​ក្រុមប្រឹក្សា​អឺរ៉ុប​ដែល​តំណាង​មកពី​ប្រទេស​ជា​សមាជិក​ទាំង​ ២៧​ កាលពី​ថ្ងៃ​ចន្ទ​ បានអនុម័ត​លើ​កញ្ចប់​ទណ្ឌកម្ម​លើក​ទី​១២ ​ប្រឆាំងនឹង​រុស្ស៊ី ដោយ​រាប់បញ្ចូល​ទាំង​ការប្រឆាំង​បុគ្គល​ និង​គ្រប​ដណ្តប់​លើ​ពាណិជ្ជកម្ម ព្រម​​ទាំង​ការ​បង្កក​សាច់ប្រាក់​។​

​តាម​សេចក្តីប្រកាស​របស់​គណៈ​កម្ម​ការ​អឺរ៉ុប បុគ្គល​និង​អង្គភាព​ជាង​ ១៤០ ​ត្រូវបាន​បង្កក​ទ្រព្យសម្បត្តិ​។ បុគ្គល​ដែល​ត្រូវ​បង្កក​ទ្រព្យ​នោះ​មាន​ពី​ក្នុង​វិស័យ​យោធា ក្រុមហ៊ុន​ផលិត​សម្ភារ​យោធា និង​ក្រុមហ៊ុន​ឯកជន​។​

​កញ្ចប់​ទណ្ឌកម្ម​នេះ​ក៏​ផ្តោតលើ​ការហាម​ប្រាម​ការនាំ​ចូល​ពេជ្រ​ដែលមាន​ដើមកំណើត​ពី​រុស្ស៊ី ក៏ដូចជា​ការដាក់​បម្រាម​នាំចូល និង​នាំចេញ​បន្ថែម​លើ​ប្រទេស​រុស្ស៊ី ប្រយុទ្ធ​ប្រឆាំងនឹង​ការ​គេចវេះ​ពី​ទណ្ឌកម្ម​។​


​ការហាម​ប្រាម​លើ​ការទិញ​ពេជ្រ​មិនមែន​ឧស្សាហកម្ម​ដោយផ្ទាល់​ពី​ប្រទេស​រុស្ស៊ី​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ១ ​ខែមករា ឆ្នាំក្រោយ​អមដោយ​ការហាមឃាត់​ជា​ដំណាក់កាល​លើ​ការនាំ​ចូល​ដោយ​ប្រយោល​ដែល​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ​១ ​ខែកញ្ញា​។​

​ការហាម​ប្រាម​ពេជ្រ​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ការសម្របសម្រួល​ជាមួយ​ក្រុម​ប្រទេស​លូតលាស់​ឧស្សាហកម្ម​ទាំង​ប្រាំពីរ (G7) ដែល​បានប្រកាស​ការហាមឃាត់​ស្រដៀង​គ្នា​កាលពី​ដើមខែ​នេះ​។ អាជីវកម្ម​គ្រឿងអលង្ការ​ពេជ្រ​ធម្មជាតិ​សកល​មានតម្លៃ ៨៧ ពាន់​លាន​ដុល្លារ​។​


​កញ្ចប់​ទណ្ឌកម្ម​នេះ​ក៏​រឹតបន្តឹង​លើ​ក្រុមហ៊ុន​ទិញ​ប្រេង​រុស្ស៊ី​តាមរយៈ​យន្តការ​កំណត់​តម្លៃ របស់​ប្រទេស G7 ដែល​បានអនុម័ត​កន្លងមក​។ ទោះជា​យ៉ាងណាក៏ដោយ បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​បាន​ច្រានចោល​សំណើ​ដំបូង​មួយ​ដើម្បី​ហាមឃាត់​ការលក់​នាវា​ដឹក​ប្រេង​ចាស់​ទៅឱ្យ​ប្រទេស​រុស្ស៊ី ឬ​ក្រុមហ៊ុន​ដែល​ទាក់ទង​ជាមួយ​រុស្ស៊ី​ដោយយោង​ទៅលើ​ការជូនដំណឹង​ផ្សេងទៀត​៕