មេដឹកនាំ​របស់​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បាន​ព្រមព្រៀងគ្នា​ជំរុញ​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិសុខ​ដែនសមុទ្រ ខណៈដែល​ពួកគេ​កំពុង​ប្រឈមមុខ​នឹង​ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​កើនឡើង​កាន់តែខ្លាំង​ឡើង​នៅក្នុង​តំបន់។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ តែងតែបាន​ទាមទារ ចង់​គ្រប់គ្រង​ស្ទើរតែ​ទាំងស្រុង​ទៅលើ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ច្រករបៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់ ហើយ​ចិន​ក៏បាន​បង្កើន​ការដាក់​ពង្រាយ​នាវា​និង​សកម្មភាព​យោធាផ្សេងៗទៀត ដែល​បានធ្វើឱ្យ​ប្រទេស​នានា​នៅក្នុង​តំបន់ និង​ទីក្រុង​វ៉ាស៊ីនតោន មានការ​មិន​ពេញ​យ៉ាងខ្លាំង។

ប្រទេស​ជប៉ុន និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា អាស៊ាន បាន​ព្រមព្រៀងគ្នា​ ក្នុង​ការបង្កើន​កិច្ចពិភាក្សា និង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​រក្សា​សន្តិសុខ​ដែនសមុទ្រ តាមរយៈ​ការអនុវត្ត​តាម​នីតិរ​ដ្ឋ ធានា​នូវ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​ប្រកបដោយ​សុវត្ថិភាព ព្រមទាំង​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​រលូន នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​រួមមួយ​ដែល​បានចេញ​ផ្សាយ​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​តូ​ក្យូ។


នៅក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​បានលើកឡើង​ដោយ​មិន​សរសេរ​ចំឈ្មោះ​ប្រទេស​ចិន​ថា ពួកគេ​នឹង​ជំរុញ​លើកកម្ពស់​ការយល់ដឹង​អំពី​តំបន់​សមុទ្រ ធ្វើការ​រួមគ្នា​ជាមួយ​ឆ្មាំ​ឆ្នេរសមុទ្រ និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការកសាង​សមត្ថភាព​ដែនសមុទ្រ និង​ធានា​ដោះស្រាយ​ជម្លោះ​ដោយ​មធ្យោបាយ​សន្តិវិធី មិន​ប្រើការ​គំរាមកំហែង ឬ​ការប្រើប្រាស់​កម្លាំងយោធា ដែល​ទាំងអស់នេះ​គឺ​ស្របតាម​គោលការណ៍​ច្បាប់​អន្តរជាតិ​ដែល​ទទួលស្គាល់​ជាស​កល។

ប្រទេស​ជប៉ុន ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក កំពុង​បង្កើន​ការចំណាយ​ថវិកាជាតិ​ទៅលើ​វិស័យ​ការពារជាតិ និង​ពង្រីក​ភាពជា​ដៃគូ​សន្តិសុខ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ខណៈដែល​ខ្លួន​កំពុង​ប្រឈមមុខ​នឹង​ការដោះស្រាយ​ជម្លោះ​មួយចំនួន​ជាមួយ​ប្រទេស​ចិន។


កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន ប្រទេស​ជប៉ុន​បាន​លើកឡើងថា ខ្លួន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ម៉ាឡេស៊ី និង​ផ្តល់ជំនួយ​ប្រហែលជា ២,៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​រៀបចំ​ឧបករណ៍​ប្រកាសអាសន្ន និង​ឃ្លាំមើល​ស្ថានភាព​ដែនសមុទ្រ។

កាលពី​ខែ​មុន ជប៉ុន​ក៏បាន​យល់ព្រម​ជួយ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ក្នុង​ការទិញ​កប៉ាល់​ការពារ​ឆ្នេរសមុទ្រ និង​ប្រព័ន្ធ​រ៉ា​ដា ហើយ​ថែមទាំង​បាន​បើក​កិច្ចពិភាក្សា​ដើម្បី​ឈានទៅរក​កិច្ចព្រមព្រៀង​អនុញ្ញាតឱ្យ​ភាគី​ទាំងពីរ​ដាក់​កងទ័ព​នៅ​លើ​ទឹកដី​របស់​គ្នា​ទៅវិញទៅមក​ទៀតផង។

កាលពី​សប្តាហ៍​មុន ជប៉ុន​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​យ៉ាង​ប្រថុយប្រថាន និង​តានតឹង​ខ្លាំង បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​រវាងកប៉ាល់​ហ្វ៊ី​លី​ពី​ន និង​ចិន​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ដែលជា​តំបន់​មាន​ជម្លោះ​ស្រាប់។ ឧបទ្ទវ​ហេតុនេះ​បាន​បណ្ដាលមកពី​ការប៉ះទង្គិច​គ្នា ហើយ​កប៉ាល់​ចិន​បាន​ប្រើ​កាណុង​បាញ់​ទឹក​សំដៅ​ទៅកាន់​កប៉ាល់​របស់​ហ្វីលីពីន។

ប្រធានាធិបតី ​ហ្វ៊ី​លី​ពីន លោក ហ្វឺ​ឌី​ណាន់ ម៉ា​កូ​ស (Ferdinand Marcos) បាន​និយាយ​នៅក្នុង​បទ​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​NHK របស់​ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃ​សៅរ៍ ​ថា​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ កាន់​តែមាន​ភាពស្មុគស្មាញ​ជាង​មុន។

ការិយាល័យ​របស់លោក​បាន​ដកស្រង់​សម្ដី​របស់លោក​ថា កាលណា​ប្រទេស​ចិន​កាន់តែ​បង្ហាញ​អំនួត​កាន់តែខ្លាំង​បញ្ហា​ប្រឈម​សម្រាប់​ប្រទេសជិតខាង​នៅ​អាស៊ី​ក៏​ខ្លាំង​ដូចគ្នា ដូច្នេះហើយ រដ្ឋាភិបាល​ក្រុង​ម៉ានីល​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​តូ​ក្យូ ទីក្រុង​វ៉ាស៊ីនតោន និង​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត​ដទៃទៀត​ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា៕