រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ លោក​ វ៉ាង​ យី​ បាន​​ជួប​ពិភាក្សា​គ្នា​​​ជាមួយ​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង​នៅ​ទីក្រុង​ប៉េកាំង​នា​​ថ្ងៃ​ចន្ទ​ ទី​១៨ ធ្នូ​ នេះ​ ស្រ​ប​ពេល​ដែល​ទីក្រុង​ព្យុងយ៉ាង ​​បាញ់មីស៊ីល ​ផ្លោង​អន្តរទ្វីប​​ដែល​មាន​សមត្ថភាព​ទៅ​ដល់​គ្រប់​ទីកន្លែង​នៃ​ទឹក​ដី​របស់​សហរដ្ឋ​​​អាមេរិក​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​ចិន​ ​​លោក​ វ៉ាង​ ​បាន​និយាយ​នៅ​ពេល​ជួប​​​​​​​ជាមួយ​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​ លោក​ Pak Myong Ho ​ថា​ ​ទីក្រុង​ប៉េកាំង​មាន​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​ទំនា​ក់​ទំនង​ និង​ការ​សម្រប​សម្រួល​ទ្វេ​ភាគី​ និង​ធ្វើ​ឱ្យ​ការ​ផ្លាស់​ប្តូរ​ និង​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ស៊ី​ជម្រៅ​ក្នុ​ង​វិស័យ​ផ្សេង​ៗ​។​

លោក​ វ៉ាង​ និង​ លោក​​ Pak ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា​នៃ​​ក្តី​បារម្ភ​រួម​ ប៉ុន្តែ​សេចក្ដី​ថ្លែងការណ៍​​ពី​ក្រសួង​ការបរទេស​ចិន​មិន​បាន​រៀប​រាប់​លម្អិត​ស្ដី​ពី​កិច្ច​ប្រជុំ​នោះ​ទេ​។​


ចំណែក​ឯ ​លោក​ Pak វិញ​ បាន​និយាយ​ថា​ ​កូរ៉េ​ខាង​ជើង​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពហុ​ភាគី​ជា​មួ​យ​ចិន​ ដើម្បី​​ការពារ​ផល​ប្រយោជន៍​រួម​​ ​និង​​រក្សា​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងកា​រណ៍​របស់​ក្រសួង​ការបរទេស​ចិនដដែល​​។

 ​កូរ៉េ​ខាង​ជើង​​​ជា​សម្ព័ន្ធ​មិត្ត​​ផ្លូវ​ការ​​តែ​​មួយ​​គត់​​របស់​​ចិន​​។ ​ក្រោម​​សន្ធិ​សញ្ញា​ឆ្នាំ​ ១៩៦១ ប្រទេស​ទាំង​២​ ​​ត្រូវ​ចាត់​វិធានការ​ចាំ​បាច់​ទាំង​អស់​ រួម​ទាំង​ជំនួយ​ផ្នែក​យោធា​ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ ឬ​ការ​ប៉ុន​ប៉ង​វាយ​ប្រ​ហារ​ដោយ​ប្រទេស​ទី​៣​។


ជំនួបចុង​ក្រោយ​ ដែល​រ៉យទ័រ​រាយការណ៍​ថា​ជា​ជំនួប​ថ្នាក់​ខ្ពស់​ នា​ថ្ងៃ​ចន្ទ​​នេះ​ ធ្វើ​ឡើង​ស្រប​គ្នា​​នៃ​ការ​បាញ់​សាក​ល្បង​មីស៊ីល​ផ្លោង​អន្តរទ្វីប​របស់​កូរ៉េខាង​ជើង​ ដែល​កើត​ឡើង​បន្ទាប់​ពី​ការ​បាញ់​សាក​ល្បង​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​។

កូរ៉េខាង​ជើង​និយាយ​ថា​ ការ​បាញ់​សាក​ល្បង​របស់​ខ្លួន​ធ្វើ​ឡើង​ ដើម្បី​ប្រឆាំង​ទៅ​នឹង​សកម្មភាព​យោធា​ក្នុង​តំ​បន់​របស់​អាមេរិក​ ដែល​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​បញ្ជូននាវា​មុជ​ទឹក​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​ ទៅ​កាន់​កូរ៉េខាង​ត្បូង​។ កូរ៉េខាង​ជើង​ថ្កោល​ទោស​សកម្ម​ភាព​នេះ​ថា​ជា​ការ​គៀង​គរ​អាវុធ​ដើម្បី​ធ្វើ​សង្រ្គាម​។

​រាល់​សកម្មភាព​មីស៊ីល​ផ្លោង​របស់​កូរ៉េ​ខាង​ជើង​ ​ត្រូវ​បាន​​​ហាម​ឃាត់​​ក្នុង​ដំណោះ​ស្រាយ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហប្រជាជាតិ​ប៉ុន្តែ​កូរ៉េ​ខាង​ជើង​និយាយ​​ថា​ ​ខ្លួន​មាន​សិទ្ធិ​អធិបតេយ្យ​ក្នុង​ប្រតិបត្តិការ​កម្មវិធី​មីស៊ីល​ផ្លោង​សម្រាប់​ការពារ​ខ្លួន​ ហើយ​ច្រាន​ចោល​​ការ​ហាម​ឃាត់​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ដែល​ខ្លួន​និ​យា​យ​ថា​ ជា​​​ផលិត​ផល​នៃ​​គោល​នយោបាយ​អរិភាព​របស់​សហរដ្ឋ​អាមេរិក​​៕