សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី២០ខែធ្នូឆ្នាំ២០២៣ បានសម្រេច​ដាក់ចេញ​ឱ្យមាន​កិច្ចព្រមព្រៀង​មួយ​​ស្ដីពី​វិធានការ​ថ្មី​ក្នុងការ​រៀបចំឡើង​វិញ​នូវ​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍ ដែល​បានធ្វើ​ចំណាកស្រុក​ទៅតាម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុបនីមួយៗ និង​កាត់បន្ថយ​ចំនួន​ជនអន្តោប្រវេសន៍។

បន្ទាប់ពី​បើក​កិច្ចពិភាក្សា​ពេញ​មួយ​យប់ ដោយមាន​ការជជែក​គ្នា​យ៉ាង​ស៊ីជម្រៅ​ក្រុម​អ្នកតំណាង​សភា​អ៊ឺរ៉ុប និង​រដ្ឋាភិបាល​សហភាព​អឺរ៉ុប ​បាន​ឈានដល់​ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ស្តីពី​ច្បាប់​ធ្វើ​ចំណាកស្រុក​និង​សិទ្ធិ​ជ្រកកោន ដែល​អាច​នឹង​ចូល​ជាធរ​មាននៅ​ឆ្នាំក្រោយ។

ច្បាប់​ថ្មី​នេះ​មាន​វិសាល​គ្របដណ្តប់​លើ​ការជ្រើសរើស​ប្រភេទ​ជន​ចំណាកស្រុក​នៅពេលដែល​ពួកគេ​បាន​ទៅដល់​សហភាព​អ៊ឺរ៉ុប នីតិវិធី​នៃ​ការដោះស្រាយ​បញ្ហា​ជុំវិញ​ពាក្យសុំ​សិទ្ធិ​ជ្រកកោន និង​ការ​កំណត់ថា​តើ​ប្រទេស​ន​អ៊ឺរ៉ុប​មួយណា​ដែល​ត្រូវ​ទទួលខុសត្រូវ​ក្នុងការ​ទទួលយក​ជន​ចំណាកស្រុក​ទាំងនោះ​និង​ដោះស្រាយ​វិបត្តិ​នានា​ផ្សេងទៀត។


ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មិនមាន​ជន​ចំណាកស្រុក​ទៅកាន់​សហភាព​អឺរ៉ុប​ច្រើន​ដូច​នៅ​ឆ្នាំ២០១៥ នោះទេ ​ប៉ុន្តែ​ក៏មាន​ការកើនឡើង​ខ្លះ​ដែរ​បើ​គិត​ចាប់ពី​ឆ្នាំ ២០២០មក មាន​ប្រមាណ​ជា ២៥៥០០០ នាក់ ​គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំ២០២៣។ ជាង ៥០% នៃ​ជនអន្តោប្រវេសន៍​ទាំងអស់​បានធ្វើ​ដំណើ​រឆ្ល​ង​កាត់​មហាសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ចេញពី​ទ្វីបអាហ្វ្រិក ដែល​ភាគច្រើន​ឆ្ពោះទៅកាន់​ប្រទេស​អ៊ីតាលី។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ីតាលី​លោក​ម៉ា​តេ​អូ ផេ​ន​តេ​ដូ​ស៊ី (Matteo Piantedosi)បាន​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​នេះ​ថា​ជា​ជ័យជម្នះ​ដ៏​ធំ​មួយ​សម្រាប់​ទ្វីបអឺរ៉ុប​ទាំងមូល និង​ប្រទេស​អ៊ីតាលី​ដោយឡែក ដើម្បី​ធានាថា​បណ្ដា​ប្រទេស​នៅក្នុង​សហភាព​អឺរ៉ុប​ចូលរួម​ដោះស្រាយ​បញ្ហា​ចំណាកស្រុក​នេះ​ទាំងអស់គ្នា។


អធិការបតី​របស់​អា​ឡឺ​ម៉​ង់​លោក អូ​ឡា​ហ្វ ស្កូ​ល (OlaF Scholz) បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​នេះ​ជាពិសេស​គឺ​ការបន្ធូរបន្ថយ​បន្ទុក​លើ​បណ្តា​ប្រទេស​មួយចំនួន​ដែល​រង​ផលប៉ះពាល់​ច្រើន ដូចជា​ប្រទេស​អាល្លឺម៉ង់​ជាដើម។

កាលពីមុន ក៏​ធ្លាប់មាន​ការព្យាយាម​បែងចែក​កាតព្វកិច្ច​ក្នុងការ​ចូលរួម​ទទួលយក​ជនអន្តោប្រវេសន៍​នេះដែរ​ប៉ុន្តែ​បាន​បរាជ័យ ដោយសារតែ​សមាជិក​សហភាព​អឺរ៉ុប​ខាងកើត​មិន​ព្រម​ទទួលយក​ជនអន្តោប្រវេសន៍​ដែល​បាន​ទៅដល់​ប្រទេស​ក្រិ​ក​អ៊ីតាលី​និង​ប្រទេស​មួយចំនួនទៀត។

ស្ថិតនៅក្រោម​ប្រព័ន្ធ​ច្បាប់​នៃ​កិច្ចព្រមព្រៀង​ថ្មី​នេះ បណ្តា​ប្រទេស​ដែល​មិនមាន​ព្រំដែន​ជាប់​សមុទ្រ​ត្រង់​កន្លែង​ច្រកចូល​របស់​ជនអន្តោប្រវេសន៍ នឹងមាន​ជម្រើស​ពីរ​សម្រាប់​ជ្រើសរើស ទី១ ត្រូវ​ទទួលយក​ជន​ចំណាកស្រុក​ចំនួន៣៣០០០ នាក់​ដែល​បានដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន ឬ​ជម្រើស​ទី២ ត្រូវ​បង់ប្រាក់​យ៉ាងតិច២ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ម្នាក់​យ៉ាងតិច ទៅក្នុង​មូលនិធិ​សហភាព​អឺរ៉ុប។

ប្រព័ន្ធ​ជ្រើសរើស​ជនអន្តោប្រវេសន៍​គឺជា​ប្រព័ន្ធ​មួយ​ដែល​អាច​ត្រួតពិនិត្យ វាយតម្លៃ និង​កំណត់​អត្តសញ្ញាណ​ជន​ចំណាកស្រុក​ទាំងនោះ ថា​តើនរ​ណាខ្លះ​ដែល​ពិតជា​ត្រូវការ​ការ​គាំពារ​ពី​អន្តរជាតិ ហើយ​នរណា​ខ្លះទៀត​ដែល​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ហើយ។

ជាក់ស្ដែង ជនអន្តោប្រវេសន៍​ដែល​បានដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​មកពី​ប្រទេស​ឥណ្ឌា ទុយ​ណេ​ស៊ី និង​តួ​ក​គី គឺ​ភាគច្រើន​មិន​អនុញ្ញាត​ឱ្យចូល​ទ្វីបអឺរ៉ុប​នោះទេ។ ហើយ​មនុស្ស​មួយចំនួន​នឹងត្រូវ​ចាប់​ឃុំ​នៅ​ច្រកព្រំដែន ប្រសិនបើ​សង្ស័យថា​ពួកគេ​ជា​បុគ្គល​គ្រោះថ្នាក់។

ជាការ​កត់សម្គាល់ កិច្ចព្រមព្រៀង​ថ្មី​នេះ​នឹង​ជួយ​ដល់​ការដោះស្រាយ​បញ្ហា​ចំនួន​អ្នកដាក់ពាក្យសុំ​សិទ្ធិ​ជ្រកកោន​បាន​លឿន​ជាង​មុន។យ៉ាងណាក៏ដោយ អង្គការ​លើកលែងទោស​អន្តរជាតិ​បានលើកឡើង​ថា កិច្ចព្រមព្រៀង​នេះ​នឹង​អាច​បង្កើន​ការលំបាក​សម្រាប់​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន និង​ជួប​ការលំបាក​ជាង​មុន ក្នុងការ​ស្វែងរក​ទី​សុវត្ថិភាព ជាពិសេស​ក្រុមគ្រួសារ និង​ជន​ងាយ​រងគ្រោះ អាច​នឹងត្រូវ​ចាប់ឃុំខ្លួន​នៅ​ព្រំដែន ដោយសារតែ​ការអនុវត្ត​តាមច្បាប់​នៃ​កិច្ចព្រមព្រៀង​ថ្មី​នេះ៕