ប្រទេស​ចិន​ បាន​កាត់បន្ថយ​ការប្រើប្រាស់​យន្តហោះ​ចម្បាំង​ដើម្បី​ស្ទាក់ចាប់​យន្តហោះ​របស់​សហរដ្ឋអាមេរិក ចាប់តាំងពី​ពេល​មាន​កិច្ចប្រជុំ​រវាង​ប្រ​ធានា​​ធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) និង​សម​ភាគី​ចិន លោក ស៊ី ជីន​ភីង (Xi Jinping)​​ កាលពី​ខែ​មុន​។ នេះ​បើ​យោងតាម​ការរាយការណ៍​ដោយ​ប្រមុខ​មេបញ្ជាការ​យោធា​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​

​ការកាត់បន្ថយ​សកម្ម​ភាព​យោធា​របស់​ចិន​នេះ បាន​កើតឡើង​បន្ទាប់ពី​មេដឹកនាំ​ប្រទេស​ទាំង ​២​ បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​សាន់ ហ្រ្វា​ន់​ស៊ី​ស្កូ (San Francisco) កាលពី​ខែ​មុន និង​បាន​យល់ព្រម​ផ្សះផ្សា​ទំនាក់ទំនង​យោធា​ឡើងវិញ​។

ទីក្រុង​ប៉េកាំង​បាន​កាត់ផ្ដាច់​ទំនាក់ទំនង​យោធា​ជា​ផ្លូវការ​ជាមួយ​អាមេរិក​កាលពី​ខែសីហា​ឆ្នាំ​​ ២០២២ ​ដោយសារ​ដំណើរ​ទស្សនកិច្ច​ការទូត​របស់​អតីត​ប្រធានសភា​អាមេរិក លោក​​ស្រី ណាន​ស៊ី ប៉េ​ឡូ​ស៊ី​ (Nancy Pelosi)​ ទៅកាន់​កោះ​តៃវ៉ាន់​ដែល​ចិន​ចាត់ទុកថា​គ្រាន់តែ​ជា​ខេត្ត​មួយ​របស់​ចិន​តែប៉ុណ្ណោះ​។​


​កាលពី​ខែ​មុន​មន្ទីរ​បញ្ច​កោណ​អាមេរិក​បាន​រាយការណ៍​ថា យន្តហោះ​ចម្បាំង​របស់​ចិន​បាន​ហោះ​ធ្វើ​សមយុទ្ធ​ប្រឆាំងនឹង​យន្តហោះ​អាមេរិក​ចំនួន ១៨០ ដង និង ១០០​ ដង​ប្រឆាំងនឹង​យន្តហោះ​របស់​សម្ព័ន្ធមិត្ត​គិត​ក្នុង​រយៈពេល ​២ ឆ្នាំ​ចុង​ក្រោយនេះ​។ សកម្មភាព​នេះ​បាន​បង្កើន​ហានិភ័យ​ខ្លាំង​ដែល​អាច​បង្កឱ្យមាន​ការ​ប៉ះទង្គិច​គ្នា ឬ​គ្រោះ​ថ្នាក់លើ​ដែនអាកាស​ណាមួយ​កើតមានឡើង​។​

​ឧ​ត្ត​មនា​វី​ឯក លោក ច​ន អាគី​លី​ណូ (John Aquilino)​ ប្រធាន​បញ្ជាការដ្ឋាន​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​អាមេរិក បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​តូ​ក្យូ (Tokyo) កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​ចាប់តាំងពី​មាន​ជំនួប​នោះមក សកម្មភាព​យោធា (​របស់​ចិន​) ហាក់ដូចជា​បាន​ស្រាកស្រាន្ត ហើយ​ស្ថានភាព​នឹងមាន​ភាពប្រសើរ​ឡើងជា​វិជ្ជមាន បើសិន ​(​ចិន​) អាច​បន្ត​កាត់បន្ថយ​សកម្មភាព​យោធា​របស់ខ្លួន​»​។​


​ជាទូទៅ ការហោះ​ស្ទាក់ចាប់​នឹង​កើតឡើង​នៅពេលដែល​យន្តហោះ​របស់​ប្រទេសមួយ​ចូលទៅ​កៀក​ប្រទេសមួយ​ផ្សេងទៀត​។ កន្លងមក ប្រទេស​ចិន​ធ្លាប់បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពីបទ​ធ្វើ​ចារកម្ម​ដោយ​ប្រើ​យន្តហោះ​ស៊ើបការណ៍ ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​ឆ្លើយតប​ថា ខ្លួន​គ្រាន់តែ​ធ្វើការ​ហោះហើរ​ក្នុង​ដែន​កំណត់ដោយ​ច្បាប់​ក្នុង​ដែនអាកាស​អន្តរជាតិ​ប៉ុណ្ណោះ​។​

​លោក អាគី​លី​ណូ​បាន​រំលេច​ថា ឥរិយាបថ​របស់​ទីក្រុង​ប៉េកាំង​មួយចំនួន​នៅតែ​មិន​ផ្លាស់ប្តូរ ដោយ​លោក​បាន​ថ្កោលទោស​ទៅលើ​ទង្វើ​របស់​យោធា​ចិន ដែល​បាន​ប្រើ​កាណុង​បាញ់​ទឹក​ដើម្បី​បាញ់​រារាំង​ដំណើរ​របស់​នាវា​ផ្គត់ផ្គង់​ស្បៀង និង​គ្រឿង​ស​ម្ភ​រ​របស់​ហ្វីលីពីន នៅ​ជិត​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ដែលជា​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ភាគី​ទាំង ​២​ បានទាមទារ​ចង់​គ្រប់គ្រង​តំបន់​នេះ​ដូចគ្នា​។​

​លោក អាគី​លី​ណូ ក៏បាន​រិះគន់​ចិន​ថា​៖ «​មិនមែន​បានតែ​ពាក្យសម្ដី​នោះទេ ពោលគឺ​ចិន​ត្រូវធ្វើ​ឱ្យចេញ​ជា​សកម្មភាព​ផងដែរ​។ ខ្ញុំ​មិនបាន​ឃើញ​ចិន​ធ្វើការ​ផ្លាស់​​ប្តូរ​ឥរិយាបថ​របស់ខ្លួន​ចំពោះ​ហ្វីលីពីន​នៅឡើយ​ទេ​»​។ យ៉ាងណាក៏ដោយ ក្រសួងការបរទេស​ចិន​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​លើ​ការលើកឡើង​របស់លោក អាគី​លី​ណូ នោះទេ​។​

​ដោយឡែក កាលពី​ថ្ងៃ​ចន្ទ ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​រាយការណ៍​ថា បា​ឡុង​របស់​ចិន​ចំនួន ២ បាន​ហោះ​ឆ្លងកាត់​ខ្សែបន្ទាត់​ច្រកព្រំដែន​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃអាទិត្យ ហើយ​យន្ត​ហោះ​របស់​ចិន​ ៦​ គ្រឿង​និង​នាវា​កងទ័ពជើងទឹក​ ២ ​គ្រឿង​បានធ្វើ​ដំណើរ​ចូលក្នុង​តំបន់​ជុំវិញ​កោះ​តៃវ៉ាន់​។​

​ជិត​ ៣ ​ឆ្នាំ​មកនេះ​ដែល​អាមេរិក​បាន​ព្យាយាម​បង្កើតឱ្យមាន​ជំនួប​រវាង​លោក អាគី​លី​ណូ និង​សម​​ភាគី​ចិន ប៉ុន្តែ​មិនបាន​សម្រេច​។ លោក អាគី​លី​ណូ បាន​បញ្ជាក់ថា ចិន​មិនបាន​យល់ព្រម​ទេ ប៉ុន្តែ​លោក​មាន​សុទិដ្ឋិនិយម​ថា​៖«​ពួកគេ​នឹង​ឆ្លើយតប​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​យើង​នឹង​អាច​ជួប​និយាយ​គ្នា​បាន​»​។​

​ចិន​និង​អាមេរិក​កំពុង​ពិភាក្សា​អំពី​ការរៀបចំ​ជំនួប​ប្រជុំ​កម្រិត​យោធា​ជាន់ខ្ពស់​នៅ​ឆ្នាំ​ ២០២៤ នេះ​បើ​យោងតាម​សំណើ​របស់​សហរដ្ឋអាមេរិក​ដែល​បានដាក់​ស្នើ​ទៅកាន់​ទីក្រុង​ប៉េកាំ ប៉ុន្តែ​ដំណើរការ​ហាក់​មាន​ភាព​យឺតយ៉ាវ ដោយសារតែ​នីតិវិធី​ឯកសារ​រដ្ឋបាល​ច្រើន​៕