អាជ្ញាធរ​ចិន ​​​ដុត​ដៃ​ដុត​ជើង​​​​ប្រឹង​ជួយសង្គ្រោះ​ជន​រងគ្រោះ​ ក្នុងគ្រោះរញ្ជួយដី​នៅចិន​ និង​បន្ត​រក​​ឃើញ​សាកសព​​​ជន​រងគ្រោះ​ក្នុងគ្រោះរញ្ជួយ​ដី​ដ៏ខ្លាំង​​​​​កម្រិត ៦,២ រ៉ិចទ័រ​ ដែល​រហូត​ដល់​ពេលនេះ​​​​រក​ឃើញ​ជ​នរងគ្រោះ​បាន​កើ​ន​ដល់​ ១១៦​ នាក់​​​និង​អ្នក​រងរបួស​​ជាង ​៥០០​ នាក់​ ​ខណៈដែល​អាកាសធាតុ​ចុះ​ត្រជាក់​កាន់តែខ្លាំង។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​​ចិន​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី១៩ខែធ្នូ​ថា ​គ្រោះ​រញ្ជួយ​ដី​​ដែល​មាន​កម្លាំង​ខ្លាំង​នេះ​បាន​​បណ្តា​ល​ឱ្យ​ដួលរលំ​អគារ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន ខណៈដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ប្រឹង​ជម្នះ​ដើម្បី​ចាប់ផ្តើម​ជីក​យក​គំនរ​បាក់បែក​ក្នុងស្ថានភាព​​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​។

យោង​តាមការ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ចុង​ក្រោយ មន្ត្រី​ក្នុង​តំបន់​បាន​និយាយ​ថា ​គ្រោះ​រញ្ជួយ​ដី​បាន​កើត​ឡើង​នៅ​ពាក់​កណ្តាលអធ្រាត្រ​​​​​​នៅក្នុង​ខេត្ត Gansu ភាគពាយព្យ​ចិន បណ្តាល​ឱ្យ​មាន​អ្នកស្លាប់ ​១០៥​ នាក់ ​និង​អ្នក​របួស​ជិត​៤០០​នាក់​។​ យោងតាម​ទូរទស្សន៍ CCTV បានឱ្យដឹងថា មនុស្ស ១១ នាក់ ​ផ្សេងទៀត​បាន​ស្លាប់ និង​ជាង ១០០ នាក់​បាន​រងរបួស​នៅក្នុង​ទីក្រុង Haidong ក្នុង​ខេត្ត Qinghai ជិតខាង។


ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Xinhua បាន​និយាយថា គ្រោះ​រញ្ជួយ​ដី​នេះ​បានធ្វើឱ្យ​ផ្ទះ​ដួលរលំ និង​បណ្តាលឱ្យ​ខូចខាត​​យ៉ាងដំណំ​ ដោយបាន​បញ្ជូន​មនុស្ស​រត់​ចូលទៅក្នុង​ផ្លូវ​ដើម្បី​សុវត្ថិភាព។

តាមសេចក្តីរាយការណ៍ ការងារ​ជួយសង្គ្រោះ​កំពុងដំណើរការ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី១៩ ខែធ្នូ ដោយ​ប្រធានាធិបតី​ចិន ស៊ី ជិនភីង (Xi Jinping) បាន​អំពាវនាវ​ឱ្យ «កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់» ក្នុង​ការងារ​ស្វែងរក និង​សង្គ្រោះ។


យោងតាម​ទូរទស្សន៍ CCTV លោក​ប្រធានាធិបតី បាន​និយាយថា សីតុណ្ហភាព​ទាប​ជាង​ត្រជាក់​នៅក្នុង​តំបន់​ដែលមាន​កម្ពស់​ខ្ពស់ ហើយ​អ្នក​ជួយសង្គ្រោះ​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះមហន្តរាយ​បន្ទាប់បន្សំ៕​