រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ លោក​ វ៉ាង​ យី​​ បាន​ព្រមាន​ហ្វីលីពីន​ ឱ្យ​ដោះ​ស្រាយ​​​ជម្លោះ​​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​តាម​រយៈ​កិច្ច​សន្ទនា​គ្នា​ ក្រោយ​ភាព​តាន​តឹង​កើន​ឡើង​ជុំ​វិញ​ការ​ប៉ះ​ទង្គិច​គ្នា​​ថ្មី​ៗ​នេះ​។ នេះ​បើតាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

លោក​ វ៉ាង​ បាន​​ប្រាប់​សមភាគី​ហ្វីលីពីន​ លោក​ Enrique Manalo ​រដ្ឋ​មន្ត្រី​ការ​បរទេស​ហ្វីលីពីន​ នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ប្រសិន​បើ​ហ្វីលីពីន​​ធ្វើ​ការ​វិនិច្ឆ័យ​ខុស​ ឬ​ឃុប​ឃិត​ជាមួយ​កង​កម្លាំង​ «ដែល​មាន​ចេតនា​អាក្រក់​» ពី​ខាង​ក្រៅ​ ក្នុង​ដែន​ទឹក​ជម្លោះនោះ​​ នោះ​ប្រទេស​ចិន​នឹង​ការពារ​សិទ្ធិ​របស់​ខ្លួន​​ហើយ​​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​។​ នេះ​បើ​តាម​​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​ចិន​។​

​​មន្រ្តី​ការទូត​ជាន់​ខ្ពស់​ចិន​ដដែល​ បាន​ព្រមាន​ទៀត​ថា​៖ ​​«​​ទំនាក់​ទំនង​​ចិន​ ​និង​​ហ្វីលីពីន​ ​ស្ថិត​​នៅ​លើ​​ផ្លូវ​​បំបែក​​មួយ​​។​​អាទិភាព​កំពូល​ គឺ​ត្រូវ​ដោះ​ស្រាយ​គ្នា​ និង​គ្រប់​គ្រង​ស្ថានភាព​ដែន​សមុទ្រ​បច្ចុប្បន្ន​ឱ្យ​បាន​ត្រឹម​ត្រូវ​»​។


ខាង​ភាគី​ហ្វីលីពីន​វិញ​ លោក​រដ្ឋ​មន្រ្តី​ Manalo ​បាន​​និយាយ​​​នៅ​​ថ្ងៃ​​​ព្រហស្បតិ៍​នេះ​​ថា​ ​​លោក​បានប្លាស់ប្តូរ​សន្ទនា​ជាមួយ​លោក​ វ៉ាង​ ដោយ​ស្មោះ​អស់​ពី​ចិត្ត​។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​ហ្វីលីពីន​។ ​

លោក​បន្ត​​យ៉ាង​ដូច្នេះ​ថា​៖«​​​យើង​ទាំង​២​បាន​កត់​សម្គាល់​ពី​សារៈ​សំខាន់​នៃ​ការ​សន្ទនា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​​»។


បើ​តាម​រ៉យទ័រ​ ​គេ​​មិន​​​​ដឹង​​ច្បាស់​ទេ​ ​ថា​ភាគី​ណា​មួយ​ជា​​​អ្នក​​ផ្ដើម​​ការ​​ហៅ​​ទូរស័ព្ទ​​ការ​ទូត​ចុង​ក្រោយ​នេះ​។ ​

ចិន​ទាម​ទារ​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែ​ទាំង​ស្រុង​​ ដោយ​ស្រប​តាម​ផែនទី​ «បន្ទាត់​​ក្រហម​៩​ឆ្នូត​»របស់​ខ្លួន​ ដែល​ធ្វើ​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​គ្នា​ពី​ប្រទេស​ និង​កោះ​ក្នុង​តំបន់​ជា​ច្រើន​ រួម​មាន​ហ្វីលីពីន​ វៀតណាម​ តៃវ៉ាន់​ ប្រ៊ុយណេ​ និង​ម៉ាឡេស៊ី​ជា​ដើម​។

ថ្មី​ៗនេះ​ ភាព​តាន​តឹងរវាង​ចិន​ និង​​​ហ្វីលីពីន​កើន​ឡើង​កាន់​តែ​ខ្លាំង​ ដោយ​ប្រទេស​ទាំង​២​បាន​​ធ្វើ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ពាក់​ព័ន្ធ​នឹង​ការ​ប៉ះ​ទង្គិច​​ទូក​នេសាទ ​នាវា​ឆ្មាំ​ឆ្នេរ​សមុទ្រ​ និង​នាវា​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​ច្រក​របៀង​ពាណិជ្ជកម្ម​យុទ្ធសាស្ត្រ​ដែល​ប្រទេស​ទាំង​២​ទាម​ទារ​​ថា​ជា​របស់​ខ្លួន​រៀង​ៗ​ខ្លួន​​​។

​ជម្លោះ​ចុង​ក្រោយ​ ទាក់​ទាញ់​ការបង្ហាញ​ជំហរ​​គាំទ្រ​ចំពោះ​ហ្វីលីពីន​ ពី​សម្ព័ន្ធ​មិត្ត​ផ្សេង​ៗ​ ជា​ពិសេស​អាមេរិក​ និង​កាណាដា​ ជា​ដើម​៕