ប៉ុន្មាន​សប្ដាហ៍​កន្លងមក​នេះ ​ក្រុម​ឧទ្ទាម​ដែលជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ហ៊ូធី​បាន​បង្ក​ភាពចលាចល​នៅតាម​ច្រក​ដឹកជញ្ជូន​សមុទ្រធំៗតាមរយៈ​ការ​ឆ្មក់​វាយប្រហារ​កប៉ាល់​ដឹកទំនិញ។សកម្មភាព​នេះ​បាន​នាំឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​អន្តរជាតិ​រិះរក​ផ្លូវ​ផ្សេង​ដោយ​បញ្ចៀស​ច្រក​សមុទ្រ​ក្រហម​និង​ច្រក​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ។

ដោយឡែក​នា​ថ្ងៃទី២៣ ខែធ្នូ​ឆ្នាំ២០២៣ មេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់​ បាន​និយាយ​បែប​គម្រាមថា​ ពួកគេ​នឹង​បិទ​ច្រក​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ប្រសិនបើ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​នៅ​បន្ត​ចូលរួម​គាំទ្រ​ការប្រយុទ្ធ​នៅ​តំបន់​ហ្គា​ហ្សា។នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​ប៉ុន្តែ​មិនបាន​ពន្យល់ថា​ការបិទច្រក​សមុទ្រ​នឹងធ្វើ​ឡើង​ក្នុង​រូបភាព​បែបណា​នោះទេ។

យ៉ាងណាមិញ ការចោទប្រកាន់​អាមេរិក​បែបនេះ​ធ្វើឡើង​ក្រោយ​ការ​ផ្ទុះឡើង​កាន់តែខ្លាំង​នូវ​ការប្រយុទ្ធ​តាមរយៈ​ការទម្លាក់​គ្រាប់បែក​នៅ​តំបន់​កា​ហ្សា​និង​បានសម្លាប់​ជីវិត​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាច្រើន​នាក់​ហើយ​ជាច្រើន​នាក់​ទៀត​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ។


មេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖«បន្តិចទៀត​ច្រក​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាងលិច (Gibraltar) ដែល​ត្រូវ​នឹង​ភាគខាងត្បូង​ប្រទេស​អេ​ស្ប៉ា​ញ​ក៏​នឹងត្រូវ​បិទ​ផងដែរ»។

គិត​មកដល់ពេលនេះ​គឺមាន​រយៈពេល​ជាង១ខែ​ហើយ​ដែល​ក្រុម​ឧទ្ទាមហ៊ូធី (Houthi) ជាសម្ព័ន្ធមិត្ត​អ៊ីរ៉ង់ វាយឆ្មក់​កា​ប៉ាល់​ដឹកទំនិញ​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​ក្រហម។ការណ៍​នេះ​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ពិភពលោក​ជាពិសេស​ការដឹកជញ្ជូន​ទំនិញ​ពី​ប៉ែក​អឺរ៉ុប​មកកាន់​តំបន់​អាស៊ី។


ទោះបីជា​យ៉ាងនេះ​ក្ដី​ អ៊ីរ៉ង់​មិនមាន​សិទ្ធិអំណាច​អ្វី​ក្នុងការ​កាន់កាប់​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​នោះទេ​ ម្លោះ​ហើយ​សម្ដី​របស់​មេបញ្ជាកា​រ​កងទ័ព​អ៊ីរ៉ង់​បាននិងកំពុង​ធ្វើ​ឱ្យគេ​ឆ្ងល់​ថា​តើ​ពួកគេ​នឹង​បិទ​ច្រក​សមុទ្រ​ទាំងអស់​ដោយ​ប្រើ​វិធី​ណា?

ប៉ុន្តែ​វា​អាចទៅរួច​ប្រសិនបើ​អ៊ីរ៉ង់​ប្រើប្រាស់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដូច​ជាលី​បង់​ស៊ី​រី​ហេ​បូ​ឡា​ដែលមាន​អធិបតេយ្យភាព​លើ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​រហូតដល់​ច្រក Gibraltar (ភាគ​ខាងលិច​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ)។

​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​គឺជា​តំបន់​ដែល​សម្បូរ​ទៅដោយ​ជីវចម្រុះ​ដូច្នេះហើយ​វា​ជា​ប្រភព​ចម្បង​នៃ​អាហារ​សម្រាប់​មនុស្ស​រាប់​លាន​នាក់។វា​ក៏​ជា​តំបន់​ក្ដៅ​ដែល​ប្រទេស​ជុំវិញ​នោះ​ប្រទាញប្រទង់​គ្នា​លើ​អធិបតេយ្យភាព​ដែនសមុទ្រ​តាំងតែ​ពី​សម័យ​អតីតកាល​មក​ផងដែរ។

ផ្លូវទឹក​របស់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ក៏​ជា​តំណាងឱ្យ​ការដឹកជញ្ជូន​ប្រមាណ​ជា១៥% នៃ​ការដឹកជញ្ជូន​ទូទាំង​ពិភពលោក។ការបង្កើត​ព្រែកជីក​ស៊ុយ​អេ​ទៀតសោត​បាន​ជំរុញ​ឱ្យ​ការដឹកជញ្ជូន​ទំនិញ​កើនឡើង​ទ្វេដង។ដូច្នេះហើយ​ប្រសិនបើ​ការវាយប្រហារ​កប៉ាល់​ដឹកទំនិញ​នេះ​នៅតែ​បន្ត​មានតម្លៃ​ទំនិញ​នឹងត្រូវ​ឡើងថ្លៃ​ដោយ​ចៀស​មិន​រួច៕