មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​និយាយថា ទីក្រុង​ព្យុងយ៉ាង គ្មាន​ការស្ទាក់ស្ទើរ​ក្នុងការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​នោះទេ ប្រសិនបើ​សត្រូវ​រឹង​រុស​បង្កហេតុ​ដោយ​អាវុធ​នុយក្លេអ៊ែរ។ ​បើ​យោងតាម​ការរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២១​ខែធ្នូ ឆ្នាំ២០២៣នេះ។

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បានឱ្យដឹងថា លោក​គីម ​ផ្តល់​អនុសាសន៍​របស់ខ្លួន​នេះ ខណៈពេលដែល​លោក​ជួប​ជាមួយ​ទាហាន​ដែល​ធ្វើការ​នៅ​ការិយាល័យ​មី​ស៊ី​ល​របស់​យោធា។ ក្រៅពីនោះ​លោក គីម​ ក៏បាន​អបអរសាទរ​ពួកគេ​ចំពោះ​ភាពជោគជ័យ​នៃ​សមយុទ្ធ​បាញ់​បង្ហោះ​កាំជ្រួច​អន្តរទ្វីប (ICBM) នាពេលថ្មីៗនេះ​របស់​ទីក្រុង​ព្យុងយ៉ាង​ផងដែរ។


លោក​គីម បាន​បញ្ជាក់ថា សមយុទ្ធ​នេះ​បានបង្ហាញ​ពី​ភាពស្មោះត្រង់ និង​ជំហរ​រឹងមាំ​របស់​កងកម្លាំង​ប្រដាប់អាវុធ ហើយ​វា​ស្តែង​ឱ្យឃើញ​យ៉ាងច្បាស់​ពី​ការ​ប្រឆាំងនឹង​ការវាយលុក ការវិវត្ត​នៃ​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ និង​គោលនយោបាយ​របស់​កូរ៉េខាងជើង ដោយ​កូរ៉េខាងជើង​គ្មាន​ការស្ទាក់ស្ទើរ​ឡើយ​សូម្បីតែ​ការវាយប្រហារ​នុយក្លេអ៊ែរ នៅពេលដែល​សត្រូវ​បង្ករឿង​មុន​ដោយ​អាវុធ​នុយក្លេអ៊ែរ។ នេះ​បើ​យោងតាម​ការរាយការណ៍​របស់ KCNA។

ដោយឡែក កូរ៉េខាងជើង​នៅ​សប្តាហ៍​នេះ​បាន​និយាយថា ការសាកល្បង​មី​ស៊ី​ល ICBM ថ្មី​បំផុត​របស់ខ្លួន​គឺ​ដើម្បី​វាស់​ស្ទង់​ការត្រៀមខ្លួន​សម្រាប់​សង្គ្រាម​នៃ​កងកម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន​ប្រឆាំងនឹង​ការបង្កើន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក។


នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ ប្អូនស្រី​របស់លោក​គីម គឺ​លោកស្រី Kim Yo Jong បាន​ថ្កោលទោស​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ដែល​បាន​បើក​កិច្ចប្រជុំ​ក្រោយ​ការបាញ់​បង្ហោះ​មី​ស៊ី​ល ICBM ដោយ​អះអាងថា​វា​គឺជា​សិទ្ធិ​ការពារ​ខ្លួន​របស់​កូរ៉េខាងជើង។

លោកស្រី ​បាន​និយាយថា៖«UNSC គួរតែ​ដាក់បន្ទុក​ខ្ពស់​លើ​អាកប្បកិរិយា និង​ទង្វើ​មិន​គប្បី​របស់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ដែល​បានធ្វើឱ្យ​ភាព​តានតឹង​កើនឡើង​កាន់តែ​ធ្ងន់ធ្ងរ​នៅលើ​ឧបទ្វីប​កូរ៉េ តាមរយៈ​ការបង្ក​ហេតុ​តាម​រូបភាព​យោធា​គ្រប់បែបយ៉ាង​ពេញ​មួយឆ្នាំ»។

ទោះ​យ៉ាងណា​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ អ្នកការទូតកំពូលៗរបស់​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដោយ​ថ្កោលទោស​ការបាញ់​មី​ស៊ី​ល​ផ្លោង​នាពេលថ្មីៗនេះ​របស់​កូរ៉េខាងជើង និង​បាន​ជំ​រុញឱ្យ​ទីក្រុង​ព្យុងយ៉ាង​ចូលរួម​ក្នុង «ការសន្ទនា​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន» ទៀតផង៕