អាជ្ញាធរ​ព្រែកជីក​ស៊ុយ​អេ​របស់​ប្រទេស​អេ​ហ្ស៊ី​ប បានឱ្យដឹងថា ខ្លួន​បាន​ពង្រឹង​ការតាមដាន​យ៉ាង​ដិតដល់​លើ​ផលប៉ះពាល់​នៃ​ភាព​តានតឹង​នៅ​សមុទ្រ​ក្រហម បន្ទាប់​ពី​មានការ​វាយប្រហារ​ថ្មីៗ​នេះ​លើក​ប៉ាល់​ដឹកទំនិញ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ហ៊ូ​ធី​របស់​យេ​ម៉ែន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការដឹកជញ្ជូន​តាម​ព្រែក​ស៊ុយ​អេ​។​

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​រាយការណ៍​ថា នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ប្រធាន​អាជ្ញាធរ​ព្រែកជីក​នេះ លោក Osama Rabie បាន​និយាយថា អាជ្ញាធរ​កំពុង​តាមដាន​យ៉ាង​ដិតដល់​ពី​ផល​លំបាក​នៃ​ភាព​តានតឹង​នាពេល​បច្ចុប្បន្ន​។ លោក​បាន​បន្ថែមថា ចរាចរណ៍​តាម​សមុទ្រ​ក្នុង​ព្រែកជីក​ស៊ុយ​អេប​ច្ចុ​ប្បន្ន​មាន​លក្ខណៈ​ធម្មតា ប៉ុន្តែ​មិនបាន​បញ្ជាក់​លម្អិត​បន្ថែ​ម​ទេ​។​

​ការ​ឱ្យដឹង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ដឹកទំនិញ​ធំៗ​ចំនួន​​ ២ រួមទាំង​ក្រុមហ៊ុន MSC ដែលជា​បណ្តាញ​ដឹកជញ្ជូន​កុង​តឺ​ន័​រ​ដ៏​ធំ​បំផុត​របស់​ពិភពលោក បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ពួកគេ​នឹងមិន​ដឹកជញ្ជូន​ទំនិញ​តាម​ច្រក​ព្រែកជីក​ស៊ុយ​អេ​នោះទេ​។ ការប្រកាស​នេះ ធ្វើឡើង​ខណៈ​ក្រុម​សកម្មប្រយុទ្ធ​ហ៊ូ​ធី នៅ​ប្រទេស​យេ​ម៉ែន​បង្កើន​ការ​វាយ​​លុក​របស់ខ្លួន​លើ​នាវា​ពាណិជ្ជ​កម្ម​នៅ​សមុទ្រ​ក្រហម​។​


​យោងតាម​ក្រុម​ហ៊ូ​ធី ខ្លួន​បាន​ប្រើ​ដ្រូន​ដើម្បី​វាយប្រហារ​កប៉ាល់ MSC Palatium III ដែលមាន​ទង់ជាតិ​លី​បេ​រី​យ៉ា កាលពី​ថ្ងៃ​សុក្រ នៅ​ច្រក​សមុទ្រ​ Bab alMandab នៃ​ប្រទេស​យេ​ម៉ែន ពោលគឺ​នៅ​តំបន់​ភាគ​ខាងត្បូង​នៃ​ចុង​សមុទ្រ​ក្រហម​។

​ក្រុមហ៊ុន MSC បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា មិនមាន​អ្នករងរបួស​ក្នុង​ហេតុ​ការណ៍​បាញ់ប្រហារ​ទ ប៉ុន្តែ​កប៉ាល់​របស់ខ្លួន​បាន​រង​ការខូចខាត ហើយ​ត្រូវ​ដកចេញ​ពី​សេវាកម្ម​ដឹកជញ្ជូន​។ ចំណែកឯ​យោធា​អាមេរិក​វិញ បាន​និយាយថា កប៉ាល់ Al Jasrah ដែលមាន​ទង់ជាតិ​លី​បេ​រី​យ៉ា​មួយទៀត​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន Hapag Lloyd​ ក៏បាន​រង​ការវាយប្រហារ​ដោយ​មី​ស៊ី​លពី​ក្រុម​ហ៊ូ​ធី​ដែរ​។


​ក្រោម​កង្វល់​ដូចគ្នា ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​ធំ A.P. Moller Maersk របស់​ប្រទេស​ដា​ណឺ​ម៉ាក កាលពី​ថ្ងៃ​សុក្រ បានប្រកាស​ផ្អាក​ការដឹកជញ្ជូន​កុងតឺន័រ​ទាំង​អស់​តាមរយៈ​ច្រក​សមុទ្រ Bab alMandab ឆ្ពោះទៅ​ព្រែក​​ជីក​ស៊ុយ​អេ​រហូតដល់​មានការ​ជូនដំណឹង​បន្ថែម​។

​បន្ទាប់មក​នៅ​ថ្ងៃ​សៅរ៍ ក្រុម​ហ៊ុន​ដឹកជញ្ជូន MSC និង CMA CGM ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វ៊ី​ស បានប្រកាស​ចំណាត់ការ​ផ្អាក​ការដឹកជញ្ជូន​កុងតឺន័រ​ក្រោយ​ការវាយប្រហារ​ជា​បន្តបន្ទាប់ ខណៈ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាល្លឺម៉ង់ Hapag Lloyd និយាយថា ខ្លួន​ប្រហែលជា​នឹង​ផ្អាក​ដូចគ្នា​។ ក្រុមហ៊ុន CMA CGM បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖«​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​បន្ថែមទៀត ហើយ​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​កំពុង​កើនឡើង​»​។​

​ក្រុម​ហ៊ូ​ធី ដែល​គ្រប់គ្រង​ភាគ​ច្រើន​នៃ​ប្រទេស​យេ​ម៉ែន បាន​សន្យា​បន្ត​ការវាយប្រហារ​របស់ខ្លួន​រហូតដល់​អ៊ី​ស្រា​អែល​បញ្ឈប់​ការវាយលុក​នៅ​តំបន់​ហ្គា​ហ្សា ប៉ុន្តែ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​ផ្តោត​ការវាយប្រហារ​លើ​តែ​កប៉ាល់ ឬ​នាវា ដែល​ធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​អ៊ី​ស្រា​អែល​ប៉ុណ្ណោះ​។ យ៉ាងណាមិញ មុន​រង​ការវាយប្រហារ កប៉ាល់ Palatium III របស់​ក្រុម MSC កំពុងធ្វើដំណើរ​ទៅ​ក្រុង​ ​Jeddah នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។

​ព្រែកជីក​ស៊ុយ​អេ គឺជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​របស់​ពិភព​លោក ដែល​ត​ភ្ជាប់​ការដឹកជញ្ជូន​រវាង​ពិភពលោក​ខាងលិច និង​ខាងកើត​។ ព្រែកជីក​នេះ ត​ភ្ជាប់​ពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ទៅកាន់​សមុទ្រ​ក្រហម មុន​ឆ្លងកាត់​ឈូង​សមុទ្រ Bab alMandab របស់​យេ​ម៉ែន ឆ្ពោះទៅកាន់​មហា​សមុទ្រ​ឥណ្ឌា​។ ប្រសិនបើ​ក្រុម​​ហ៊ុន​ដឹកជញ្ជូន​មិន​ប្រើ​ផ្លូវ​នេះ​ទេ ពួកគេ​អាច​ប្រើ​ផ្លូវ​ដឹកជញ្ជូន​មួយទៀត ដែលមាន​រយៈ​ឆ្ងាយ ពោល គឺ​តាមរយៈ​ច្រក Cape of Good Hope ភាគខាងត្បូង​នៃ​អាហ្រ្វិក​ខាងត្បូង​៕