លោក​ Elon Musk ស្ថាបនិក​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla កាលពី​ថ្ងៃ​សៅរ៍​ ទី ១៧ ខែធ្នូ​ ឆ្នាំ ២០២៣ បាន​និយាយថា ​ប្រេង ​និង​ឧស្ម័ន​មិនទាន់​គួរ​ត្រូវ​ពិចារណា​ឈប់​ប្រើប្រាស់​ក្នុង​រយៈពេល​មធ្យម​នោះទេ​ ប៉ុន្តែ​ លោក​ក៏បាន​និយាយថា​វា​មាន​សារៈសំខាន់​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​កាបូន​ដើម្បី​ការពារ​ភពផែនដី​ដែរ។

នៅក្នុង​កិច្ច​ជួបជុំ​នយោបាយ​ស្តាំនិយម​ដែល​រៀបចំ​ដោយ​គណបក្ស Brothers of Italy របស់​នាយករដ្ឋមន្ត្រី​អ៊ីតាលី​GiorgiaMeloniលោក Musk បាន​និយាយបាន​និយាយថា​ការព្រមាន​អំពី​ការប្រែប្រួល​អាកាសធាតុ​ក្នុង​រយៈពេល​ខ្លី​គឺ​និយាយ​បំផ្លើស ដោយ​បន្ថែមថា​ចលនា​បរិស្ថាន​អាច​នឹង​ទៅ​ឆ្ងាយ​ពេក​ដែល​បណ្តាលឱ្យ​មនុស្ស​បាត់បង់​ជំនឿ​ទៅ​ថ្ងៃ​អនាគត។

នៅក្នុង​កិច្ចប្រជុំ​កំពូល​អាកាសធាតុ COP28 ក្នុង​ខែ​នេះ​អ្នកតំណាង​មកពី​ប្រទេស​ជិត២០០ ប្រទេស ​បាន​ព្រមព្រៀងគ្នា​ដើម្បី​ចាប់ផ្តើម​កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ជា​សកល​ដើម្បី​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ​ដ៏​អាក្រក់​បំផុត​ដែលជា​សញ្ញា​បង្ហាញ​ពី​ការបញ្ចប់​នៃ​យុគសម័យ​ប្រេង។


ដោយឡែក​ លោក Musk បាន​និយាយថា​លោក​ចាត់ទុក​ខ្លួន​ជា​អ្នក​បរិស្ថាន​ហើយ​បាន​បន្ថែមថា​វា​ពិតជា​សំខាន់​បែប​នោះ​មែន​បើ​គិត​ក្នុង​រយៈពេល​យូរ​ដោយ​ឧស្សាហកម្ម​កាត់បន្ថយ​កាបូន​រាប់ពាន់​លាន​ដែល​ពួកគេ​យក​ពី​ផែនដី​ហើយ​បញ្ចេញ​ទៅក្នុង​បរិយាកាស​ដោយ​ការដុត​ឥន្ធនៈ​ហ្វូ​ស៊ី​ល។

ក៏ប៉ុន្តែ​ម្តង​ហើយ​ម្តងទៀត​មហាសេដ្ឋី​រូបនេះ​បាន​បញ្ជាក់ថា៖ «យើង​មិនគួរ​បោះបង់​ប្រេង​និង​ឧស្ម័ន​ក្នុង​រយៈពេល​មធ្យម​នោះទេ»។


ក្រៅតែពី​និយាយ​បញ្ហា​ប្រេង​នៅពេលដែល​អ្នកសម្របសម្រួល​សួរថា​តើ​ក្រុមហ៊ុន​របស់លោក​នឹង​វិនិយោគ​នៅក្នុង​ប្រទេស​អ៊ីតាលី​ឬទេ​លោក Musk បាន​និយាយថា​លោក​មានការ​ព្រួយបារម្ភ​អំពី​ការថយចុះ​អត្រា​បង្ក​កំណើត​របស់​ប្រទេស​នេះ។

លោក ​Elon Musk បកស្រាយ​ថា៖ «ខ្ញុំ​គិតថា​ប្រទេស​អ៊ីតាលី​ជា​កន្លែង​វិនិយោគ​ដ៏​ល្អ​ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់ថា​ខ្ញុំ​បារម្ភ​អំពី​អត្រាកំណើត​ទាប។ប្រសិនបើ​កម្លាំង​ពលកម្ម​ធ្លាក់ចុះ​តើ​អ្នកណា​នឹងធ្វើ​ការ»។

ស្របពេល​ជាមួយគ្នានេះ​លោក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អ៊ីតាលី​បង្កើន​ការលើកទឹកចិត្ត​សម្រាប់​គ្រួសារ​ឱ្យ​មានកូន​កាន់តែច្រើន​ដោយ​បន្ថែមថា​ប្រទេសមួយ​មិនអាច​ពឹងផ្អែក​តែ​លើ​លំហូរ​ជនអន្តោប្រវេសន៍​ដើម្បី​បំពេញ​ចន្លោះ​នោះទេ។

​ប្រទេស​អ៊ីតាលី​បានកំណត់​ថវិកា​ប្រហែល ១ ពាន់​លាន​អឺរ៉ូ នៅក្នុង​គម្រោង​ថវិកា​ឆ្នាំក្រោយ​ ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រជាសាស្ត្រ​របស់​ប្រទេស។អត្រា​បង្ក​កំណើត​នៅ​ប្រទេស​អ៊ីតាលី​បាន​ធ្លាក់ចុះ ១៤ឆ្នាំ ជាប់ៗគ្នា​ ជា​ចំនួន​ទាប​បំផុត​ចាប់តាំងពី​ការបង្រួបបង្រួម​ប្រទេស​ក្នុង​ឆ្នាំ១៨៦១ កន្លងទៅ៕