ទោះបី​មានការ​លើកឡើងថា​កញ្ចប់​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​ទំនង​កើតមានឡើង​នៅមុន​ថ្ងៃ​បុណ្យ​ណូអែល ប៉ុន្តែ​ពេលនេះ​ច្បាស់​ហើយ គឺ​ព្រឹទ្ធសភា​អាមេរិក​នឹងមិន​បោះឆ្នោត​លើ​កញ្ចប់​ជំនួយ​ថ្មី​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន​ឡើយ​មុន​ដំណាច់ឆ្នាំ ​២០២៣​។​

​មេដឹកនាំ​ព្រឹទ្ធសភា​អាម​រិ​កបាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​ ១៩ ខែធ្នូ​ថា ខណៈពេល​នេះ អ្នកចរចា​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​កំពុង​បន្តការងារ​សម្របសម្រួល​របស់​ពួកគេ​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​រួមមួយ មេដឹកនាំ​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ លោក Chuck Schumer និង​លោក Mitch McConnell ពី​បក្ស​សាធារណរដ្ឋ​ បាន​លើកឡើងថា​៖«​នៅ​ខណៈពេលដែល​ក្រុម​អ្នកចរចា​កំពុងធ្វើការ​លើ​បញ្ហា​ដែល​នៅ​សេស​​សល់ គេ​សង្ឃឹមថា កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​មន្ត្រី​អាមេរិក​នឹង​ជួយ​ឱ្យ​ព្រឹទ្ធសភា​អាច​ចាត់វិធានការ​បាន​យ៉ាង​ឆាប់រហ័ស និង​ដោយ​រលូន​...​នៅ​ដើមឆ្នាំ​ថ្មី​»​។​


​ទាក់ទង​រឿងនេះ​ដែរ​សេត​វិមាន​បាន​ក្រើន​រំឭកថា នៅ​ចុងឆ្នាំ​ ២០២៣ ជំនួយ​បន្ថែម​របស់​អាមេរិក​នឹង​គ្មាន​ទៀតឡើយ​សម្រាប់​អ៊ុយ​ក្រែ​ន ដើម្បី​យកទៅ​ដណ្តើម​ទឹកដី​ដែល​រុស្ស៊ី​ចូល​កាន់កាប់​ចាប់តាំងពី​ឆ្នាំ ​២០២២​។​

​សំណើ​ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ក្នុង​ចំនួន​ ៦១ ​ពាន់​លាន​ដុល្លារ​ផ្សេងទៀត​ក៏ត្រូវ​បានជា​ប់​គាំង​នៅក្នុង​សភា​ដែរ​។ ក្រុម​អ្នក​សាធារណរដ្ឋ​និយាយថា បញ្ហា​នេះ ត្រូវ​គិតគូរ​ផ្ទៀងផ្ទាត់​គ្នា​ជាមួយនឹង​បញ្ហា​គ្រប់គ្រង​អន្តោ​ប្រវេសន៍​ដ៏​តឹងរ៉ឹង​នៅតាម​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​។​


​អន្តោប្រវេសន៍​គឺជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ដែល​ចម្រូង​ចម្រាស​បំផុត​នៅក្នុង​នយោបាយ​អាមេរិក ហើយ​ការប៉ុនប៉ង​ធ្វើកំណែទម្រង់​ទ្វេភាគី​បាន​បរាជ័យ​ម្តង​ហើយ​ម្តងទៀត​ក្នុង​រយៈពេល ២០ ​ឆ្នាំ​កន្លងមកនេះ​។​

​ក្នុងអំឡុងពេល​បំពេញ​ទស្សន​​កិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាល​​ពី​សប្តាហ៍​មុន​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​​ស្គី​ហាក់​ទទួលបាន​ការស្វាគមន៍​ដែល​បង្កប់​ដោយ​មន្ទិលសង្ស័យ​ពី​គណបក្ស​សាធារណរដ្ឋ​។​

​យ៉ាងណាក៏ដោយ​លោក ហ្សេ​ឡេ​ន​ស្គី នៅតែមាន​សង្ឃឹមថា សហរដ្ឋអាមេរិក​នឹងមិន​ឈប់​ការជួយជ្រោមជ្រែង​អ៊ុយ​ក្រែ​ន​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​ទេ​។ ជាក់ស្តែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ លោក​ប្រមុខ​ដឹកនាំ​​អ៊ុយ​ក្រែ​ន​បាន​និយាយថា អាមេរិក​នឹងមិន​បោះបង់ចោល​ប្រទេស​អ៊ុយ​ក្រែ​ន​របស់លោក​ដែល​កំពុងតែ​រង​ការឈ្លានពាន​ឡោមព័ទ្ធ​ពី​សំណាក់​សត្រូវ​មហា​អំណាច​រុស្ស៊ី​នោះទេ​៕