រដ្ឋាភិបាល​នៃ​ប្រទេស​ប៊ូ​រុន​ឌី​កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ​ខ្មាន់កាំភ្លើង​ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២០ នាក់​និង​របួស ៩ នាក់​ផ្សេងទៀត​នៅ​ជិត​ព្រំដែន​ភាគ​ខាងលិច​ជាប់​នឹង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​នៅក្នុង​ការវាយប្រហារ​មួយ ​​ដែល​​ត្រូវបាន​អះអាងថា ​បានធ្វើ​ឡើង​ដោយ​ក្រុម​ឧទ្ទាម​តា​បា​រ៉ា​ក្រហម។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ Jerome Niyonzima បាន​និយាយថា​ការ​វាយឆ្មក់​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​កើតឡើង​នៅក្នុង​ភូមិ​មួយ​ឈ្មោះថា ​Vugizo ចំណែក​ជនរងគ្រោះ​ក្នុងនោះ​រួមមាន​កុមារ​ចំនួន១២នាក់​ស្ត្រី​មាន​ផ្ទៃពោះ​ពីរ​នាក់​និង​មន្ត្រីប៉ូលិស​ម្នាក់។

ដោយឡែក​ពី​សំណាក់​ក្រុម​បា​រ៉ា​ក្រហម ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​ប៊ូ​រុន​ឌី នៅ​ភាគ​ខាងកើត​កុង​ហ្គោ​បាន​អះអាង​នៅលើ​បណ្តាញ​សង្គម X ថា​បានសម្លាប់​ទាហាន៩នាក់​និង​ប៉ូលីស​ម្នាក់។ខណៈ​ក្រុម​នេះ​បដិសេធថា​មិនបាន​កំណត់​គោលដៅ​ជន​ស៊ីវិល​ទេ។


សាក្សី​ដែល​បាន​និយាយ​ទៅកាន់​សារព័ត៌​មានបាន​និយាយថា​ក្រុម​ឧទ្ទាម​ហាក់ដូចជា​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព​ប៊ូ​រុន​ឌី​ហើយ​ជន​ស៊ីវិល​ត្រូវបាន​ទុកចោល​បន្ទាប់ពី​យោធា​និង​ប៉ូលីស​បាន​រត់គេចខ្លួន។

លោក ​Priscille Kanyange ជា​កសិករ​ម្នា​ក់បាន​និយាយថា៖ «យើង​បានដឹងថា​ពួកគេ​ជា​អ្នក​វាយប្រហារ​នៅពេលដែល​ពួកគេ​បាន​វាយប្រហារ​ទីតាំង​ប៉ូលីស​ដែល​ការពារ​ព្រំដែន»។


កសិករ​ម្នាក់ទៀត​ឈ្មោះ Innocent Hajayandi ដែល​បានឃើញ​ការវាយប្រហារ​នេះ​បាន​និយាយថា​កងកម្លាំង​សន្តិសុខ​បាន​រត់គេចខ្លួន​ដោយ​ទុកឱ្យ​អ្នកស្រុក​ការពារ​ខ្លួន​ពួកគេ​ផ្ទាល់។

ការវាយប្រហារ​នេះ​គឺជា​លើក​ទី២ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មកនេះ​នៅក្នុង​ប្រទេស​ប៊ូ​រុន​ឌី​បន្ទាប់ពី​ពួក​ឧទ្ទាម​ខកខាន​សកម្មភាព​នៅក្នុង​ប្រទេស​ចាប់តាំងពី​ខែកញ្ញា​ឆ្នាំ២០២១មកម្ល៉េះ​ក្រោយ​ពេលដែល​ពួកគេ​បានធ្វើការ​វាយប្រហារ​ជា​បន្តបន្ទាប់​រួមទាំង​នៅលើ​អាកាសយានដ្ឋាន Bujumbura ផងដែរ។

ស្របពេល​ជាមួយគ្នានេះ​កាលពី​ថ្ងៃ​សុក្រ​ប្រធានាធិបតី​ប៊ូ​រុន​ឌី​ លោក​ Evariste Ndayishimiye បាន​ប្រាប់​កងទ័ព​ប៉ូលិស​និង​មន្ត្រី​ស៊ើបការណ៍​ឱ្យ​រក្សា​ការប្រុងប្រយ័ត្ន​ដោយ​ព្រមាន​ថាស​ត្រូវ​មិនដែល​ដេក​ទេ​ទោះបីជា​យើង​មាន​កងកម្លាំង​ក៏ដោយ៕