ប្រទេស​ចិន​ បាន​​បង្ហាញ​ការ​ប្តេជ្ញា​កាលពី​ថ្ងៃទី១៨ ខែធ្នូ ថា​នឹង​ចាត់វិធានការ​ប្រឆាំង​ចំពោះ​ក្រុមហ៊ុន​​ណា​​ដែល​​ជាប់​ពាក់ព័ន្ធ​នឹង​ការលក់​អាវុធ​ទៅឱ្យ​តៃវ៉ាន់ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ចំនួន ៣០០ លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រឹង​ការការពារ​​ដែន​កោះ​នេះ។

ប្រទេស​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​នៃ​ទឹកដី​របស់ខ្លួន ហើយ​បាន​សន្យាថា​នឹង​ដណ្តើមយក​វា​មក​នៅ​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​នៅ​​ថ្ងៃ​ណាមួយ​សូម្បី​ការ​ប្រើប្រាស់​កម្លាំង​ក៏ដោយ ខណៈពេលដែល​សភា​អាមេរិក​ទាមទារ​ការផ្គត់ផ្គង់​អាវុធ​ដល់​ដែន​ដី​កោះ​ដែល​គ្រប់​គ្រង​ខ្លួនឯង​តាម​បែប​​លទ្ធិប្រជាធិបតេយ្យ​​សម្រាប់​ការពារ​ខ្លួន។

​តាម​ទីភ្នាក់ងារ​ព័ត៌មានបារាំង ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​កាលពី​សប្តាហ៍​មុន​បានអនុម័ត​កញ្ចប់​សព្វាវុធ​ដែល​ភាគី​ទាំងពីរ​បាន​និយាយថា​នឹង​ពង្រឹង​ប្រព័ន្ធ​បញ្ជា និង​គ្រប់គ្រង​សមរភូមិ​រួមគ្នា​របស់​តៃប៉ិ។


ក្រុង​ប៉េកាំង​បាន​វាយបក​វិញ​នៅ​ថ្ងៃទី ១៨ខែធ្នូ ដោយ​និយាយថា ខ្លួន​នឹង​ចាត់វិធានការឱ្យ​​ខ្លាំងក្លា​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់ខ្លួន។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ទៀងទាត់​ថា៖«យើង​នឹង​ចាត់វិធានការ​ប្រឆាំងនឹង​ក្រុមហ៊ុនណាមួយ​​ពាក់ព័ន្ធ​ដែល​ចូលដៃ​នឹង​ការលក់​អាវុធ​ទៅឱ្យ​តៃវ៉ាន់»។


លោក​បាន​បន្ថែមថា សហរដ្ឋអាមេរិក​គួរតែបញ្ឈប់​និន្នាការ​ដ៏​គ្រោះថ្នាក់​នៃ​ការ​បំពាក់អាវុធ​ដល់​តៃវ៉ាន់ បញ្ឈប់​ការបង្កើត​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​បញ្ឈប់​ការ​រំជួលចិត្ត និង​គាំទ្រ​កងកម្លាំង​ផ្តាច់ខ្លួន​នៃ​ឯករាជ្យភាព​តៃវ៉ាន់​ក្នុង​ដំណើរ​ស្វែងរក​ឯករាជ្យ​របស់​ពួកគេ​ដោយ​កម្លាំង។

​លោក បាន​បន្តថា៖​«នៅ​ទីបំផុត ចិន​នឹង​បង្រួបបង្រួម​គ្នា​ឡើងវិញ ហើយ​ពិតណាស់​ត្រូវតែ​បង្រួបបង្រួម​គ្នា​ឡើងវិញ»។

ទីក្រុង​ប៉េកាំង​បាន​បង្កើន​សម្ពាធ​​ម្តងហើយ​ម្តងទៀតលើ​កោះ​តៃវ៉ាន់ ចាប់តាំងពី​ប្រធានាធិបតី Tsai Ing-wen ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ២០១៦ ហើយ​សម្ពាធ​​កើន​ឡើង​ខ្លាំង​ពីមួយលើក​ទៅមួយលើក​។ វាស្ទើរតែផ្ទុះសង្គ្រាម​​ក្នុងឆ្នាំ​២០២២ ពេលដែលប្រធានសភាអាមេរិក​ទៅទស្សនកិច្ច​នៅតៃវ៉ាន់៕​