សហរដ្ឋ​អាមេរិក​កាល​ពី​​ថ្ងៃ​ចន្ទ​ ​ទី​១៨ ​ខែ​ធ្នូ​ ​បាន​ប្រកាស​​បង្កើត​សម្ព័ន្ធ​ភាព​នៃ​ប្រទេស​ចំនួន​ ១០ ​ដើម្បី​​ប្រយុ​ទ្ធ​ប្រឆាំង​នឹង​ការ​​វាយ​ប្រហារ​​របស់​​ក្រុម​សកម្មប្រយុទ្ធ​ហ៊ូធី​​លើ​កប៉ាល់​ដឹក​ជញ្ជូន​ទំនិញ​​ឆ្លង​កាត់​សមុទ្រ​ក្រហ​ម​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AFP។ ​

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ លោក​ Lloyd Austin ​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​​៖ «​បណ្តា​ប្រទេ​ស​​ដែល​ស្វែង​រក​ការ​ពង្រឹង​គោលការណ៍​គ្រឹះ​នៃ​សេរីភាព​​ធ្វើ​នាវា​ចរណ៍​ ត្រូវ​តែ​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ ដែល​បង្ក​ឡើង​ដោយ​តួ​អង្គ​​ក្រៅ​រដ្ឋ​នេះ​»​។ 

លោក​ Austin បាន​និយាយ​ថា​ សម្ព័ន្ធ​​​សន្តិសុខ​​​នឹង​ធ្វើ​ប្រតិបត្តិការ​​ជាមួយ​នឹង​គោលដៅ​ធានា​នូវ​សេរីភាព​នៃ​ការ​ធ្វើ​នាវា​ចរណ៍​សម្រាប់​ប្រទេស​ទាំង​អស់​ និង​ពង្រឹង​សន្តិសុខ ​និង​វិបុលភាព​ក្នុង​តំបន់​​។ លោក​បន្ត​ថា​៖ «ការ​​គាំទ្រ​របស់​អ៊ីរ៉ង់​ចំពោះ​ការ​វាយ​ប្រហារ​របស់​ហ៊ូធី​ លើ​​នាវា​ពាណិជ្ជកម្ម​ត្រូវ​តែ​បញ្ឈប់​»។​ 


ប្រទេស​ដែល​ជា​សមាជិក​នៃ​សម្ព័ន្ធ​ភាព​បង្កើត​ថ្មី​នេះ​ រួម​មាន​ ​​សហរដ្ឋ​អាមេរិក ​ចក្រភព​អង់គ្លេស​ បារ៉ែន​ កាណាដា ​បារាំង ​អ៊ីតាលី ​ហូឡង់​ ន័រវែស ​កោះ​សីស្ហែល​ និង​អេស្ប៉ាញ​។ 

គួរ​​បញ្ជាក់​ថា​ ក្រុម​ឧទ្ទាម​ហ៊ូធី​ របស់​ប្រទេស​យេម៉ែន​ ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ ​បាន​បង្កើន​ការ​វាយ​ប្រហារ​របស់​​ខ្លួន​លើ​​នាវា​ដឹក​ប្រេង​ កប៉ាល់​ដឹក​ទំនិញ​ និង​នាវា​​​​ផ្សេង​ទៀត​ៗ​នៅ​ក្នុង​សមុទ្រ​ក្រហម​ ​ដែល​ជា​ផ្លូវ​ទឹក​ដឹក​ជញ្ជូន​ដ៏​សំខាន់​របស់​ពិភព​លោក​។ 


ក្រុម​ហ៊ូធី​បាន​ប្រកាស​ថា​ ខ្លួន​ដាក់​គោលដៅ​តែ​លើ​កប៉ាល់​ណា​ដែល​បោះ​ក្បាល​ឆ្ពោះ​ទៅ​អ៊ីស្រាអែល​ប៉ុណ្ណោះ​ ហើយ​ថា​​​នឹង​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ លុះ​ត្រា​តែ​អ៊ីស្រាអែល​លែង​វាយ​ប្រហារ​នៅ​ហ្គាហ្សា​។ ប៉ុន្តែ​កប៉ាល់​ដឹក​ជញ្ជូនមួយ​ចំនួន​ ​ដែល​រង​ការ​វាយ​ប្រហារ​នា​ពេល​កន្លង​មក​ មិន​មាន​គោលដៅ​ឆ្ពោះ​ទៅ​អ៊ីស្រាអែល​នោះ​ទេ​។ 

ភាព​អសន្តិសុខ​នេះ​ បាន​បង្ខំ​ឱ្យ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ធំ​ៗ​មួយ​ចំនួនរបស់​ពិភព​លោក​​ ផ្អាក​​ការ​ធ្វើ​នាវាចរណ៍​កាត់​សមុទ្រ​ក្រហម ដែល​បង្ក​ជា​ព្រួយ​បារម្ភ​ផ្សេង​ៗ​ រួម​ទាំង​ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​​​៕​