ក្រុមអ្នកតវ៉ាក្នុង​ប្រទេសបង់ក្លាដែស​​​​​​ បាន​ដុត​រថភ្លើង​​​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ដោយបាន​សម្លាប់​​មនុស្ស​យ៉ាងតិច​ ៤ នាក់​ ចំពេល​មាន​កូដកម្ម​ទូទាំងប្រទេស​ ដែល​បាន​អំពាវនាវ​ដោយ​ក្រុមប្រឆាំង​ដើម្បី​ជំរុញ​ការទាមទារ​របស់ខ្លួន​ឱ្យ​​រដ្ឋាភិបាល​លាលែង​ពី​តំណែង​មុន​ការបោះ​ឆ្នោត​​នៅ​ខែក្រោយ។

​​​ការ​ដុត​​រថភ្លើង​​នេះ​​ គឺជា​ជម្លោះ​ចុងក្រោយបង្អស់​ ដែល​បង្កឡើង​ដោយ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដែល​រថយន្តក្រុង និង​រថយន្ត​រាប់សិប​គ្រឿង​ត្រូវបាន​ដុតបំផ្លាញ ហើយ​យ៉ាងហោចណាស់​មនុស្ស៦​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ថ្ងៃទី២៨​ខែ​តុលា នៅពេលដែល​ការប្រមូលផ្តុំ​របស់​គណ​បក្សប្រឆាំង​បានក្លាយ​ទៅជា​ហិង្សា។

លោក Shahjahan Shikder មន្ត្រី​សេវា​ពន្លត់អគ្គីភ័យ  បាន​និយាយថា៖​«អ្នកគាំទ្រ​កូដកម្ម​បាន​ដុតបំផ្លាញ​តួរថភ្លើង​ចំនួន​៣​ដែល​កំពុង​បើក​បរ​ក្នងល្បឿនលឿន​។ សាកសព​បួន​នាក់​ត្រូវបាន​យក​មកពី​បន្ទប់​មួយ»។


ប៉ូលិស ​បាន​និយាយថា ភ្លាមៗនោះគេ​មិនទាន់​ដឹង​ច្បាស់​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅលើ​រថភ្លើង ដែល​ធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​ដាកា​ពី​ស្រុក Netrokona ភាគ​ខាងជើង នៅពេលដែល​អ្នកដំណើរ​បានឃើញ​អណ្តាតភ្លើង​នៅ​ចម្ងាយ​ជិតពី​គោលដៅ​របស់​វា។

​រដ្ឋាភិបាល​​មិន​ទាន់​ចេញ​សេចក្តី​​ថ្លែងការណ៍​​​បញ្ជាក់​ពី​​​ហេតុការណ៍​នេះ​​នោះទេ​ រហូតដល់​ម៉ោង​ចេញផ្សាយ​របស់​​រ៉យទ័រ​នៅ​មុន​នេះ​។ 


ជាមួយនឹង​មេដឹកនាំ​កំពូល​របស់ខ្លួន​ទាំង​ជាប់ពន្ធនាគារ ឬ​និរទេស​ខ្លួន គណបក្ស​ជាតិនិយម​បង់​ក្លា​ដែ​ស (BNP) ចង់ឱ្យ​នាយករដ្ឋមន្ត្រី Sheikh Hasina ចុះ​ចេញពី​ដំណែង និង​បើកផ្លូវ​សម្រាប់​រដ្ឋាភិបាល​អព្យាក្រឹត​មួយ​ដើម្បី​ត្រួតពិនិត្យ​ការបោះឆ្នោត​នៅ​ថ្ងៃទី៧ ខែមករា ដែល​ខ្លួន​បានធ្វើ​ពហិការ។

នាយករដ្ឋមន្ត្រី​ Hasina ដែល​កំពុង​ស្វែងរក​អាណត្តិ​ទី​បួន​ក្នុងចំណោម​ប្រាំ​អាណត្តិជាប់ៗគ្នា​បាន​ច្រានចោល​ការអំពាវនាវរ​បស់​គណបក្សប្រឆាំង​ម្តង​ហើយ​ម្តងទៀត​ ដោយ​បន្ទោស​គណបក្ស BNP ចំពោះ​ការតវ៉ា​តាម​ដងផ្លូវ​ដែល​​បណ្តាល​ឱ្យ​មាន​កា​រ​ស្លាប់​នាពេលថ្មីៗនេះ​ដើម្បី​គាំទ្រ​ការទាមទារ​របស់​ពួកគេ។

ក្នុងចំណោម​មណ្ឌលបោះឆ្នោត​ចំនួន ៣០០​ ដែល​​ត្រូវ​ដណ្តើមបាន​នៅក្នុង​ការបោះឆ្នោត គណបក្ស Awami League របស់​លោកស្រី Hasina បាន​ចែករំលែក ២៦​ ជាមួយ​​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​គឺ​គណបក្ស Jatiya ដូច្នេះ​អនុញ្ញាតឱ្យ​បេក្ខជន​ចុងក្រោយ​ដាក់​បេក្ខជន​សរុប​ចំនួន ២៨៣​ អាសនៈ។

ក្រុម​​សិទ្ធិ​មនុស្ស​បាន​ចោទ ​រដ្ឋាភិបាល​ថា​ បានកំណត់​គោលដៅ​រួច​ទៅ​ហើយ​ដើម្បី​​​ធ្វើទុកបុកម្នេញ​លើ​មេដឹកនាំ​គណបក្សប្រឆាំង និង​អ្នកគាំទ្រ។ រដ្ឋាភិបាល​បដិសេធ​ការចោទប្រកាន់​នេះ ប៉ុន្តែ​ប្រឈម​នឹង​សម្ពាធ​ពី​ប្រទេស​លោកខាងលិច​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​មានការ​ចូលរួម។

ស្របតាម​ការអនុវត្ត​ធម្មតា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​របស់​ប្រទេស​បង់​ក្លា​ដែ​ស ​បានសម្រេច​ដាក់ពង្រាយ​កង​កម្លាំង​ចាប់ពី​ថ្ងៃទី២៩ ខែធ្នូ ដើម្បី​ទប់ស្កាត់​អំពើហិង្សា​ណាមួយ៕​