ប៉ូលិសស្រីលង្កាបានប្រកាសនៅថ្ងៃទី ២៤ ខែធ្នូ សមត្ថកិច្ចបានចាប់ខ្លួនមនុស្សជិត ១៥០០០ នាក់ក្នុងអំឡុងពេល ១ សប្តាហ៍នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលគាំទ្រដោយយោធា ដែលជាការបង្ក្រាបដែលត្រូវបានថ្កោលទោសដោយសកម្មជនសិទ្ធិមនុស្ស។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ប៉ូលិសបាននិយាយថា ប្រតិបត្តិការរបស់ពួកគេមានឈ្មោះថា «Yuktiya» ឬ«យុត្តិធម៌ (Justice)» បានឈានដល់ការរឹបអូសថ្នាំញៀនជិត ៤៤០ គីឡូក្រាម រួមទាំងកញ្ឆា ២៧២ គីឡូក្រាម ហាស៊ីស ៣៥ គីឡូក្រាម និងហេរ៉ូអ៊ីន ៩ គីឡូក្រាម។
អាជ្ញាធរជឿថា ប្រទេសស្រីលង្កាក្នុងមហាសមុទ្រឥណ្ឌា ត្រូវបានគេប្រើប្រាស់ជាចំណុចឆ្លងកាត់នៃការជួញដូរគ្រឿងញៀន។
សេចក្តីថ្លែងការណ៍របស់ប៉ូលិសបាននិយាយថា ជនសង្ស័យចំនួន ១៣ ៦៦៦ នាក់ត្រូវបានចាប់ខ្លួន ខណៈដែលអ្នកញៀនជិត ១ ១០០ នាក់ត្រូវបានឃុំខ្លួន និងបញ្ជូនទៅធ្វើការស្តារនីតិសម្បទាជាកំហិតនៅមជ្ឈមណ្ឌលគ្រប់គ្រងដោយយោធា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញខ្សែវីដេអូរបស់ប៉ូលិស និងទាហានដែលប្រើឆ្កែហិតក្លិនដើម្បីឆែកឆេរផ្ទះក្នុងរដ្ឋធានី និងកន្លែងផ្សេងទៀត។
ប៉ូលិសបាននិយាយថា ការវាយឆ្មក់បង្ក្រាបនឹងផ្អាកសម្រាប់ថ្ងៃឈប់សម្រាកបុណ្យណូអែល ខណៈដែលមន្ត្រីត្រូវដាក់ពង្រាយលើភារកិច្ចទាក់ទងនឹងសន្តិសុខ ប៉ុន្តែនឹងបន្តឡើងវិញបន្ទាប់ពីថ្ងៃទី ២៦ ខែធ្នូ ដែលជាថ្ងៃ បុណ្យព្រះពុទ្ធសាសនា។
ការចាប់យកគ្រឿងញៀនធំបំផុតរបស់ស្រីលង្កា គឺនៅខែធ្នូ ឆ្នាំ ២០១៦ ដែលប៉ូលិសរឹបអូសបានកូកាអ៊ីន ៨០០ គីឡូក្រាម។ស្រីលង្កាជាប្រទេសដែលជួបវិបត្តិសេដ្ឋកិច្ច និងនាំទៅដល់វិបត្តិប្រេងឥន្ធនៈក្នុងឆ្នាំ ២០២២ និងបាតុកម្មទម្លាក់រដ្ឋាភិបាល៕