កាលពី​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០២៣ សមាជិកសភា​ថៃ​បាន​បោះជំហាន​ទៅមួយ​ដំណាក់កាល​ទៀត ពោលគឺ​បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន ៤ ដែល​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅក្នុង​ដំណាក់កាល​ប្រជុំ​សភា​លើកដំបូង​។ ការណ៍​នេះ​បានបង្ហាញ​ពី​វឌ្ឍនភាព​ឆ្ពោះទៅរក​ការគាំទ្រ​ផ្នែក​ច្បាប់​ចំពោះ​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក្នុងប្រទេស​ថៃ ដែលជា​ប្រទេស​មាន​សហគមន៍ LGBT លេចធ្លោ និង​បើកចំហ​គួរឱ្យកត់សម្គាល់​នៅ​អាស៊ី​។

យ៉ាងណាក៏ដោយ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​បានលើកឡើង​ថា ច្បាប់ និង​ស្ថាប័ន​របស់​ប្រទេស​ថៃ​នៅតែ​មិនទាន់បាន​ផ្លាស់ប្តូរ និង​បត់បែន​ទៅតាម​អាកប្បកិរិយា​របស់​មនុស្ស​ក្នុងសង្គម​នៅឡើយ ហើយ​នៅតែ​រើសអើង​ចំពោះ​ស្ត្រី​ស្រឡាញ់​ភេទ​ដូចគ្នា ខ្ទើយ មនុស្ស​ប្តូរ​ភេទ និង​គូស្នេហ៍​ភេទ​ដូចគ្នា​ជាដើម​។

គួរ​ដឹង​ដែរ​ថា ស្ទើរតែ​ទាំង​អស់នៃ​សមាជិកសភា​សរុប​ចំនួន ៣៧១ នាក់​នៅក្នុង​សភា​ជាន់​ទាប បាន​បោះឆ្នោត​យល់ព្រម​ចំពោះ​សេចក្តីព្រាងច្បាប់​នេះ​។ នេះ​មានន័យថា ពួកគេ​កំពុង​រៀបចំ​ចងក្រង​សេចក្ដីព្រាងច្បាប់​ទាំង ៤ ទៅជា​ឯកសារ​មួយ​បញ្ចូល​គ្នា ហើយ​ឆ្នាំ​ក្រោយនេះ សភា​ថៃ​នឹង​បើក​កិច្ចពិភាក្សា និង​បោះឆ្នោត​លើ​ច្បាប់​នេះ​ម្តងទៀត​។


គួររំឭកថា កាលពី​ឆ្នាំមុន សមាជិកសភា​ក៏​ធ្លាប់បាន​លើកយក​សេចក្ដីព្រាងច្បាប់​ស្រដៀង​គ្នា​នេះ​ដាក់ជូន​សភា​ថៃ និង​ច្បាប់​ស្តីពី​សហជីព​ស៊ីវិល​សម្រាប់​គូស្នេហ៍​ភេទ​ដូចគ្នា​ដែល​បានដាក់​ស្នើ​ដោយ​រដ្ឋាភិបាល​ផងដែរ ប៉ុន្តែ​កិច្ចប្រជុំសភា​បាន​បិទ​បញ្ចប់ នៅមុន​ពេលដែល​ឈានទៅដល់​ដំណាក់កាល​បោះឆ្នោត​សម្រេច​ចុងក្រោយ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ សភា​ថៃ​បាន​បើក​កិច្ចប្រជុំ​អំពី​សេចក្ដីព្រាងច្បាប់​ទាំង ៤ នេះ ដោយ​ច្បាប់​ទី​១ មកពី​ខាង​រដ្ឋាភិបាល​ថ្មី​ដែល​ជាប់ឆ្នោត​ក្នុង​ខែឧសភា​កន្លងទៅ មួយទៀត​មកពី​អង្គការ​សង្គម​ស៊ីវិល និង ២ ទៀត​មកពី​គណបក្ស​ឈានទៅ​មុខ (Move Forward) ដែលជា​គណបក្សប្រឆាំង និង​ប្រជាធិបតេយ្យ​និយម​។


ឧបនាយករដ្ឋមន្ត្រី លោក សុំ​សាក់ ថេប​ស៊ូ​ធិ​ន (Somsak Thepsuthin) បាន​មានប្រសាសន៍ថា​៖ «​សេចក្តីព្រាងច្បាប់​របស់​រដ្ឋាភិបាល​មាន​គោលបំណង​ផ្លាស់ប្តូរ​ច្បាប់​មួយចំនួន​ក្នុង​ក្រមរដ្ឋប្បវេណី ដើម្បី​អាច​អនុញ្ញាតឱ្យ​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា អាច​រៀបការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បាន​"​។

លោក​បានបញ្ជាក់​បន្ថែម​ថា​៖«​ច្បាប់​នេះ​នឹង​ផ្តល់​សិទ្ធិ កាតព្វកិច្ច និង​ការទទួលស្គាល់​គ្រួសារ​របស់​ពួកគេ ដូចគ្នា​ទៅនឹង​អាពាហ៍ពិពាហ៍​ដែល​កើតចេញពី​បុរស​និង​ស្ត្រី​នាពេល​បច្ចុប្បន្ននេះ​ផងដែរ​»​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក សុំ​សាក់ បាន​កត់សម្គាល់ថា ការស្ទង់មតិ​របស់រ​ដ្ឋា​ភិ​បាល​ដែល​បានធ្វើ​ឡើង​នៅ​ចន្លោះ​ពីថ្ងៃ​ទី ៣១ ខែតុលា​ដល់​ថ្ងៃទី ១៤ ខែវិច្ឆិកា កន្លងទៅ​បានបង្ហាញ​ពី​ការគាំទ្រ​ពី​សាធារណជន​រហូតដល់​ទៅ ៩៦,៦% ចំពោះ​សេចក្តីព្រាងច្បាប់​នេះ​។

ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​ចេញ និង​ទទួលបាន​ការយល់ព្រម​ឡាយព្រះហស្ដលេខា​ពី​ព្រះមហាក្សត្រ នោះ​ប្រទេស​ថៃ​នឹង​ក្លាយទៅជា​ប្រទេស​ទី ៣ នៅ​អាស៊ី បន្ទាប់ពី​តៃវ៉ាន់ និង​នេ​ប៉ាល់ ដែល​បានអនុញ្ញាត​ឱ្យមាន​អាពាហ៍ពិពាហ៍​ស្របច្បាប់​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​៕