១ ឆ្នាំ​នៃ​ភាពចលាចល​រវាង​មហាអំណាច​ពិភពលោក​គឺ ចិន និង​អាមេរិក ជុំវិញ​បញ្ហា​បង្ហោះ​បា​ឡុង​ចារកម្ម ការប្រកួតប្រជែង​គ្នា​លើ​ការផលិត​បន្ទះ​ឈី​ប និង​ភាព​តានតឹង​ផ្នែក​យោធា បាន​រុញឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ ២​ កាន់តែ​ល្អក់កករ​។​

​ដោយឡែក​ឆ្នាំ​ ២០២៤ ​ត្រូវបាន​គេ​មើលឃើញថា​ជា​ឆ្នាំ​ដែល​ទំនាក់ទំនង​ប្រទេស​ទាំង ​២ ​មាន​ភាពចលាចល​កាន់តែខ្លាំង​។ ហេតុការណ៍​ដែល​នឹង​បង្ក​ភាពស្មុគស្មាញ ការ​ប្រឈម​ខ្លាំង​នោះ​ក៏​អាច​បណ្ដាលមកពី​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នៅ​តៃវ៉ាន់ ក៏ដូចជា​ការបោះឆ្នោត​ប្រធានាធិបតី​ថ្មី​នៅ​អាមេរិក និង​សង្គ្រាម​ពាណិជ្ជកម្ម​បន្តទៀត​។​

​នៅក្នុង​ការបោះឆ្នោត​ប្រ​ធានា​​ធិបតី​នៅ​តៃវ៉ាន់ គណបក្ស​ប្រជាធិបតេយ្យ (DPP) ដែល​កំពុង​កាន់អំណាច​ហាក់ដូចជា​បន្ត​នាំមុខ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ក្រោយ​ខណៈដែល​ចិនដីគោក​ចាត់ទុក​គណបក្ស​នេះ​ថា​មាន​ភាព​ឯករាជ្យ​និយម​ហួស​​ហេតុ​ពេក​។​


​នៅ​រាល់​មុន​ការបោះឆ្នោត​ម្ដងៗ តៃវ៉ាន់ និង​ចិន​តែងមាន​ភាព​​តានតឹង​ផ្នែក​នយោបាយ​និង​យោធា​ជាមួយ​រដ្ឋអំណាច​តៃវ៉ាន់​ដែល​តែង​ចោទថា ចិន​បាន​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​បោះឆ្នោត​ទៀតផង​។ មាន​ម្ដងនោះ​ក្នុង​ឆ្នាំ​ ១៩៩៦ ចិន​រហូតដល់​ធ្វើ​សមយុទ្ធ​យោធា​និង​តេស្ត​មី​ស៊ី​ល​នាំឱ្យ​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់ ប​ញ្ចូ​ន​យន្ដហោះ​ចម្បាំង​ទៅកាន់​តំបន់​កោះ​នោះ​តែម្ដង​។​

​ចំណែកឯ​ការបោះឆ្នោត​លើក​នេះ​ទីក្រុង​ប៉េកាំង​បានដាក់​សម្ពាធ​ផ្នែក​យោធា​និង​នយោបាយ​ម្ដងទៀត​និង​ថែមទាំង​បាន​ព្រមាន​តៃវ៉ាន់​ក្នុងការ​សម្រេចចិត្ត​ឱ្យបាន​ហ្មត់ចត់ ព្រោះ​ពួកគេ​មានតែ​ជម្រើស​ ២ ​ប៉ុណ្ណោះ​គឺ​សង្គ្រាម​ឬ​សន្តិភាព​។​


​រីឯ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​អាមេរិក​វិញ​ក៏​ទំនងជា​ជួបប្រទះ​បញ្ហា​ចម្រូងចម្រាស កាន់តែខ្លាំង​ផងដែរ​។ ចម្រូងចម្រាស​ដោយសារ​ចុងឆ្នាំ ២០២៣ ​នេះ សម្ទុះ​នៃ​ការគាំទ្រ​អតីត​ប្រ​ធានា​​ធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ហាក់​កក្រើក​ឡើង​គួរឱ្យកត់សម្គាល់​។​

​ទន្ទឹមនឹង​ស្ថានការណ៍​នេះ​សាធារណជន​ក៏ដូចជា​ថ្នាក់​​ដឹកនាំ​ជុំវិញ​ពិភពលោក​កំពុង​ដាក់​ចម្ងល់​ថា តើ​លោក​ត្រាំ​អាច​នឹង​វិល​មកកាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​អាណត្តិ​ក្រោយ​ដែរឬទេ​?

​សម្រាប់​ចិន អតីត​ប្រ​ធានា​ធិបតី ដូ​ណា​ល់ ត្រាំ​ប្រៀបបាន​ទៅនឹង​សុបិន​អាក្រក់​មួយ​របស់គេ​ស្ដែងចេញ​តាមរយៈ​ការ​ថ្កោល​​ទោស​ចិន​ចំពោះ​ជំងឺ​កូ​វីដ​ ១៩ កាលពីពេល​កន្លងទៅ​។​

​ប៉ុន្តែ​នៅក្នុង​ន័យ​មួយទៀត​ការវិលត្រឡប់​របស់លោក​ត្រាំ​ក៏​អាចជា​អត្ថប្រយោជន៍​ភូមិ​សាស្ត្រ​នយោបាយ​សម្រាប់​ប្រទេស​ចិន​ផងដែរ ព្រោះ​កន្លង​មក​លោក បៃ​ឌិន បាន​បង្កើន​សម្ពាធ​ពាណិជ្ជកម្ម​យ៉ាងខ្លាំង​ដល់​ចិន​តាមរយៈ​ការដំឡើង​ពន្ធ​និង​ការពង្រឹង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ជាពិសេស​នៅ​តំបន់​អាស៊ី​ដែល​ហាក់​ឡោមព័ទ្ធ​ចិន​ជាប់​។​

​នយោបាយ​របស់​សហរ​ដ្ឋ​អាមេរិក​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​ពង្រឹង​យ៉ាងខ្លាំង​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ ដូចជា​ការពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​ឥណ្ឌា ដែលជា​សត្រូវ​ប្រវត្តិសាស្ត្រ​របស់​ចិន ការពង្រឹង​វិស័យ​យោធា​ជាមួយ​ហ្វីលីពីន និង​វៀតណាម​ជាដើម​ធ្វើឱ្យ​ចិន​ប្រឈម​ខ្លាំង​។​

​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​លើ​បញ្ហា​បន្ទះ​ឈី​ប​ឯណោះ​វិញ​ក៏​ទំនងជា​ផ្ដល់​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​កាន់តែខ្លាំង​។ អាមេរិក​ដែលមាន​បំណង​ចង់​ក្លាយជា​អ្នក​ផលិត​បន្ទះ​ឈី​ប​ជាមួយ​បច្ចេកវិទ្យា​ទំនើប​បំផុត​នោះ​នឹងត្រូវ​ប្រឈម​ការប្រកួត​ប្រជែង​ជាមួយ​ចិន​ដែល​កំពុង​តាម​ប្រកៀក​ប្រកិត​ពីក្រោយ​។​

​ជារឿយៗ ភាគី​ទាំង​ ២​ តែងមាន​ជម្លោះ​លើ​បច្ចេកវិទ្យា​ផលិត​បន្ទះ​ឈី​ប​។ ជាក់ស្ដែង​ថ្មីៗ​នេះ អាមេរិក​បាន​រឹតបន្តឹង​ការនាំចេញ​បន្ទះ​ឈី​ប​ទៅកាន់​ប្រទេស​ចិន​ខណៈដែល​ចិន​កំពុង​សិក្សា​ពី​បច្ចេកវិទ្យា​របស់​អេ​មេ​រិ​ក​សំដៅ​សម្រេច​មហិច្ឆតា​ក្លាយជា​មហា​អំណាច​បច្ចេកវិទ្យា​បន្ទះ​ឈី​ប​នៅលើ​ពិភពលោក​៕