អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ (Imran Khan) បានប្រើប្រាស់កម្មវិធី AI ដើម្បីថ្លែងសុន្ទរកថាបំផុសគំនិតដល់អ្នកគាំទ្ររបស់លោក ក្នុងន័យធ្វើយុទ្ធនាការបោះឆ្នោត ខណៈដែលខ្លួនត្រូវជាប់ក្នុងពន្ធនាគារ។
អ្នកនយោបាយរូបនេះបានប្រើប្រាស់ AI ដើម្បីធ្វើការក្លូនសំឡេង ដោយអាចឱ្យគាត់ធ្វើយុទ្ធនាការសម្រាប់គណបក្សបានយ៉ាងល្អមុនការបោះឆ្នោតដែលនឹងត្រូវរៀបចំនៅខែកុម្ភៈ ឆ្នាំ ២០២៤។
លោក ខាន់ បានជាប់ពន្ធនាគារចាប់តាំងពីខែសីហា ដោយសារតែលោកត្រូវបានតុលាការកាត់ទោសពីបទប្រព្រឹត្តអំពើពុករលួយ។ លោកក៏រងការចោទប្រកាន់ពីបទធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់មួយចំនួនផងដែរ។
យ៉ាងណាក៏ដោយ លោកបានបដិសេធចំពោះការចោទប្រកាន់ទាំងនោះ ហើយថាការចោទប្រកាន់ទាំងអស់នោះ គឺដើម្បីរារាំងរូបលោកមិនឱ្យឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិថ្មីនៅខែកុម្ភៈខាងមុខនេះតែប៉ុណ្ណោះ។ ស្ថានីយទូរទស្សន៍ក្នុងស្រុកនានាត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយសុន្ទរកថារបស់លោក ខាន់ទេ។
លោក ខាន់ ត្រូវបានចាប់ខ្លួននៅក្នុងខែឧសភា ដែលកាលនោះបានបង្កឱ្យកើតមានកុបកម្មពាសពេញផ្ទៃប្រទេស និងបានធ្វើឱ្យរដ្ឋាភិបាលបង្ខំចិត្តសម្រេចបិទអ៊ីនធឺណិតរយៈពេល ៣ ថ្ងៃ។ បន្ថែមលើនេះ ការកាត់ក្តីរបស់លោក ខាន់ ក៏បានធ្វើឡើងដោយសម្ងាត់ ហើយក៏មិនដែលឃើញមានរូបភាពរបស់លោកនៅក្នុងពន្ធនាគារដែរ។
ដោយឡែក គណបក្សរបស់លោកឈ្មោះថា គណបក្សប៉ាគីស្ថានតេរីកអេអ៊ីនសាហ្វ (Tehreek-e-Insaf) ឬហៅកាត់ថា PTI បានរៀបចំយុទ្ធនាការតាមអ៊ីនធឺណិតរយៈពេល ៧ ម៉ោងកាលពីថ្ងៃអាទិត្យ ដោយពួកគេបានចែករំលែកវីដេអូរយៈពេល ៤ នាទីដោយប្រើ AI ដើម្បីចម្លងសំឡេងរបស់លោក ខាន់និងផ្គូផ្គងជាមួយនឹងវីដេអូចាស់ៗ និងរូបថតចាស់ៗរបស់លោក។
នៅក្នុងវីដេអូនោះ ក្រុមការងាររបស់លោក ខាន់ បានប្រើ AI ដើម្បីបង្កើតចេញជាសំឡេងរបស់លោក ដោយផ្អែកលើកំណត់ត្រារបស់លោកដែលបានសរសេរនៅក្នុងពន្ធនាគារ។ លោកបានអរគុណដល់ក្រុមការងារ ហើយបានទទូចថា ការទាមទារសិទ្ធិសេរីភាពនឹងនៅតែបន្ត ទោះបីមានការហាមឃាត់មិនឱ្យមានការជួបជុំ ការចាប់ខ្លួនសមាជិកបក្សជាបន្តបន្ទាប់ និងការបៀតបៀនដល់ក្រុមគ្រួសាររបស់ពួកគេក៏ដោយ។
សំឡេង AI នៅក្នុងវីដេអូនោះក៏បានអំពាវនាវឱ្យអ្នកគាំទ្ររបស់លោកទាំងអស់ ទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ លោក ខាន់ ធ្លាប់បានឈ្នះការបោះឆ្នោតក្នុងអាណត្តិដំបូងរបស់គាត់គឺក្នុងឆ្នាំ ២០១៨ ដោយសារតែលោកបានសន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយប្រជាជនប៉ាគីស្ថានវ័យក្មេងភាគច្រើនមានការធុញទ្រាន់នឹងប្រព័ន្ធនយោបាយចាស់ដែលដឹកនាំដោយគ្រួសារនិយម និងប្រើអំណាចយោធា។
រយៈពេល ៤ ឆ្នាំនៃការដឹកនាំរបស់លោក ខាន់ លោកបានប្រឈមមុខនឹងការចោទប្រកាន់ថាបានដឹកនាំប្រទេសទៅរកវិបត្តិសេដ្ឋកិច្ច ហើយសភាអនុម័តដកចេញពីអំណាចនៅឆ្នាំ ២០២២៕