តួលេខ​អ្នកស្លាប់​ក្នុងគ្រោះរញ្ជួយដី​​​បាន​​កើន​ឡើង​បន្ថែមទៀតដល់​យ៉ាង​​ហោច​ណាស់​ ១១៨ នាក់​ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៦,២ ​រ៉ិចទ័រ​ បាន​វាយ​ប្រហារ​នៅ​តំបន់ចុង​ប៉ូច​ភាគ​ខាង​ជើង​នៃ​​​ខ្ពង់​រាប​ទីបេ​​របស់​​ប្រទេស​ចិន​​ កាល​ពី​​ពាក់​កណ្ដាល​អាធ្រាត្រ​ជិត​ចូល​ថ្ងៃ​ទី១៩ ខែធ្នូ​។ 

​​​យោង​តាម​មជ្ឈ​មណ្ឌល​បណ្តាញ​រញ្ជួយ​ដី​ចិន​ (CENC) បាន​ឱ្យដឹងថាគ្រោះ​រញ្ជួយដី​ដ៏​សាហាវ​ចុង​ក្រោយ​នេះ​ បាន​វាយ​ប្រហារ​នៅ​ក្នុងស្រុក​ Jisishan​នៃ​​ខេត្ត​ Gansu ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ចិន​ ក្នុង​ជម្រៅ​ដី​ ១០ គីឡូម៉ែត្រ​ក្បែរ​ព្រំ​ប្រទល់​ជាប់​ខេត្ត​ Qinghai​។

​អាជ្ញាធរ​​ខេត្ត​ ​ Gansu ​​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​​ ការ​រញ្ជួយដី​​​បា​ន​សម្លាប់​មនុស្ស​ចំនួន​ ១០៥​ នាក់​ និង​បាន​បំផ្លាញ​ផ្ទះ​ជាង​ ៤៧០០ ខ្នង​​។ ក្រៅ​ពី​នេះ​ ចំនួន​អ្នក​រង​គ្រោះ​នៃ​ខេត្ត​រង​គ្រោះ​​ដដែល ​មាន​​​ប្រមាណ​ ៣៩៧ នាក់​ដោយ​មានជាង​​ ៩០ នាក់​ក្នុង​នោះ​របួស​ធ្ងន់​ធ្ងរ​។ ​ ​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​ចិន​ CCTV។


នៅ​ខេត្ត​ជិត​ខាង​ Qinghai​ ​ឯណោះ​វិញ​ មនុស្ស​ ១៣ នាក់​បាន​ស្លាប់​ និង​១៨២ បាន​រង​របួស​។ គិត​ត្រឹម​​ព្រឹក​​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២៣​​​ ​គេ​មិន​ទាន់​ដឹង​ពី​ចំនួន​ពិត​ប្រាកដ​នៃ​​អ្នក​បាត់​ខ្លួន​នៅ​ឡើយ​ទេ​ ​ខណៈ​​អាជ្ញាធរ​ និង​​​ក្រុម​​អ្នករុក​រក​ និង​​ជួយ​សង្រ្គោះ​ចិន​កំពុង​ដុត​ដៃ​ដុត​ជើង​ធ្វើ​ប្រតិការ​​របស់​ខ្លួន​​ពេញ​តំបន់​រង​គ្រោះ​ទាំង​មូល។

ទីភ្នាក់ងារ​​ព័ត៌មាន​រដ្ឋ​ចិន​ស៊ីនហួ​ បាន​រាយការណ៍​ថា​ ​​ដោយ​សារ​តែ​តំប​ន់​គ្រោះ​មហន្តរាយ​ស្ថិត​នៅ​ក្នុង​តំបន់​​ខ្ពស់​រាប​ ដែល​មាន​​ធាតុ​អាកាស​នា​រដូវ​រងា​​​ត្រជាក់​ខ្លាំងក្រោម​សូន្យ​​​អង្សាសេ​​​ ក្រុម​អ្នក​​ជួយ​សង្គ្រោះ​​ត្រូវ​បាន​ដា​ក់​ពង្រាយ​​​ដើម្បី​ការពារ​គ្រោះ​មហន្តរាយ​បន្ទាប់​បន្សំ​ ដែល​បណ្តាល​មក​ពី​កត្តា​ផ្សេង​ៗ​លើស​ពី​ការ​រញ្ជួយ​ដី​។​


​គ្រោះ​រញ្ជួយ​ដី​​កើត​ឡើង​ជា​រឿយ​ៗ​​នៅ​តំបន់​ភាគ​ខាង​លិច​នៃ​ប្រទេស​ចិន​ ដូច​ជា​ខេត្ត​​ Gansu ​ដោយ​សារ​តែវា​ស្ថិត​នៅ​លើ​​តំបន់​​ទង្គិច​គ្នា​នៃផ្លាក​តិកតូនិកអឺរ៉ាស៊ី​ និង​ផ្លាក​តិកតូនិក​ឥណ្ឌា។ ​
ក្នុង​ឆ្នាំ​ ២០១៤ ការ​​រញ្ជួយ​ដី​នៅ​ខេត្ត​យូណាន​ភាគ​និរតី​ បាន​សម្លាប់​មនុស្ស​ប្រហែល ​៦០០ នាក់​ ហើយ​​គ្រោះ​ធម្មជាតិ​ដដែល​​ដ៏​សាហាវ​បំផុត​របស់​ប្រទេស​ចិន​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្ស​រ៍​ថ្មី​ៗ​នេះ​ បាន​កើត​ឡើង​​នៅ​ក្នុង​ឆ្នាំ​ ២០០៨ ​នៅ​ពេល​ដែល​ការ​រញ្ជួយ​ដី​កម្រិត​ ៨,០ រ៉ិចទ័រ​វាយ​ប្រហារ​នៅ​ខេត្ត​​Sichuan ​ដោយ​បាន​សម្លាប់​មនុស្ស​ជិត​ ៧០ ០០០ នាក់​៕​