ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងក្រសួងកសិកម្ម និងសហករណ៍ថៃ បានរួមគ្នាប្រកាស «ធ្វើសង្គ្រាមប្រឆាំង» នឹងការដុតជញ្រ្ជាំង ឬដំណាំ ដែលជាប្រភពនៃការបំពុលខ្យល់ដ៏ធំមួយ ខណៈកម្រិតខ្យល់កខ្វក់ចាប់ផ្ដើមកើនឡើង។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក The Nation នៅថ្ងៃព្រហស្បតិ៍នេះ។
រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ លោក Phaatcharavat Wongsuwan និងរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក Thammanat Prompow បានជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិធានការដោះស្រាយប្រភពនៃកំហាប់ភាគល្អិតនិចលPM2.5 ក្នុងវិស័យកសិកម្ម។
ក្រោយកិច្ចប្រជុំ រដ្ឋមន្រ្តីទាំង២ បានប្ដេជ្ញាប្រើវិធានការតឹងរ៉ឹង ដើម្បីលុបបំបាត់ការដុតបំផ្លាញជញ្រ្ជាំង និងដំណាំ រួមទាំងការចុះឈ្មោះកសិករដែលដាំអំពៅនិងពោត ដែលជាប្រភេទដំណាំដែលកសិករដុតចោលក្រោយប្រមូលផលរួច ហើយបង្កឱ្យមានបំពុលផ្សែងពុលធ្ងន់ធ្ងរភាយទៅលើអាកាស។
ជាមួយគ្នានេះ ក្រសួងក៏ចេញវិធីសាស្រ្តអប់រំកសិករ អំពីផលប៉ះពាល់ផ្លូវច្បាប់ និងបរិស្ថាន ដោយសារតែការដុតជញ្រ្ជាំង និងដំណាំផងដែរ។
លោក Thammanat បាននិយាយថា៖«យើងជំរុញឱ្យកសិករទូទាំងប្រទេស បញ្ឈប់ការដុតទាំងស្រុងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះជាពេលដែលការបំពុលបរិយាកាសឈានដល់ចំណុចធ្ងន់ធ្ងរ»។
លោក បានបន្ថែមថា លិខិតបន្ទាន់ត្រូវបានបញ្ជូនទៅអភិបាលខេត្តថៃទាំងអស់ ដើម្បីបង្កើនការត្រួតពិនិត្យពីមន្ត្រីមូលដ្ឋាន និងដាក់ពិន័យយ៉ាងតឹងរ៉ឹងចំពោះជនល្មើស។
បន្ថែមពីនេះ លោករដ្ឋមន្រ្តីក្រសួងកសិកម្មដដែល និយាយថា ក្រសួងនឹងពិចារណាផងដែរ អំពីការព្យួរការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់កសិករដែលមានសិទ្ធិទទួលបានឧបត្ថម្ភធន ប្រសិនបើពួកគេបំពានច្បាប់ ដោយការដុតវាលស្រែរបស់ខ្លួន។
លោកបន្ថែមថា ក្រសួងនឹងធ្វើការជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ប្រភពបំពុលបរិយាកាសពីវិស័យកសិកម្ម ហើយនឹងជួបគ្នាម្តងទៀតដើម្បីតាមដានវឌ្ឍនភាពនៃ «សង្គ្រាមប្រឆាំងនឹងការដុតដំណាំ»។
ប្រទេសថៃតែងរងនូវការបំពុលខ្យល់ធ្ងន់ធ្ងរ ជាពិសេសនារដូវប្រមូលផលរួច ដោយសារតែប្រជាកសិករនាំគ្នាដុតជញ្រ្ជាំង ឬដំណាំ ដើម្បីត្រៀមដីទុកសម្រាប់ការដាំដុះថ្មី ទោះបីជាវាខុសច្បាប់ ហើយរងការឃ្លាំមើលពីអាជ្ញាធរក៏ដោយ។
ការអនុវត្តន៍វិធីសាស្រ្តកសិកម្មបែបនេះ ធ្វើឱ្យកម្រិតបំពុលខ្យល់នៅថៃកាន់តែអាក្រក់ទៅៗ ជាមួយនឹងការកើនឡើងនៃកំហាប់ភាគល្អិតនិចលPM2.5 ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ កម្រិត PM2.5 នៅថៃភាគច្រើនកើតឡើងពីចន្លោះខែធ្នូ និងខែមីនា ជាពិសេសនៅតាមទីក្រុងធំៗ ដែលរងការបំពុលបរិយាកាសរួចទៅហើយ ដោយសារតែការបំភាយខ្យល់ពុលពីរោងចក្រឧស្សាហកម្ម និងចរាចរណ៍៕