រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​អ៊ីរ៉ង់​ កាលពី​ថ្ងៃទី១៨ខែធ្នូ​​ ​បាន​បញ្ជាក់ថា ​បញ្ហា​រអាក់រអួលនៅស្ថានីយ៍​ប្រេងឥន្ធនៈ​នៅ​ទូទាំងប្រទេស​គឺ​បណ្ដាលមកពី​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត (Cyber-attack)។

លោក Javad Owji រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ថា​សេវាកម្ម​នៅតាម​ស្ថានីយ៍​ទូទាំង​ផ្ទៃ​ប្រទេស​ប្រមាណ​ជា ៧០% បានទទួល​ការរំខាន​ដែល​លោក​ដាក់​ការ​សន្និដ្ឋានថា​អាចជា​ការជ្រៀតជ្រែក​ពី​ក្រៅប្រទេស។

ប៉ុន្តែ​យ៉ាងណា​រហូតមក​ដល់ពេលនេះ​ស្ថានីយ​ប្រេង​ចំនួន១៦៥០ត្រូវបាន​ដំណើរការ​ឡើងវិញ​រីឯ​ក្រសួង​ក៏បាន​គ្រប់គ្រង​ស្ថានីយ​ប្រេង​ចំនួន៣៨០០កន្លែង​រួចរាល់​ហើយ​ដែរ។


ទាក់ទិន​នឹង​បញ្ហា​នេះ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ បាន​រាយការណ៍​ ដោយ​ចោទប្រកាន់ថា​ក្រុម​ដែល​វាយប្រហារ​ខាងលើ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ៊ីស្រាអែល។

ព័ត៌មាន​ទូរទស្សន៍​រដ្ឋ​របស់​អ៊ីរ៉ង់​បាន​និយាយទៀតថា​ក្រុម​ដែលមាន​ឈ្មោះថា Gonjeshke Darande ឬ «Predatory Sparrow» បាន​អះអាងថា​ខ្លួន​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​អ៊ីស្រាអែល​ក៏បាន​រាយការណ៍​ពី​ការអះអាង​នេះ​ផងដែរ។


ក្រុម​ខាងលើនេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​បណ្ដាញ​សង្គម Telegram ថា​ការវាយប្រហារ​តាម​អ៊ីនធឺណិត​នេះ​ត្រូវបាន​អនុវត្ត​ក្នុង​គោលបំណង​បញ្ចៀស​ការខូចខាត​ដែល​អាច​កើតមាន​ចំពោះ​សេវា​សង្គ្រោះបន្ទាន់​ណាមួយ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល។

ប៉ុន្តែ​យ៉ាងណា​ភាគី​អ៊ីរ៉ង់​បាន​សង្កត់ធ្ងន់ថា​ក្រុម Hacker ទាំងនោះ​ក៏​ធ្លាប់បាន​វាយប្រហារ​ប្រឆាំងនឹង​ស្ថានីយប្រេងឥន្ធនៈ​បណ្តាញ​ផ្លូវដែក​និង​រោងចក្រ​ដែក​របស់​អ៊ីរ៉ង់​កាលពីពេល​កន្លងទៅ​ផងដែរ។

​កាលពី​ឆ្នាំមុន​ក្រុម Predatory Sparrow ក៏​ធ្លាប់បាន​បង្ក​ភាពរអាក់រអួល​នៅក្នុង​រោងចក្រ​ដែក​មួយកន្លែង​របស់​អ៊ីរ៉ង់​ផងដែរ។មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅក្នុង​ឆ្នាំ២០២១ការវាយប្រហារ​ស្រដៀង​គ្នា​ទៅលើ​ស្ថានីយ៍​ប្រេងឥន្ធនៈ​បាន​រំខាន​ដល់​ការលក់​ប្រេង​និង​នាំឱ្យ​មានការ​ប្រជ្រៀត​គ្នា​ដើម្បី​ចាក់​ប្រេងសាំង​ផង។

តាមរយៈ​ការវាយប្រហារ​ម្ដង​ហើយ​ម្ដងទៀត​អ៊ីរ៉ង់​បាន​និយាយថា​អ៊ីស្រាអែល​និង​អាមេរិក​ជា​ពិរុទ្ធជន​ដែល​នៅ​ពីក្រោយ​រឿង​ទាំងនោះ។

បើទោះជា​យ៉ាងនេះ​ក្ដី​ក្រសួង​រ៉ែ​និង​ថាមពល​នាពេលនេះ​ក៏បាន​បញ្ជាក់ប្រាប់​ទូរទស្សន៍​រដ្ឋ​ដែរ​ថា​ការរអាក់រអួល​ខាងលើ​មិន​ទាក់ទង​នឹង​ផែនការ​ដំឡើងថ្លៃ​ប្រេងឥន្ធនៈ ដែល​អាច​នឹង​បង្ក​ទៅជា​ការ​តវា​ហិង្សា​នោះទេ៕