រុស្ស៊ី​ដែល​ជាប់ផុង​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​អស់​រយៈពេល​ជិត ​២ ​ឆ្នាំ​ដោយ​ទទួលបាន​មកវិញ​នូវ​ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​ពី​ប្រទេស​លោក​សេរី បានបង្ហាញ​ជំហរ​ជាថ្មី​ក្នុង​ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​តាមរយៈ​ការផ្តល់​យោបល់​និង​ការ​សម្រប​សម្រួល​ពី​ភាគី​ទី​៣​។  

​ចាប់តាំងពី​សង្គ្រាម​តំបន់​ហ្គា​ហ្សា​បាន​ផ្ទុះឡើង​រវាង​ក្រុម​ហា​ម៉ាស់​និង​ប្រទេស​អ៊ី​ស្រា​អែល សម្ពាធ​ការទូត​ដល់​ធ្លាប់​ធ្លា​ក់លើ​រុស្ស៊ី​ទាំងស្រុង​ដោយសារតែ​ខ្លួន​លើកទ័ព​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នេះ បាន​រំលែក​ទៅលើអ៊ី​ស្រា​អែល​និង​អាមេរិក​។​

​សម្ពាធ​អន្តរជាតិ​ធ្លាក់​ទៅលើអ៊ីស្រា​អែល ដោយសារ​ការបាញ់ប្រហា​រលើ​ពួក​ហា​ម៉ាស់​នៅ​តំបន់​ហ្គា​ហ្សា​បណ្តាលឱ្យ​ស្លាប់​ជន​ស៊ីវិល​ជាង​ ២ ​ម៉ឺន​នាក់ ​និង​របួស​ជាង​ ៥​ ម៉ឺន​នាក់​រហូតមក​ដល់ពេលនេះ​។​


​អំឡុងពេល​សង្គ្រាម​នៅ​ហ្គា​ហ្សា​ជាង​ ២ ​ខែ​នេះ រុស្ស៊ី​បាន​ស្ថាបនា​មុខមាត់​ឡើងវិញ​ក្នុង​ឆាក​អន្តរ​ជាតិ​ជាពិសេស​ជាមួយ​ពិភព​អារ៉ាប់​ដែល​នៅ​ខាង​ក្រុម​ហា​ម៉ាស់​ស្រាប់​នោះ ហើយ​រុស្ស៊ី​ក៏​រំពឹងថា បណ្តុំ​រដ្ឋ​អារ៉ាប់​នឹង​ជួយ​រក​វិធី​ដើម្បី​រំលត់​សង្គ្រាម​។​

​នៅ​ថ្ងៃទី​ ២០ ​ខែធ្នូ​នេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺ​ហ្គេ​យ ឡាវ​រ៉ូ​វ (Sergey Lavrov) បាន​និយាយថា ប្រទេស​រុស្ស៊ី ​ស្វាគមន៍​ចំពោះ​គំនិត​ស្ថាបនា​ណាមួយ រួមទាំង​ពី​សម្ព័ន្ធ​រដ្ឋ​អារ៉ាប់​ផងដែរ អំពី​របៀប​បង្កើត​លក្ខ​ខណ្ឌ​សម្រាប់​ដំណោះស្រាយ​ដោយ​យុត្តិធម៌​នៃ​ជម្លោះ​អ៊ុយ​​ក្រែ​ន ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​។​


​សេចក្តី​ថ្លៃ​ង​ការណ៍​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បាន​លើកឡើងថា​៖ «​សេចក្តីថ្លែងការណ៍​ថ្ងៃនេះ ដែល​យើង​អនុម័ត សង្កត់ធ្ងន់ថា រុស្ស៊ី​ស្វាគមន៍​ចំពោះ​គំនិត​ស្ថាបនា​ណាមួយ រួមទាំង​គំនិត​របស់​សម្ព័ន្ធ​រដ្ឋ​អារ៉ាប់ អំពី​របៀប​បង្កើត​លក្ខ​ខណ្ឌ​សម្រាប់​ជម្លោះ​នេះ ដើម្បី​ទទួលបាន​ដំណោះស្រាយ​ដោយ​យុត្តិធម៌ ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​»៕