ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​កាលពី​ថ្ងៃទី​ ១៦ ខែធ្នូ ឆ្នាំ​ ២០២៣ បាន​រាយការណ៍​ដោយ​ដកស្រង់​សម្តី​របស់​អ្នកគាំទ្រ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin)​ថា លោក ពូ​ទីន នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ឯករាជ្យ​មិន​ចំណុះ​គណបក្សនយោបាយ​ណាមួយ​ឡើយ​សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ ​២០២៤​។​


​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​​រុស្ស៊ី​ដដែល​បានឱ្យដឹងថា ក្រុម​អ្នក​នយោបាយ និង​បុគ្គល​ល្បីៗ​មកពី​វិស័យ​កីឡា និង​វប្បធម៌ ចំនួន ៧០០​ នាក់ បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ម៉ូស្គូ ហើយ​បាន​ព្រមព្រៀងគ្នា​គាំទ្រ​ការតែងតាំង​របស់លោក​ពូ​ទីន​ជា​បេក្ខជន​ប្រ​ធានា​​ធិបតី​ឯករាជ្យ​តែ​ម្នាក់​គត់​។​

​លោក ពូ​ទីន បាន​ដឹកនាំ​ប្រទេស​រុស្ស៊ី ក្នុងនាម​ជា​ប្រធានាធិបតី​ផង និង​ជា​នាយករដ្ឋមន្ត្រី​ផង អស់​រយៈពេល​ជាង ២០ ​ឆ្នាំ​មកហើយ​។ លោក​នឹង​ឈរឈ្មោះ​សម្រាប់​អាណត្តិ ៦​ ឆ្នាំ​ទៀត​នៅក្នុង​ការ​បោះឆ្នោត​នៅ​ខែមីនា ឆ្នាំ​ ២០២៤ ខាងមុខនេះ ដែល​គេ​រំពឹងថា លោក​នឹង​ឈ្នះ​ការបោះឆ្នោត​យ៉ាង​ងាយស្រួល​បំផុត​។​


​ជាក់ស្ដែង លោកពូ​ទីន មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​គណបក្ស​របស់លោក ឈ្មោះថា គណបក្ស​សហព័ន្ធរុស្ស៊ី (United Russia Party) ដែលជា​គណបក្សកាន់អំណាច ប៉ុន្តែ​លោក​សម្រេច​មិន​ឈរ ឈ្មោះ​ជា​បេក្ខជន​មកពី​គណបក្ស​នេះ​ទេ​។ ផ្ទុយទៅវិញ លោក​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ឯករាជ្យ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​មន្ត្រីជាន់ខ្ពស់​មក​ពី​គណបក្សកាន់អំណាច លោក Andrei Turchak​។​


​ទីភ្នាក់ងារសារព័ត៌មាន​ក្នុងស្រុក​របស់​រដ្ឋ​រុស្ស៊ី RIA បាន​ដកស្រង់​សម្ដី​របស់លោក Turchak ថា សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​ជាង​ ៣,៥ លាន​នាក់​នឹងចូលរួម​យ៉ាងសកម្ម​ក្នុង​យុទ្ធនា​ការបោះ​​ឆ្នោត​។ លោក​ក៏បាន​គូស​បញ្ជាក់ដែរថា លោក ពូ​ទីន គឺជា​សហ​ស្ថាបនិក​ម្នាក់​របស់​គណបក្ស​សហព័ន្ធរុស្ស៊ី​។​


​លោក ស៊ែ​ហ្គៃ មី​រ៉ូ​ណូ​វ (Sergei Mironov)​ អ្នកនយោបាយ​ជាន់ខ្ពស់​១​រូប​នៅក្នុង​គណបក្ស​យុត្តិធម៌​រុស្ស៊ី (Just Russia)​ ដែល​គាំទ្រ​លោក ពូ​ទីន​ផងដែរ​នោះ បាន​និយាយ​ទៅកាន់​សារព័ត៌មាន RIA ថា លោក ពូ​ទីន​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ដោយ​ឯករាជ្យ ហើយ​ពួកគេ​នឹង​ប្រមូល​ហត្ថលេខា​ដើម្បី​គាំទ្រ​រូបលោក​។​

​បច្ចុប្បន្ន លោក ពូ​ទីន មាន​អាយុ ៧១ ​ឆ្នាំ ហើយ​ការបោះឆ្នោត​ខាងមុខនេះ​គឺ​ហាក់បីដូច​ជាការ​ធ្វើឡើង​ដើម្បី​បង្គ្រប់​កិច្ច​តែប៉ុណ្ណោះ ពោលគឺ​ជាការ​ចង់បង្ហាញ​ឱ្យឃើញថា លោក​មានការ​គាំទ្រ​ទាំង​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ រីឯ​សំឡេង​ប្រឆាំង​វិញ គឺមាន​តិចតួច​បំផុត​៕