ឧបនាយករដ្ឋមន្ត្រី លោក សុំ​សាក់ ថេប​ស៊ូ​ធិ​ន (SomsakThepsutin)​ បានបញ្ជាក់​ថា ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ​(Thaksin Shinawatra) នឹងមាន​សិទ្ធិ​ទទួលបាន​ការឃុំខ្លួន​នៅក្រៅ​ពន្ធនាគារ​ក្រោម​បទ​ប្បញ្ញត្តិ​ថ្មី​មួយ​ដែល​អនុញ្ញាតឱ្យ​មានការ​ឃុំខ្លួន​អ្នកទោស​ដែលមាន​លក្ខណ​​សម្បត្តិ​គ្រប់គ្រាន់​។​

​លោក សុំ​សាក់ ដែល​ធ្លាប់ជា​អតីត​រដ្ឋ​​មន្ត្រី​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា លោក ថាក់ស៊ីន មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្រោម​បទ​ប្បញ្ញត្តិ​ថ្មី​ដែល​ទើបបាន​ចូល​ជា​ធរមាន​កាលពី​ដើមខែ​នេះ​។ ច្បាប់​នេះ​អនុញ្ញាតឱ្យ​ទណ្ឌិត​អាច​នៅក្រៅ​ពន្ធនាគារ​ប្រសិនបើ​ពួកគេ​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​ដែល​កំណត់ដោយ​នាយកដ្ឋាន​កែប្រែ​ (​ពន្ធនាគារ​)​ ហើយ​ត្រូវ​បានអនុម័ត​ដោយ​ក្រុម​ត្រួតពិនិត្យ​ជំនាញ​ដែល​បង្កើតឡើង​ដោយ​នាយកដ្ឋាន​ផ្ទាល់​។​

​លោក សុំ​សាក់ ក៏បាន​បញ្ជាក់​បន្ថែមថា ទោស​ជាប់ពន្ធនាគារ​របស់លោក​ថាក់ស៊ីន មាន​រយៈពេល​តិចជាង​ ៤ ​ឆ្នាំ​ហើយ​លោក​ជា​អ្នកទោស​ដែល​មិនមាន​ការគំរាមកំហែង​ឬ​បង្ក​គ្រោះថ្នាក់​ដល់​សាធារណជន​នោះទេ ដូច្នេះ​លោក​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដែល​អាច​ទទួល​បានការ​ឃុំខ្លួន​ក្រៅ​ពន្ធនាគារ​ហើយ​រយៈពេល​អនុវត្ត​ទោស​ក៏​នៅសល់​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។​


​លោក សុំ​សាក់ បាន​រំលេច​ថា​៖ «​ការឃុំខ្លួន​ក្រៅ​ពន្ធនាគារ​ក្រោម​ច្បាប់​ថ្មី​នេះ គឺ​ដើម្បី​កាត់បន្ថយ​ចំនួន​អ្នកទោស​លើស​ចំណុះ​នៅក្នុង​ពន្ធនាគារ​។​ការធ្វើ​បែបនេះ​គឺជា​រឿង​ធម្មតា​ទៅហើយ​នៅ​ទូទាំង​ពិភព​លោក​ហើយ​មិនមែន​អនុវត្ត​ទៅលើ​តែ​ករណី​លោក​ថាក់ស៊ីន​នោះទេ​»​។ លោក​បាន​ទទួលស្គាល់ថា សាធារណជន​មានការ​ចាប់អារម្មណ៍​លើ​ករណីនេះ​ច្រើន ដោយសារតែ​លោក ថាក់ស៊ីន ជា​ឥស្សរ​ជន​នយោបាយ​ដ៏​ល្បី​ម្នាក់​។​

​បន្ទាប់ពី​បាន​ឃ្លាតឆ្ងាយ​ពី​ប្រទេស​ថៃ​អស់​រយៈពេល ១៥ ឆ្នាំ លោក ថាក់ស៊ីន ដែលមាន​វ័យ ៧៤ ​ឆ្នាំ បាន​ត្រលប់​ចូល​ប្រទេស​វិញ​នៅ​ថ្ងៃទី​ ២២ ​ខែសីហា​ដោយ​ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​ពុករលួយ​កាលពីមុន​ឆ្នាំ​ ២០០៦​។​​ តុលាការ​បាន​កាត់ទោស​ឱ្យ​លោក​ជាប់ពន្ធនាគារ​ ៨ ​ឆ្នាំ​បន្ទាប់មក​ក៏មាន​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ ដោយបាន​កាត់បន្ថយរ​យៈ​ពេល​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​មក​ត្រឹម ​១ ​ឆ្នាំ​។​


​បច្ចុប្បន្ននេះ លោក​ថាក់ស៊ីន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប៉ូលិស​មួយ​ក្រោយ​ត្រឡប់​ចូល​មាតុប្រទេស ដោយសារ​បញ្ហា​សុខភាព​លោក​ធ្លាក់​ចុះខ្សោយ​។ គិត​មកទល់ពេលនេះ លោក​បាន​ស្នាក់​នៅ​មន្ទីរពេទ្យ​នោះ​អស់​រយៈពេល ១២០ ​ថ្ងៃ ហើយ​បើ​ចង់​នៅ​បន្ត ត្រូវមាន​ការយល់​ព្រម​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​៕