ក្រុម​រដ្ឋអាជ្ញា​ទីក្រុង​តូ​ក្យូ​ កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បាន​បាន​ចុះ​ឆែកឆេរ​ការិយាល័យ​រប​ស់​សមាជិកសភា​ដែល​មកពី​ក្រុម​ដ៏​មាន​ឥទ្ធិពល​ចំនួន ២ នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែលជា​បក្ស​កាន់អំណាច។ នេះ​បើ​យោងតាម​ការរាយការណ៍​របស់​សារព័ត៌មាន ​NHK។ 

ការចុះ​ឆែកឆេរ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកនយោបាយ​ទាំងអស់នេះ ត្រូវបាន​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​រឿងអាស្រូវ​នៃ​ការ​រៃអង្គាសប្រាក់​យ៉ាងច្រើន​ដែល​គណបក្ស​ប្រមូលបាន​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ។

ក្រុម​រដ្ឋអាជ្ញា​បានដាក់​ការសង្ស័យថា ក្រុម​អ្នកនយោបាយ​ដែលជា​បក្សពួក អា​បេ (Abe) មិនបាន​រាយការណ៍​អំពី​ចំនួន​ទឹកប្រាក់​រហូតដល់​ទៅ ៣,៥ លាន​ដុល្លារ​អាមេរិក ដែលជា​មូលនិធិ​ក្នុង​រយៈពេល ៥ឆ្នាំ។ រីឯ​បក្សពួក​របស់​ក្រុម​នី​កៃ (Nikai) ដែលជា​ក្រុម​តូច​ជាង​ត្រូវបាន​គេ​សង្ស័យថា​មិនបាន​រាយការណ៍​អំពី​ទឹកប្រាក់​ប្រហែល ៧សែន​ដុល្លារ​សហរដ្ឋអាមេរិក​នេះ​បើ​យោងតាម ​NHK ដដែល។


យ៉ាងណាក៏ដោយ ការិយាល័យ​របស់​រដ្ឋ​អាជ្ញា​ក្រុង​តូ​ក្យូ​មិនបាន​ធ្វើការ​បញ្ជាក់​អំពី​របាយការណ៍​ខាងលើ​ទៅតាម​សំណើសុំ​អត្ថាធិប្បាយ​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ (Reuters) នោះទេ។

រឿងអាស្រូវ​ជុំវិញ​ថវិកា​រៃអង្គាស​នេះ​បានធ្វើឱ្យ​ការគាំទ្រ​ពី​សាធារណៈជន​ចំពោះ​គណបក្សកាន់អំណាច​បាន​ធ្លាក់ចុះ​និង​ជាពិសេស​ការគាំទ្រ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​នាយ​ក​រដ្ឋមន្ត្រី លោក ហ្វ៊ូមី​អូ គី​ស៊ី​ដា (Fumio Kishida) ដូច្នេះហើយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក គី​ស៊ី​ដា បាន​ដកតំណែង​រដ្ឋមន្ត្រីសំខាន់ៗមួយចំនួន​កាលពី​សប្តាហ៍​មុន។


យោងតាម​ការស្ទង់មតិ​មួយ ធ្វើឡើង​ដោយ​កាសែត ​Asahi កាសែត Yomiuri និង​កាសែត ​Nikkei នៅ​ចុង​សប្តាហ៍​នេះ​បានបង្ហាញ​ពី​ចំនួន​អ្នកគាំទ្រ​របស់​នាយករ​ដ្ឋ​មន្ត្រី បាន​ធ្លាក់ចុះ​រហូតដល់​ទៅ​ត្រឹម ២០% ដែលជា​ចំនួន​ទាប​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជាង​ដប់ឆ្នាំ​មកនេះ។

កាលពី​ថ្ងៃ​អង្គារ លោក គី​ស៊ី​ដា បាន​ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​ថា គណបក្ស​ប្រជាធិបតេយ្យ​សេរី​ត្រូវការ​ការទទួលបាន​ទំនុកចិត្ត​ពី​ប្រជាជន​ឡើងវិញ​ជាបន្ទាន់។ លោក​មិនបាន​លើកឡើង​លម្អិត​អំពី​ការស៊ើបអង្កេត​ជុំវិញ​រឿងអាស្រូវ​នេះ​ទេ ប៉ុន្តែ​បាន​សង្កត់ធ្ងន់​ទៅលើ​តម្រូវការ​សម្រាប់​ការស៊ើបអង្កេត​ឱ្យបាន​ហ្មត់ចត់។

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ លោក គី​ស៊ី​ដា​បានលើកឡើង​ពី​ការពិចារណា​លើ​ការកែទម្រង់​ច្បាប់ ដើម្បី​ទទួលបាន​ការជឿទុកចិត្ត​ពី​សាធារណៈជន​ឡើងវិញ ប៉ុន្តែ​លោក​មិនបាន​ផ្តល់ព័ត៌មាន​ជាក់លាក់​បន្ថែម​នោះទេ។

ទន្ទឹមនឹងនោះ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បានឱ្យដឹង​ក្រុម​រដ្ឋអាជ្ញា​បាន​អះអាងថា ក្រុម​បក្សពួក​របស់​បក្ស​កាន់អំណាច​បាន​លាក់បាំង​ថវិកា​នយោបាយ​យ៉ាងច្រើន ដែល​បាន​ពី​ការលក់​សំបុត្រ​នៃ​ព្រឹត្តិការណ៍​គណបក្ស​របស់​ពួកគេ។

ក្រុម​បក្សពួក អា​បេ​ ដែល​ពីមុន​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី លោក ស៊ីន​ហ្សូ អា​បេ ​(Shinzo Abe) គឺជា​ក្រុម​ធំជាងគេ​នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរី ដែល​ក្នុងនោះ​ក៏មាន​ទាំង​រដ្ឋមន្ត្រី​ឧស្សាហកម្ម លោក យ៉ា​ស៊ូ​តូ​ស៊ី នី​ស៊ី​មូរ៉ា​ (Yasutoshi Nishimura) ដែល​ត្រូវបាន​បណ្ដេញចេញថ្មីៗនេះ​និង​អតីត​ប្រធាន​គណៈរដ្ឋមន្ត្រី លោក ហ៊ី​រ៉ូ​កា​ស៊ូ ម៉ាត់​ស៊ូ​ណូ (Hirokazu Matsuno) ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Jiji បាន​ដកស្រង់​សម្ដី​របស់លោក​តូ​ស៊ី​ហ៊ី​រ៉ូ នី​កៃ (ToshihiroNikai)​ដែល​ដឹកនាំ​ក្រុម​បក្សពួក នី​កៃ​ថា ៖ «ខ្ញុំ​សុំទោស​ជាខ្លាំង​ហើយ​យើង​នឹង​សហការ​ដោយស្មោះ​ត្រង់​ជាមួយ​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»៕