​នៅ​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០២៣ ប្រទេស​ចិន ដែលជា​ប្រទេស​កែច្នៃ​សារធាតុ​កម្រ​ឈានមុខ​គេ​នៅលើ​ពិភពលោក បានដាក់​ចេញ​នូវ​វិធានការ​ហាមឃាត់​ការនាំចេញ​បច្ចេកវិទ្យា​ចាំបាច់​មួយចំនួន​ដែល​ប្រើ​សម្រាប់​ទាញយក និង​ចម្រាញ់​សារធាតុ​កម្រ​សំខាន់ៗ​។ វិធានការ​នេះ​មាន​គោលបំណង​គ្រប់គ្រង​ទៅលើ​ខ្សែសង្វាក់​ផ្គត់ផ្គង់​លោហៈធាតុ​សំខាន់ៗ​នៅលើ​ពិភពលោក​។

សារធាតុ​កម្រ គឺ​សំដៅ​ទៅលើ​លោហៈ​ចំនួន ១៧ ប្រភេទ​ដែលជា​សារធាតុ​សំខាន់​ក្នុង​ការយកទៅ​បង្កើត​មេដែក​ដែល​អាច​បំប្លែង​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី ទួ​រ​ប៊ី​ន​ខ្យល់ និង​ឧបករណ៍​អេឡិចត្រូនិក​ជាដើម​។

បច្ចុប្បន្ននេះ ប្រទេស​លោកខាងលិច​កំពុងធ្វើការ​បង្កើត​កន្លែង​កែច្នៃ​សារធាតុ​កម្រ​ដោយ​ខ្លួនឯង​។ យ៉ាងណាក៏ដោយ វិធានការ​ហាមឃាត់​ការនាំចេញ​របស់​ចិន​នេះ នឹង​ប៉ះពាល់​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​សារធាតុ​កម្រ​ដែល​ប្រទេស​ផ្សេង​មិន​ងាយ​មាន និង​ពិបាក​ធ្វើបាន​ខ្លាំង ហើយ​សារធាតុ​កម្រ​ទាំងនោះ​ទៀតសោត មាន​សារៈសំខាន់​ណាស់​សម្រាប់​យកទៅ​ផលិត​ម៉ូ​ទ័​រយាន​យន្ត​អគ្គិសនី (EV Motor) ឧបករណ៍​វេជ្ជសាស្ត្រ និង​អាវុធ​ទំនើបៗ​មួយចំនួន​។ ចិន​ជា​ប្រទេស​ដែល​គ្រប់គ្រង​ការ​ចម្រាញ់​សារធាតុ​ទាំងអស់នេះ​នៅក្នុង​តំបន់ ស្ទើរតែ​ផ្តាច់មុខ​ទៅហើយ​។


លោក ណា​ថា​ន់ ភី​ខា​ស៊ី​ក (Nathan Picarsic) សហ​ស្ថាបនិក​ក្រុមហ៊ុន​ប្រឹក្សា​ភូមិសាស្ត្រ​នយោបាយ ឈ្មោះថា Horizon Advisory បាន​និយាយថា «​ការណ៍​នេះ​ជាការ​បញ្ជាក់​យ៉ាងច្បាស់​ថា ការពឹង​ផ្អែកលើ​ប្រទេស​ចិន​នៅក្នុង​ផ្នែក​ណាមួយ​នៃ​ខ្សែសង្វាក់​ផលិតកម្ម គឺ​មិនមាន​និរន្តរភាព​នោះទេ​»​។ កាលពី​ខែធ្នូ ឆ្នាំមុន ក្រសួងពាណិជ្ជកម្ម​ចិន​បាន​បើក​ឱ្យមាន​ការចូលរួម​មតិយោបល់​ពី​សាធារណជន អំពី​ថា​តើ​ចិន​គួរ​ហាមឃាត់​ការនាំចេញ​ប្រភេទ​បច្ចេកវិទ្យា​ណាខ្លះ​។

បន្ថែម​លើ​នេះ ចិន​ក៏បាន​ធ្វើការ​ហាមឃាត់​ការនាំចេញ​នូវ​បច្ចេកវិទ្យា​ដែល​ប្រើ​ក្នុង​ការផលិត​លោហៈធាតុ​កម្រ និង​មេដែក​ផងដែរ ដោយ​លើក​ហេតុផល​ថា ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ផលប្រយោជន៍​សាធារណៈ​។ អស់​រយៈពេល​ពេញ​មួយឆ្នាំ​មកនេះ ចិន​បាន​រឹតបន្តឹង​ច្បាប់​នាំចេញ​លើ​លោហៈធាតុ​ផ្សេងៗ ខណៈដែល​កំពុងមាន​ជម្លោះ​ជាមួយ​លោកខាងលិច​ជុំវិញ​ការគ្រប់គ្រង​សារធាតុ​រ៉ែ​សំខាន់ៗ​។


ប្រទេស​ចិន​មានបំណង​ការពារ​បច្ចេកវិទ្យា​ដែល​ផលិត​សារធាតុ​កម្រ​របស់ខ្លួន ខណៈដែល​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ព្យាយាម​កាត់បន្ថយ​ការពឹង​ផ្អែកលើ​សារធាតុ​កម្រ​របស់​ចិន ដែល​ស្មើនឹង​ជិត ៩០% នៃ​ទិន្នផល​ចម្រាញ់​សរុប​របស់​ពិភពលោក​។ ប្រទេស​ចិន​ពូកែ​ក្នុងការ​ចម្រាញ់​សារធាតុ​ទាំងនេះ​ណាស់ ដោយ​ប្រើប្រាស់​ដំណើរ​ការដែល​ក្រុមហ៊ុន​លោកខាងលិច​ដូចជា ក្រុមហ៊ុន​ចម្រាញ់​សារធាតុ​ដើម MP Materials ជាដើម បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ដោយសារ​បញ្ហា​បច្ចេកទេស និង​បញ្ហា​បំពុល​បរិស្ថាន​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន MP បាន​កើនឡើង​ជាង ១០% ភ្លាមៗ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ចិន​បានដាក់​ចេញ​នូវ​វិធានការ​ហាមឃាត់​ការនាំចេញ​ខាងលើ ប៉ុន្តែ​ក្រុមហ៊ុន MP នៅ​មិនទាន់​ឆ្លើយតប​ជុំវិញ​រឿងនេះ​នៅឡើយ​ទេ​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ចម្រាញ់​សារធាតុ​ដើម Ucore Rare Metals ក៏​ទើបតែ​បានប្រកាស​ថ្មីៗ​នេះ​ថា ខ្លួន​បានបញ្ចប់​ការសាងសង់​មន្ទីរ​បច្ចេកវិទ្យា​កែច្នៃ​សារធាតុ​កម្រ​របស់ខ្លួន​រួចស្រេច​ហើយ​។ គួរ​បញ្ជាក់ថា ផ្នែក​ខ្លះ​នៃ​ក្រុមហ៊ុន​នេះ បានទទួល​ជំនួយ​មូលនិធិ​ពី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Ucore លោក ផាត រី​យ៉ាន់ (Pat Ryan) បាន​លើកឡើងថា បច្ចេកវិទ្យា​ថ្មី​គឺ​ចាំបាច់​ខ្លាំងណាស់​ដើម្បី​ផលិត និង​ចម្រាញ់​សារធាតុ​កម្រ​ដោយ​ខ្លួនឯង ដើម្បី​ទប់ទល់​ជាមួយនឹង​ប្រទេស​ចិន​។ ការណ៍​នេះ​បានធ្វើឱ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Ucore កើនឡើង​រហូតដល់​ទៅ ១៦% ភ្លាមៗ​។

យ៉ាងណាក៏ដោយ ប្រទេស​ចិន​បាន​គ្រប់គ្រង​ការ​ចម្រាញ់​លោហៈធាតុ​កម្រ​ដែល​ប្រើប្រាស់​ក្នុង​បច្ចេកវិទ្យា​ធុន​ធ្ងន់ និង​សំខាន់ៗ ខណៈដែល​លោកខាងលិច​បាន​ផ្តោត​លោហៈធាតុ​កម្រ​ដែល​ប្រើប្រាស់​ក្នុង​បច្ចេកវិទ្យា​ធុន​ស្រាល ធម្មតាៗ​។ ដូច្នេះ ការហាម​មិនឱ្យ​នាំចេញ​បច្ចេកវិទ្យា​របស់​ចិន នឹង​ធ្វើឱ្យ​លោកខាងលិច​កាន់តែ​ពិបាក​ក្នុងការ​ចម្រាញ់​យកសារ​ធាតុ​កម្រ​ធុន​ធ្ងន់​បាន​គ្រប់គ្រាន់​៕