សភាឥណ្ឌាកាលពីថ្ងៃចន្ទ ទី១៨ ខែធ្នូ បានព្យួរតួនាទីសមាជិកសភាមកពីគណបក្សប្រឆាំងចំនួន ៧៩ នាក់ ចំពោះការរំខានលើដំណើរការរបស់សភា ក្រោយពីពួកគេទាមទារឱ្យ ដ្ឋាភិបាលចេញសេចក្ដីថ្លែងការណ៍ និងមានកិច្ចពិភាក្សាមួយ ស្ដីពីការបំពានលើសន្ដិសុខសភាកាលពីសប្ដាហ៍មុន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការព្យួរនេះ ធ្វើឡើងបន្ទាប់ពីមានចំណាត់ការស្រដៀងគ្នា ប្រឆាំងនឹងសមាជិកសភា ១៤ នាក់ កាលពីសប្តាហ៍មុន។បើតាមរ៉យទ័រ ការព្យួរតំណែងសមាជិកសភាទាំង ៩៣ នាក់ បង្ហាញពីចំនួនដ៏ខ្ពស់បំផុតក្នុងអំឡុងសម័យប្រជុំសភាឥណ្ឌា ដែលនេះគឺជារឿងដ៏កម្រ។ យ៉ាងណាមិញ ការបង្ហាញការតវ៉ា ឬការរំខានលើដំណើរការសភាពីសមាជិកសភានៃបក្សប្រឆាំង គឺជារឿងប្រក្រតីទៅហើយ។
ការសម្រេចចិត្តកាលពីថ្ងៃចន្ទរបស់ប្រធានសភាជាន់ខ្ពស់ និងជាន់ទាប ដើម្បីព្យួរសមាជិកសភាបក្សប្រឆាំង ត្រូវបានគេចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍របស់សភា។ ក្នុងនោះគេឃើញមាន សមាជិកសភាបក្សប្រឆាំង កំពុងធ្វើការតវ៉ាដោយប្រមូលផ្តុំគ្នានៅមុខមន្ត្រីប្រធានក្នុងសភាជាន់ខ្ពស់ ហើយស្រែកពាក្យស្លោកផ្សេងៗ។ ទិដ្ឋភាពស្រដៀងគ្នានេះ ក៏គេឃើញនៅក្នុងសភាជាន់ទាបផងដែរ។
ការវិវត្តន៍ចុងក្រោយនេះ កើតឡើងក្រោយប៉ូលិសឥណ្ឌាបានដាក់ការចោទប្រកាន់ភេរវកម្មលើមនុស្ស ៥នាក់ ពាក់ព័ន្ធនឹងការបំពានសន្តិសុខក្នុងអគារសភាថ្មី បន្ទាប់ពីបុរសម្នាក់បានចូលទៅក្នុងសភាជាន់ទាប ដោយស្រែកពាក្យស្លោកផ្សេងៗ ហើយទម្លាក់គ្រាប់បែកផ្សែង កាលពីថ្ងៃទី១៣ ខែធ្នូ។
ប្រធានសភាជាន់ទាបបាននិយាយថា សន្តិសុខសភាស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ហើយកំពុងធ្វើការពិនិត្យឡើងវិញ។ ក្រសួងសហព័ន្ធ ក៏កំពុងស៊ើបអង្កេតការបំពាននេះដែរ។
យ៉ាងណាមិញ សមាជិកសភានៃបក្សប្រឆាំងចង់បានការជជែកដេញដោល និងសេចក្តីថ្លែងការណ៍មួយអំពីបញ្ហានេះ ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Amit Shah។
នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា មូឌី មកពីគណបក្សកាន់អំណាចBharatiyaJanataដែលមានសមាជិកសភាចំនួន ២៩០ នាក់ក្នុងសភាជាន់ទាបដែលមានអាសនៈសរុប ៥៤៣ កៅអី បានលើកឡើងថា អ្វីដែលបានកើនឡើងនោះជាបញ្ហាធ្ងន់ធ្ងរ ហើយគួរតែមានការស៊ើបអង្កេតជាលម្អិត។ ប៉ុន្តែលោកបាននិយាយថា គេមិនចាំបាច់ជជែកវែកញែកគ្នាលើបញ្ហានោះទេ។
ក្នុងសភាពបែបនេះ សមាជិកសភាបក្សប្រឆាំងបានប្រឆាំង ដោយលើកឡើងថា រដ្ឋាភិបាលកំពុងមានឥរិយាបទបែបផ្ដាច់ការ។ លោក Mallikarjun Kharge ប្រធានគណបក្សសមាជជាតិ ដែលជាបក្សប្រឆាំងដ៏ធំ បាននិយាយកាលពីថ្ងៃចន្ទថា៖ «ដំបូងឡើង មានមនុស្សចូលលុកលុយវាយប្រហារសភា។ បន្ទាប់មករដ្ឋាភិបាលរបស់លោក ម៉ូឌី វាយប្រហារសភា និងលទ្ធិប្រជាធិបតេយ្យ»។
លោកបន្តថា នៅពេលសភាមិនសូវមានបក្សប្រឆាំង រដ្ឋាភិបាលលោក ម៉ូឌី អាចលុបបំបាត់ច្បាប់សំខាន់ៗដែលមិនទាន់បានដាក់ចេញ ហើយកម្ចាត់រាល់ការប្រឆាំងដោយមិនមានការជជែកវែកញែកណាមួយឡើយ៕