កូរ៉េ​ខាង​ជើង ​និង​រុស្ស៊ី​ បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​ កូរ៉េ​ខាង​ត្បូង​ និង​សម្ព័​ន្ធ​មិត្ត​​ផ្សេងទៀត​ ​នៅ​ឯ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ ​ស្តី​ពី​ការ​បាញ់​មីស៊ីល​​ផ្លោង​អន្តរ​ទ្វីប​ចុង​ក្រោយ​បង្អស់​របស់​ទីក្រុង​ព្យុងយ៉ាង​​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ AP។

​ឯកអគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ជើង​ លោក​ Kim Song ​បាន​និយាយ​ថា​ ឆ្នាំ​នេះ​គឺ​ជា​​ឆ្នាំ​ដ៏​គ្រោះ​ថ្នាក់​បំផុត​ផ្នែក​​សន្តិសុខ​​យោធា​​​នៅ​ឧបទ្វីប​កូរ៉េ​ ដោយ​សារ​តែ​ការ​បង្កើន​សម​យុទ្ធ​យោធា​រវាង​សហរដ្ឋ​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង ​ក៏​ដូច​ជា​​ការ​ដាក់​ពង្រាយ​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ​និង​ធន​ធាន​នុយក្លេអ៊ែរ​ផ្សេង​ៗ​ទៀត​រប​ស់​សហរដ្ឋ​អាមេរិក​ ដែល​ធ្វើ​ឱ្យ​តំបន់​​រង​​ហានិភ័យ​​នៃ​​សង្រ្គាម​នុយក្លេអ៊ែរ​។

យ៉ាង​ណា​មិញ​ សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ ៩ ​ប្រទេស​ផ្សេង​ទៀត​ ​​បាន​ចង្អុល​បង្ហាញ​ការ​បាញ់​បង្ហោះ​​មីស៊ីល​​ផ្លោង​អន្តរ​ទ្វីប​​របស់​​កូរ៉េ​ខាង​ជើង​ចំនួន ​​៥​​ ដង ​ការ​បាញ់​មីស៊ីល​ផ្លោង​ជាង​ ២៥​ ដង ​និង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ចំនួន​ ៣​ ដោយ​ប្រើ​បច្ចេកវិទ្យា​មីស៊ីល​ផ្លោង​នៅ​​ក្នុង​ឆ្នាំ​នេះ​។ ក្រុម​សម្ព័ន្ធ​មិត្ត​ដដែល​លើក​ឡើង​ថា​ សកម្មភាព​របស់​កូរ៉េខាង​ជើង​​រំលោភ​លើ​សេចក្ដី​សម្រេច​​​ជា​ច្រើន​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ និង​គំរាម​កំ​ហែង​ដល់​ «​សន្តិភាព​ និង​ស្ថិរភាព​របស់​ប្រទេស​ជិត​ខាង​ និង​សហគមន៍​អន្តរជាតិ​»​។


​​​​ឯក​អគ្គ​​រដ្ឋ​​ទូត​​រង​របស់​សហរដ្ឋ​អាមេរិក​​ លោក​ Robert Wood ​បាន​អាន​​​សេចក្តី​ថ្លែងការណ៍​មួយ​​​​មុន​​​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ថា​ ប្រទេស​ទាំង​១០ ដែល​រួម​មាន​អាល់បានី​ អេក្វាឌ័រ ​បារាំង ​ជប៉ុន​ ម៉ាល់តា ​កូរ៉េ​ខាង​ត្បូង​ ស្លូវេនី​ ស្វីស ​ចក្រភព​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក​​​ថ្កោល​ទោស​ការ​បាញ់​បង្ហោះមីស៊ីល​ផ្លោង​អន្តរ​ទ្វីប​ចុង​ក្រោយ​បំផុត​របស់​កូរ៉េខាង​ជើង​ កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​ធ្នូ​ និង​ការ​បាញ់​បង្ហោះ​ផ្សេង​ៗ​ទៀត​មុន​នោះ​។

យ៉ាង​ណា​មិញ​ អ្នក​ការ​ទូត​កូរ៉េខាង​ជើង​​ លោក ​Kim ​បាន​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​គិត​អំពី​កង្វល់​សន្តិសុ​ខ​របស់​​​កូរ៉េ​ខាង​ជើង​ ដោយ​ហៅ​​ការ​បាញ់​អាវុធ​របស់​ខ្លួន​ថា​ជា​​ការ​ឆ្លើយ​តប​ដែល​​ «​​សម​ហេតុ​ផល ​ធម្មតា​ និង​​ឆ្លុះ​បញ្ចាំង​»​លើ​ការ​អនុវត្ត​សិទ្ធិការ​ពារ​ខ្លួន​ដោយ​​ស្រប​ច្បាប់​​។ 


លោក​បាន​ព្រមាន​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ថា​ ប្រសិន​បើ​ពួក​គេ​បន្ត​​ការ​គំរាម​កំហែង​ផ្នែក​យោធា​ដោយ​មិន​ប្រុង​ប្រយ័ត្ន​ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ ​​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​កូរ៉េ​ខាង​ជើង​​នឹង​មិនឈរ​មើល​ដោយ​នៅ​ស្ងៀម​ឡើយ​ ​​ហើយ​អ្នក​បង្ក​ហេតុ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​​គ្រប់​យ៉ាង​ចំពោះ​​ផល​វិបាក​ទាំង​អស់​​។

អ្នក​ការ​ទូតដដែល​បាន​ព្រមាន​ទៀត​ថា​ ​កូរ៉េ​ខាង​ជើង​ក៏​នឹង​​បន្ត​កសាង​អាវុធ​​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​ឱ្យ​កាន់​តែ​ទំ​នើប​ថែម​ទៀត​ ​​ដើម្បី​ទប់​ស្កាត់​ និង​គ្រប់​គ្រង​ការ​គំរាម​កំហែង​ណា​មួយ​ពី​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដែ​ល​ដើរ​តាម​មហា​អំណាច​មួយ​នេះ​ ​​ជាមួយ​នឹង​វិធានការ​ប្រឆាំង​ភ្លាម​ៗ​។ 

ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​ដាក់​ទណ្ឌកម្ម​ បន្ទាប់​ពី​កូរ៉េខាង​ជើង​​សាក​ល្បង​នុយក្លេអ៊ែរ​លើក​ដំបូ​ង​ក្នុង​ឆ្នាំ​ ២០០៦ ​ហើយ​បាន​រឹត​បន្តឹង​ទណ្ឌកម្ម​ទាំង​នោះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ តាម​រយៈ​សេ​ចក្ដី​សម្រេច​ចំនួន​ ១០ ​ដែល​​មាន​បំណង​កាត់​បន្ថយ​មូលនិធិ ​និង​ទប់​ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ ​និង​មីស៊ីល​ផ្លោង​របស់​​កូរ៉េខាង​ជើង​។

សេចក្ដី​សម្រេច​​ទណ្ឌកម្ម​ចុង​ក្រោយ​ ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​នៅ​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​ ២០១៧។ ក្រោយ​មក​ទៀត​​ ប្រទេស​ចិន​ និង​រុស្ស៊ី​បាន​វេតូ​សេចក្ដី​សម្រេចខែ​ឧសភា​ ឆ្នាំ​ ២០២២​​ ដែល​​អាមេរិ​កគាំទ្រ​ ​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ជុំ​វិញ​ការ​បាញ់​មីស៊ីល​អន្តរទ្វីប​។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ ចិន​ និង​រុស្ស៊ី​ បាន​រារាំង​​​រាល់​​សកម្មភាព​​របស់​​ក្រុម​​ប្រឹក្សា​ រួម​​ទាំ​ង​​សេចក្តី​​ថ្លែងការណ៍​​ទៅ​កាន់​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ ពាក់​ព័ន្ធ​នឹង​បញ្ហា​កូរ៉េខាង​​ជើង​។

ដោយ​សារ​តែ​បញ្ហា​នេះ​ ជា​ថ្មី​ម្ដង​ទៀត​ ​សម្ព័ន្ធ​ភាព​នៃ​ប្រទេស​ទាំង​១០​ បាន​លើក​ឡើង​ជា​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​ភាព​ស្ងៀម​ស្ងាត់​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​​បាន​ផ្ញើ​សារ​ខុស​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង​ និង​ប្រទេស​ដែល​ធ្វើ​ឱ្យ​រីក​សាយ​ភាព​អាវុធ​នុយក្លេអ៊ែរ​ទាំង​អស់​។

​សម្ព័ន្ធ​ភាព​ដដែល​ បាន​ជំរុញ​ឱ្យ​កូរ៉េ​ខាង​ជើង​បោះ​បង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​ និង​មីស៊ីល​ផ្លោង​ខុស​ច្បាប់​របស់​ខ្លួន​ដោយ​​ជំនួស​មក​វិញ​នូវ​ការ​វិនិយោគ​លើ​ការ​ផ្តល់​អាហារ​ដល់​ប្រជាជន​នៅ​កូរ៉េ​ខាង​ជើង​​ និង​ចូល​រួម​ក្នុង​ការ​ចរចា​ការ​ទូត​។​ ពួក​គេ​ក៏​បាន​ជំរុញ​ផង​ដែរ​ ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ទាំង​អស់​ ​យ​ក​ឈ្នះលើ​​ភាព​ស្ងៀម​ស្ងាត់​ដ៏​យូរ​របស់​ខ្លួន​ ហើយ​​គាំទ្រ​ការ​មិន​រីក​សាយ​ភាយ​នុយក្លេអ៊ែរ​។​

យ៉ាង​ណា​មិញ​ លោក​ស្រី​ Anna Evstigneeva​ឯកអគ្គ​រដ្ឋ​ទូត​រង​​ប្រចាំ​អង្គការ​សហប្រជាជាតិ​របស់​រុស្ស៊ី​​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ផ្ដូផ្ដាច់​មួយ​របស់​កូរ៉េ​ខាង​ជើង​នោះ​ បាន​និយាយ​កាល​ពី​ថ្ងៃ​​អង្គារ​ថា​ ​៖ «ការ​ប៉ុន​ប៉ង​ថ្កោល​ទោស​ទីក្រុង​ព្យុងយ៉ាង​ថា​​ គឺ​ជា​វិធីសាស្រ្ត​តែ​ម្ខាង​»​។

​លោក​ស្រី​​បាន​​ព្រមាន​​​ថា ​ភាព​តាន​តឹង​កំពុង​​កើ​ន​ឡើង​«​​ដល់​​កម្រិត​​​ដ៏​​គ្រោះ​ថ្នាក់​​»​​ដោយ​កូរ៉េខាង​ជើង​ និង​កូរ៉េខាង​ត្បូង​​បង្ហាញ​​ហេតុ​ផល​​នៃ​​ចលនា​​អរិភាព​​​របស់​ខ្លួន​រៀង​ៗ​ខ្លួន​ ដើម្បី​ជា​លេស​ការពារ​ខ្លួន​។ មិន​ត្រឹម​តែប៉ុណ្ណោះ​ លោក​ស្រី​ ​​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ពី​បទ​ដាក់​ពង្រាយ​​គ្រឿង​យោធា​ដ៏​ធំ​​នៅ​ក្នុង​តំបន់​ ដោយ​និយាយ​ថា​ វាហាក់​ដូច​ជា​​ការ​ត្រៀម​លក្ខណៈ​សម្រាប់​ប្រតិបត្តិការ​វាយ​លុក​។ 

អ្នក​ការ​ទូត​រុស្ស៊ី​ដដែល​បន្ត​ថា​ ​​រុស្ស៊ី​បាន​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត​ឱ្យ​មាន​ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​នៃ​បញ្ហា​ទាំង​អស់​នៅ​លើ​ឧបទ្វីប​កូរ៉េ​ តាម​រយៈ​មធ្យោបាយ​នយោបាយ​ និង​ការ​ទូត​«​ដោយ​គ្មាន​សម្ពាធ​ពី​ខាង​ក្រៅ​»​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​អ្នក​ការ​ទូត​អាមេរិក​ លោក​Wood ​​បាន​នប្រតិកម្ម​ឆ្លើយ​តប​ទៅ​វិញ​ថា​សកម្ម​ភាព​​យោធា​របស់​សហរដ្ឋ​អាមេរិ​ក​ធ្វើ​ឡើង​ដើម្បី​ការពារខ្លួន និង​សម្ព័ន្ធ​មិត្ត​​​ ហើយ​​ប្រទេស​កូរ៉េ​ខាង​ជើង​ទៅ​វិញ​ទេ​ ដែល​បាន​រំលោភ​លើ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​មិន​មែន​កូរ៉េ​ខាង​ត្បូង​ ជប៉ុន​ ឬ​សហរដ្ឋ​អាមេរិក​នោះ​ទេ​។

​លោក​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត​ ដើម្បី​ឱ្យ​មាន​កិច្ច​ពិភាក្សា​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​ ប៉ុន្តែ​តែង​តែ​រង​ការ​បដិសេធ​៕