ​​​ទី​ ១៣ ​ខែ​​​មករា​ ខាង​មុខ​។​ខណៈ​ចិន​ទាម​ទារ​កោះ​តៃវ៉ាន់​ថា​ជា​របស់​ខ្លួន​​ក្រុង​​តៃប៉ិ​កន្លង​មក​ ​បាន​​ព្រមាន​​ពី​​កិច្ច​​ខិត​​ខំ​​ប្រឹង​​ប្រែង​​របស់​​ក្រុង​​ប៉េកាំង​ ​ក្នុង​​ការ​​ជ្រៀត​​ជ្រែក​លើ​ការ​បោះ​ឆ្នោត​របស់​កោះ៕​