ទីភ្នាក់ងារ​សារព័ត៌មាន​ AP បាន​រាយការណ៍​ថា​ ជន​ស៊ីវិល​ប៉ាឡេស្ទីន​ជាង​ ៩០ នាក់​ រួម​ទាំង​មនុស្ស​រាប់​សិ​ប​នាក់​ដែល​រស់​នៅ​ក្រោម​តំបូល​ផ្ទះ​នៃ​​ពូជ​​ពង្ស​​វង្ស​​​ត្រកូល​តែ​​មួយ​ ត្រូវ​បាន​សម្លាប់​ក្រោម​ការ​វាយ​ប្រហារ​រប​ស់​អ៊ីស្រាអែល​ ទៅ​លើ​ផ្ទះ​ចំនួន​​២ ​ខ្នង​​ក្នុង​តំបន់​ហ្គាហ្សា​។


នេះ​បើ​តាមការ​ឱ្យ​ដឹង​របស់​​ក្រុម​អ្នក​ជួយ​សង្គ្រោះ ​និង​មន្ត្រី​មន្ទីរពេទ្យ​ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃ​សៅរ៍​​ ពោល​គឺ​១​ថ្ងៃ​ បន្ទាប់​ពី​​​ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​ព្រមានជា​ថ្មី​​ថា​ គ្មាន​កន្លែង​ណា​មាន​សុវត្ថិភាព​នៅ​ក្នុង​តំបន់​ហ្គាហ្សា​នោះ​ទេ​ ​ហើយ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ ​បាន​បង្កើត​​ឧបសគ្គ​ដ៏​ធំ​​ដល់​ការ​ចែក​ចាយ​ជំនួយ​មនុស្ស​ធម៌​។​

​លោក​ Mahmoud Bassal​ អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ការពារ​ជន​ស៊ីវិល​​នៅ​ហ្គាហ្សា​ បាន​​និយាយ​ថា​ ការ​វា​យ​ប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​សុក្រ​ ​បាន​​កម្ទេច​ផ្ទះ​ចំនួន​២​ខ្នង​ឱ្យ​រាប​ស្មើ​​។ មនុស្ស​ចំនួន​៧៦នាក់ដែ​ល​​រស់​​ក្នុង​​ផ្ទះ​មួយ​​ខ្នង​នៅ​​ទីក្រុង​ហ្គាហ្សា​ ដែល​ជា​​ផ្ទះ​នៃ​​​គ្រួសារ​វង្សត្រកូល​ al-Mughrabi​ត្រូវ​បាន​សម្លាប់​ ​​ដែ​ល​ធ្វើ​ឱ្យ​ការ​វាយ​ប្រហារ​លើ​ផ្ទះ​​នេះ​ ​ក្លាយ​ជា​ការ​វាយ​ប្រហារ​ដ៏​សាហាវ​​បំផុត​នៃ​សង្រ្គាម​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា​។ 


ចំណែក​ឯ​ការ​វាយ​ប្រហារ​មួយ​ទៀត​ បាន​កើត​ឡើង​នៅជុំ​រំ​ភៀស​ខ្លួន​Nuseirat ​​និង​នៅ​​លើ​ផ្ទះ​របស់​លោក​ Mohammed Khalifa​ដែល​ជា​​យក​ព័ត៌មាន​ឱ្យ​​ទូរទស្សន៍​ក្នុង​ស្រុក​ ដោយ​បាន​សម្លាប់​មនុស្ស​ ១៥​ នាក់​ រួម​ទាំង​លោក​ Mohammed Khalifa ផង​ដែរ​។ នេះ​បើ​តាម​មន្រ្តី​​មន្ទីរពេទ្យ​ Al Aqsa Martyrs' Hospital ដែល​ទទួល​សាក​សព​ជន​រង​គ្រោះ​។


តួលេខ​នៃ​ជន​រង​គ្រោះទាំង​ ៩០ នាក់​នេះ​ គិត​ត្រឹម​តែ​២​ផ្ទះ​​ក្នុង​តំបន់​ហ្គាហ្សា​ប៉ុណ្ណោះ​។ ​ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​​ បាន​និយាយ​​កាល​ពី​​ល្ងាច​​ថ្ងៃ​សៅរ៍​ថា​ ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ក្នុង​រយៈ​ពេល​ ២៤ ចុ​ង​ក្រោយ​ បាន​សម្លាប់​មនុស្ស​ប្រមាណ​ ២០១ នាក់​។


អ៊ីស្រាអែល​បាន​ប្រកាស​សង្រ្គាម​កម្ទេច​ក្រុម​ហាម៉ាស់​  ​បន្ទា​ប់​ពី​ខ្មាន់​កាំភ្លើង​នៃ​ក្រុម​សកម្ម​ប្រយុទ្ធមួយ​នេះ​ បាន​​ឆ្លង​ព្រំដែន​បើក​ការ​វាយ​ប្រហារ​លើ​​អ៊ីស្រាអែល​នៅថ្ងៃ​ទី​៧ ខែ​តុលា​ ដោយ​សម្លាប់​ម​នុស្ស​ប្រហែល​ ១២០០ នាក់​ និង​ចាប់​មនុស្ស​ ២៤០ នាក់​​ជា​ចំណាប់​ខ្មាំង​ ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​​​។ ​

ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​ ដែល​ក្រុម​អ្នក​គាំទ្រ​​ប៉ាឡេស្ទីន​ហៅ​ថា​ជា​ «ការ​ប្រល័យ​ពូជសាសន៍​» មក​ទល់​ពេល​នេះ​ បាន​សម្លាប់​មនុស្ស​ ២០ ០០០ នាក់​ និង​ធ្វើ​ឱ្យ​របួស​ ៥៣ ០០០ នាក់​ ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​ រួម​មាន​ស្រ្តី​ និង​កុមារ​។ ​នេះ​បើ​តាម​មន្រ្តី​សុខាភិបាល​ហ្គាហ្សា​។ 

​កន្លង​មក​ អ៊ីស្រាអែល​​បាន​​​បន្ទោស​​ក្រុម​​ហាម៉ាស់​ ​ចំពោះ​​​​ចំនួន​​​​ជន​​ស៊ីវិល​ស្លាប់​​​​​ខ្ពស់​ ដោយ​​លើក​​ឡើង​ថា​ ក្រុ​ម​នេះ​យក​​តំបន់​រស់​នៅ​របស់​ប្រជាជនច្រើន​ ​ធ្វើ​ជា​ខែល​ការពារ​គ្រាប់​។ ​ចាប់​តាំង​ពី​ថ្ងៃ​ ៧ តុលា​ មក​ អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​រាប់​ពាន់​ដង​មក​ហើយ​ ហើយ​​ភាគ​ច្រើន​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​ការ​វាយ​ប្រហារ​ជាក់​លាក់​ណា​មួយ​ឡើយ​។​

​បើ​តាម​ការ​​វាយ​លុក​របស់​អ៊ីស្រាអែល ​​​គឺ​​​ជា​​យុទ្ធនាការ​យោធា​ដ៏​​បំផ្លិច​បំផ្លាញ​បំផុត​​១​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ស​ម័យ​ទំនើប​នេះ​ ដោយ​​​ធ្វើ​ឱ្យ​ប្រជាជន​ប៉ាឡេស្ទីនជិត​​ ៨៥ ភាគរយ​នៃចំនួន​ប្រជាជន​សរុប​ ២,៣ លាន​នាក់​ ផ្លាស់​ទី​ក្នុង​លំហ​​ដ៏​តូ​ច​នៃ​តំបន់​ហ្គាហ្សា​។ ​​​​

ប្រជាជន​ជាង​កន្លះ​លាន​នា​ក់​នៅ​ហ្គាហ្សា​ ដែល​ស្មើ​នឹង​ ១/៤ ​​នៃ​ចំនួន​ប្រជាជន​​កំពុង​តែ​អត់​ឃ្លាន​។​ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​ៗ​នេះ​ ពី​អង្គការ​សហប្រជាជាតិ​ និង​ទីភ្នាក់ងារ​ផ្សេង​ទៀត​​៕