មនុស្ស​យ៉ាង​ហោច​ណាស់​ ១៣ នាក់​ បាន​ស្លាប់​ និង​ ៣៨ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ក្នុង​ហេតុការណ៍​ផ្ទុះ​រោង​ចក្រ​កែ​ច្នៃ​នីកែល​ នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​​ឥណ្ឌូនេស៊ី​ នា​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែ​ធ្នូ​នេះ​។ នេះ​បើ​តា​ម​​​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

ហេតុការណ៍​ផ្ទុះ​​រោងចក្រ​នេះ​បាន​​​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​ ៥កន្លះ​ព្រឹក​ នៅ​រោង​ចក្រ​​​របស់​​ក្រុមហ៊ុន​​ចិន ​សាខា​​ឥណ្ឌូនេស៊ី​ Tsingshan Stainless Steel (​ ITSS) ​ក្នុង​សួន​ឧស្សាហកម្ម​ Morowali​ ដែល​​ស្ថិត​នៅ​​ខេត្ត​​សិនត្រលស៊ូឡាវេស៊ី​ (Central Sulawesi)។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យប្រចាំ​រោង​ចក្រ​​​របស់​ក្រុមហ៊ុន​​ ​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​។  

ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​ទាំង​ ១៣ នាក់​ មាន​ ៨ នាក់ ​ជាកម្មករ​​ជន​ជាតិ​ឥណ្ឌូនេស៊ី​ និង​៥ នាក់​ទៀត​ ជា​កម្មករ​ជន​ជាតិ​ចិន​។ 


អ្នក​នាំ​ពាក្យដដែល​​បន្ត​ថា​ ការ​ស៊ើប​អង្កេត​ដំបូង​បាន​បង្ហាញ​ថា​ ការ​ផ្ទុះ​បាន​កើត​ឡើង​កំឡុង​ពេល​​ជួស​ជុល​លើ​ឡ​ដុត​ ​ក្រោយ​ពេល​ដែល​​វត្ថុ​រាវ​ងាយ​ឆេះ​បាន​ឆាប​ឆេះ​ ហើយ​បង្ក​​ការ​ផ្ទុះ​ជា​បន្ត​បន្ទាប់​គ្នា​ រួម​ទាំង​បំពង់​អុកហ្ស៊ីហ្សែន​ដែល​នៅ​ក្បែរ​នោះ​។ ភ្លើង​ដែល​ឆាប​ឆេះ​ ត្រូវ​បាន​ពន្លត់​ដោយ​ជោគ​ជ័យ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​។ ​​

នេះ​មិន​មែនជា​លើក​ទី​១​​​នោះ​ទេ​ ខណៈ​បញ្ហា​ភ្លើង​​ឆេះ​​យ៉ា​ង​​សន្ធោ​សន្ធៅ​​នៅ​តាម​រោង​ចក្រ​ ​តែង​កើត​ឡើង​ជា​រឿយៗ​​ក្នុង​​ប្រទេស​​ឥណ្ឌូណេស៊ី​ ដោយ​សារ​តែ​បទ​ប្បញ្ញត្តិ​​សុវត្ថិភាព​ធូរ​រលុង​។ ​​


​​​កាល​ពី​ខែ​មិថុនា​ អគ្គិភ័យ​នៅ​រោងចក្រ​ចិន​មួយ​​​​ក្នុងសួន​ឧស្សាហកម្មដដែល​ ​​បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ​និង​ ៦​ នាក់​ផ្សេង​ទៀត​រង​របួស​ ​ក្នុង​​ហេតុការណ៍​ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​នៅ​រោងចក្រផ្សេង​ៗ​​ ដែល​ផ្តល់​មូលនិធិ​ និង​ដំណើរការ​ដោយ​ក្រុម​ហ៊ុន​ចិន​ ដែល​មាន​ការ​វិនិយោគ​ច្រើន​ក្នុង​តំបន់​។  

ក្រុ​មហ៊ុនចិន​​ Tsingshan Holding Group ​ដែល​ជា​ក្រុម​ហ៊ុន​​ផលិត​នីកែល​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​ និង​ជា​ក្រុមហ៊ុន​ផលិត​ដែក​អ៊ីណុក​ដ៏​ធំ​បំផុត​របស់​​ចិន​ បាន​កាន់​កាប់​ភាគ​ហ៊ុន​ភាគ​ច្រើន​នៅ​ក្រុមហ៊ុន​​ITSS ។ ក្រុមហ៊ុន​ ITSS ​​មាន​រោង​ចក្រ​នៅ​​​សួន​ឧស្សាហកម្ម​Morowaliដែល​ភាគ​ច្រើន​គ្រប់​គ្រង​ដោយ​Tsingshan​រួម​ជាមួយក្រុមហ៊ុន​​ដៃគូរ៉ុករក​រ៉ែ​ឥណ្ឌូណេស៊ី​ ​​BintangDelapan៕